រាជធានីភ្នំពេញ៖ ប្រធានសារមន្ទីរទួលស្លែងលោក ឆាយ វិសុទ្ធ បានថ្លែងប្រាប់អ្នកសារ ព័ត៌មានថា ក្នុងមួយឆ្នាំៗ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលមកទស្សនាសារមន្ទីរទួលស្លែង មានប្រមាណ៤០ម៉ឺននាក់ក្នុងនោះភ្ញៀវជាតិមានប្រមាណ១០% ទៅ១៥%តែប៉ុណ្ណោះ ។
លោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ននេះភ្ញៀវអន្តរជាតិភាគច្រើនដែលចូលទស្សនា សារមន្ទីរទួលស្លែងគឺមកពីក្រុមជនជាតិស្បែកសនិយាយរួមមកពីបណ្តាប្រទេសអ៊ឺរ៉ុប ។ ដោយ ឡែកភ្ញៀវក្នុងស្រុកឬភ្ញៀវនៅតំបន់អាស៊ីមិនសូវមាននោះទេ ។ លោកថា ក្នុងចំណោមភ្ញៀវ ទេសចរណ៍ ប្រមាណ៤០ម៉ឺននាក់នោះគឺភ្ញៀវក្នុងស្រុកក៏ដូចភ្ញៀវមកពីតំបន់អាស៊ីមានតិចតួច ប៉ុណ្ណោះ ។
លោកប្រធានសារមន្ទីរបានថ្លែងឲ្យដឹងថា ភ្ញៀវចូលទស្សនាតំបន់សារមន្ទីរទួលស្លែងនេះ មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំគិតក្នុងរយះពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនោះយើងក៏បានធ្វើការកែសម្រួលតម្លៃសំបុត្រចូលទស្សនា សារមន្ទីរមួយនេះសម្រាប់ជនបរទេសផងដែរគឺពី៣ដុល្លារទៅ៥ដុល្លារ ខណដែលពេលមុន នេះយើងគិតតម្លៃក្នុងកញ្ចប់របស់ក្រុមហ៊ុនទេសចរណ៍។លោកថា ការសម្រួលតម្លៃនោះអាចជា ការទាក់ទាញភ្ញៀវទេស ចរណ៍ផងដែរ ។
យោងតាមរបាយការរបស់ក្រសួងទេសចរណ៍ កម្ពុជាភ្ញៀវមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% នាំចំណូលចូលជាតិប្រមាណ ៣៤០០ លានដុល្លារ ស្មើនឹង ១៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប។ ក្នុងរយះពេលប្រាំមួយខែដើមឆ្នាំ២០១៧ នេះកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.៦៦លាននាក់ កើនឡើងប្រមាណ ១២,៨% ធៀបនឹងឆ្នាំ២០១៦៕
ចែករំលែកព័តមាននេះ