ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អ្នក​ស្ទូចត្រី​ប្រទះ​ឃើញ កាំភ្លើងខ្លី​១​ដើម​នៅ​ក្បែរ​ចេ​តី​យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​ដើម ដែល​មាន​គ្រាប់​ចំនួន​៧​គ្រាប់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​និង​មិន​ស្គាល់​សមាសភាព​

រាជធានី​ភ្នំពេញ ៖ កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​ដើម ដែល​មាន​គ្រាប់​ចំនួន​៧​គ្រាប់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​និង​មិន​ស្គាល់​សមាសភាព​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ចេ​តី​យ​មាត់​ស្រះ​ទឹក​មួយ​កន្លែង ហើយ​ត្រូវ​បាន​បុរស​អ្នក​ស្ទូចត្រី​ម្នាក់​ប្រទះ​ឃើញ ក៏​រើស​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្ដិ៍​ភ្លើង​ឆេះ​រទេះ ដើម្បី​រក្សា​ទុក និង​ស្រាវជ្រាវ​បន្ត​ឲ្យ​ដឹង​ថា ម្ចាស់​កាំភ្លើងខ្លី​នោះ​ជា​នរណា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី​ដែរ​ឬ​អត់​។ ជា​ពិសេស​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ កាលពី​វេលា​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា កន្លង​មក​ដែរ​ឬ​អត់ ព្រោះ​ពេល​នោះ​តាម​ការ​សន្និដ្ឋាន​លើ​សំបក​គ្រាប់ ដែល​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​អាច​ជា​កាំភ្លើង​ម៉ាក​កា​៥៩​ដែរ​។

បុរស​អ្នក​ស្ទូចត្រី​បាន​ប្រទះ​ឃើញ​កាំភ្លើងខ្លី​១​ដើម​នោះ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ចេ​តី​យ​ក្បែរ​ស្រះ​ទឹក​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រហូត​ដល់​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​បុរស​នោះ​ទៅ​រាយការណ៍​និង​នាំ​យក​កាំភ្លើង​នោះ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍ ភ្លើង​ឆេះ​រទេះ​រក្សា​ទុក​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាំភ្លើងខ្លី​១​ដើម​នោះ​ម៉ាក​កា​៥៩ លេខ BA-5705 មាន​គ្រាប់​ចំនួន​៧​គ្រាប់​នៅ​ក្នុង​នោះ ហើយ​ទំនង​កាំភ្លើង​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​រាល់ថ្ងៃ មិនមែន​កាំភ្លើង​ទុក​ចោល​យូរ​មក​ហើយ​នោះ​ឡើយ ទើបត្រូវ​ជន​មិន​ស្គាល់ មុខ​យក​ទៅ​ប្លុង​ចោល​ថ្មី​ៗ​តែ​ប៉ុណ្ណោះ ព្រោះ​វា​នៅ​ស្អាត​គ្មាន​ច្រេះ​គ្មាន​ស្នឹម​ដូច​ជា​ការ​ទុក​ចោល​យូរថ្ងៃ​នោះ​ឡើយ​។

ចំណែក​បុរស​ដែល​ជា​អ្នក​ស្ទូចត្រី​ប្រទះ​ឃើញ​កាំភ្លើង​នេះ ឈ្មោះ លាវ វិបុល អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ នៅ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​បាន​ជិះ​កង់​ចេញពីផ្ទះ​ទៅ​ស្ទូចត្រី​នៅ​ចំណុច​កើតហេតុ ពេល​ទៅ​ដល់​បាន​យក​កង់​ទៅ​ទុក​នៅ​ក្បែ​ចេ​តី​យ ស្រាប់តែ​ប្រទះ​ឃើញ​កាំភ្លើង​១​ដើម​នោះ​នៅ​ជិត​ចេ​តី​យ​គាត់​ក៏​រើស​វា ហើយ​បាន​យក​ទៅ​ទុក​នៅផ្ទះ រហូត​ដល់​វេលា​ល្ងាច​ទើប​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​។ ទាក់ទិន​នឹង​ហេតុការណ៍​នោះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ភ្លើង​ឆេះ​រទេះ បាន​ទទួលយក​កាំភ្លើង​នោះ​ទៅ​រក្សា​ទុក និង​បាន​ធ្វើការ​សាកសួរ​ព័ត៌មាន​ពី​បុរស​ខាងលើ ធ្វើ​របាយការណ៍​រួចរាល់​ហើយ និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ ដើម្បី​ស្វែងរក​ម្ចាស់​កាំភ្លើង​ពិតប្រាកដ និង​មូលហេតុ​ដែល​បាន​យក​កាំភ្លើង​ទៅ​ប្លុង​ចោល​បែប​នេះ​។

ទោះបីជា​បែប​ណា​នគរបាល​មិន​ទាន់​ដឹង​ថា តើ​កាំភ្លើង​ដែល​ជន​មិន ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​នេះ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វីខ្លះ ហើយ​មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ឬ​អត់​នៅឡើយ​នោះ​ទេ​៕