ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកចម្ងល់ទស្សនិកជនកាល​​យប់​មិញ… រឿងលោកខេមរៈ សិរីមន្ត

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទីបំផុត​ពាក្យ​ចចាមអារ៉ាម ដែល​បាន​បោកបក់​​កាលពី​​ពេល​កន្លង​​មក​

រាជធានីភ្នំពេញ ៖ ទីបំផុត​ពាក្យ​ចចាមអារ៉ាម ដែល​បាន​បោកបក់​​កាលពី​​ពេល​កន្លង​​មក និងធ្លាប់​និយាយ​ត​ៗ​គ្នា​​ថា តារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀម​​ចេញ​ពី​ផលិតកម្ម​សាន់​ដេ ដើម្បី​ទៅ​បើក​​ផលិតកម្ម​ខ្លួនឯង​នោះ ត្រូវ​បាន​រលាយ​សាបសូន្យ ដូច​អំបិល​ត្រូវ​ទឹក នៅ​ពេល​ដែល​ផលិតរ​ស្មី​ហង្ស​មាស​បាន​បង្ហោះ​ក្នុង Page Facebook ផ្លូវការ​របស់​ខ្លួន​​ថា «ស្វាគមន៍​សមាជិក​ថ្មី គឺ​តារាចម្រៀង ខេមរៈ សិរីមន្ត» ដែល​ធ្វើ​ឱ្យ​​ទស្សនិកជន និងអ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​​យ៉ាង​​ខ្លាំងបំផុត ​។

តារា​ចម្រៀង​បែប​យុវវ័យ ខេមរៈ សិរីមន្ត មិន​ត្រឹមតែ​​ចេញពី​ផលិតកម្ម​សាន់​ដេ​​តែ​ម្នាក់​នោះ​ឯង​ទេ ពោល​គឺ​លោក​ខេមរៈ ភា​រុណ ជា​បងប្រុស ក៏​ចេញ​ទៅ​ជាមួយ​លោក​ដែរ ដែល​អាច​និយាយ​បាន​ថា ចេញ​ទាំង​គ្រួសារ​តែ​ម្ដង ​។ Page Facebook ផ្លូវការ​របស់​ផលិត​កម្ម រស្មី​ហង្ស​មាស បាន​បង្ហោះ​​​ថា «​សូម​ស្វាគមន៍​​សមាជិក​ថ្មី​មក​កាន់​គ្រួសារ​ហង្ស​មាស គឺ​លោក​ខេមរៈ សិរីមន្ត​» ​។ ក្នុង​នោះ​ផលិត​កម្ម​រស្មី​ហង្ស​មាស ក៏​បាន​បង្ហាញ​បទ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ស្ទឹង​ត្រែង​បង​អើយ​» ដែល​ជា​ការ​បកស្រាយ ដោយ​ខេមរៈ សិរីមន្ត និង​និពន្ធ​ទំនុកច្រៀង ដោយ​លោក​ខេមរៈ ភា​រុណ ជា​បងប្រុស​ ។

កន្លង​មក ​មាន​ដំណឹង​ថា​ តារាចម្រៀង ខេមរៈ សិរីមន្ត បាន​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ ទៅ​បើក​ផលិតកម្មខ្លួនឯង​ ប៉ុន្តែ​ស្ទើរតែ​គ្មាន​នរណា​​ជឿ​ថា ​សិរីមន្ត​ចេញពី​សាន់​ដេ​នោះ​ទេ ​ព្រោះ​លោក​បាន​ល្បីឈ្មោះ​និង​ឈរជើង​នៅ​ផលិតកម្ម​សាន់​ដេ ចាក់​គ្រឹះ​រឹង​មាំ​យូរ​ឆ្នាំ​មក​​ហើយ​ ។ ​ប៉ុន្តែ​អ្វី​ដែល​មិន​នឹង​ស្មាន​ដល់​ទៀត​នោះ ​ស្ងាត់​ៗ​សិរីមន្តបែរជា​ចេញពី​សាន់​ដេ មក​ចូល​រស្មី​ហង្ស​មាស​ទៅ​វិញ ។គម្រោង​ខេមរៈ សិរីមន្ត ពិតជា​ចង់​បើក​ផលិតកម្ម​ខ្លួនឯង​មែន ​ក្រោយ​ពេល​ចេញពី​សាន់​ដេ ដោយសារ​បញ្ហា​ទំនាស់​ផ្ទៃក្នុង​ ។​ប៉ុន្តែ​ដោយសារ​មានការ​លំបាក​ក្នុង​ការ​រៀបចំ​ដំឡើង​ស្ទូឌីយូ​និង​រចនាសម្ព័ន្ធ​ផង ហើយ​ខណៈ​ដែល​ផលិតកម្ម​រស្មី​ហង្ស​មាស តាម​ប្រមាញ់​ចង់បាន​រូប​លោក​ផង​នោះ​លោក​ក៏​សម្រេច​ចូល​រស្មី​ហង្ស​មាស​តែ​ម្ដង​។

លោក​ខេមរៈ ភា​រុណ បងប្រុស​បង្កើត​លោក​ខេមរៈ សិរីមន្ត បាន​ទទួលស្គាល់​ថា រូប​លោក​និង​ប្អូនប្រុស «សិរីមន្ត​» ​ពិតជា​បាន​ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស​មែន​ ។​ ប៉ុន្តែ​យ៉ាងណា​ លោក​សុំ​មិន​បញ្ជាក់​ពី​មូលហេតុ​ចាក​ចេញពី​សាន់​ដេ ចូល​ហង្ស​មាស​នោះ​ទេ​ហើយ​ក៏​មិន​ទាន់​បង្ហើប​ពី​កុងត្រា​ជាមួយ​ហង្ស​មាស​នៅឡើយ​ដែរ​។