ខេត្តបាត់ដំបង ៖ ជារៀងរាល់ឆ្នាំ មុនពេលថ្ងៃប្រលងបាក់ឌុប២ ឬ៣ថ្ងៃ គេសង្កេតឃើញក្រុមយុវសិស្សស្រីប្រុសរាប់រយនាក់ដែលត្រៀមប្រលងបាក់ឌុបបាននាំគ្នាលត់ជង្គង់អុជធូបយ៉ាងពពាក់ពពូននៅចំពោះមុខរូបសំណាកលោកតាដំបងគ្រញូង ដែលខ្លះមានទាំងដង្វាយបាច់ផ្កា ឬផ្លែឈើរផង ដើម្បីបន់ស្រន់សុំឲ្យបារមីលោកតាជួយឲ្យពួកគេបានប្រលងជាប់ ខណ:ក្រសួងអប់រំនៅតែបន្តរឹតបន្ដឹងនៃដំណើរការប្រលងនៅតាមមណ្ឌលទូទាំងប្រទេស។
សម្រាប់សម័យប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ។ គេសង្កេតឃើញសកម្មភាពបេក្ខជនប្រលងមកពីតាមបណ្ដាស្រុកនានា នៅក្នុងខេត្ត បាននាំគ្នាចូលលត់ជង្គង់អុចធួបបន់ស្រន់សុំឲ្យជំនួយពីលោកតា ចាប់តាំងពីរសៀលថ្ងៃទី១៩ រហូតដល់ព្រលប់ថ្ងៃទី២០ សីហា ទៅតាមជំនឿរៀងៗខ្លួន។ បើតាមការសួរនាំក្រុមយុវសិស្សដែលទៅបន់ស្រន់សុំឲ្យបារមីជួយនេះ គឺពួកគេគ្រាន់តែចង់បង្ហាញអំពីអបីយជំនឿដែលពលរដ្ឋខ្មែរតែងគោរពដើម្បីសុំសេចក្ដីសុខ ទទួលជោគជ័យក្នុងកិច្ចការងារ ឬបានផលចំណេញក្នុងមុខរបរកស៊ី ហើយពួកគេក៏បានបង្ហាញទស្សន:ផ្ទុយគ្នាដែរក្នុងការបន់ស្រន់នេះ។
បើតាមលោក ងី សែត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០នេះថា សម្រាប់សម័យប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មណ្ឌលប្រលងបានកើនជាងឆ្នាំមុន២មណ្ឌល គឺដោយសារមានការកើនឡើងនៃបេក្ខជនប្រលងដែរ។ ឆ្នាំនេះបេក្ខជនប្រលងសរុបចំនួន៦.៣១២នាក់ ក្នុងនេះស្រី៣.៣៨២នាក់ មានមណ្ឌលប្រលងចំនួន១០ មានបន្ទប់ប្រលងចំនួន២៦៥។ ជាមួយនឹងដំណើរការនៃសម័យប្រលងនេះ គឺដំណើរទៅយ៉ាងតឹងរឹងបំផុតដែលមានការត្រួតពិនិត្យ និងឆែកឆេរពីក្រុមអគានុរក្ស និងតាមឃ្លាំមើលពីក្រុមអ្នកសង្កេតការ ព្រមទាំងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
ចែករំលែកព័តមាននេះ