ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ទីទ័ល​ក្រ​ទទួល​បាន​ផ្ទះ​សប្បុរសធម៌​ទី​៣០​របស់​កាកបាទក្រហម

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នេះ​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នេះ​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​សហការី បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​៣០ ដែល​ផ្ដួចផ្ដើម​ដោយ​លោក ឃឹម ប៊ុ​ន​សុង ប្រធាន​គណៈកម្មាធិការ​សាខា ផ្ទះ​នេះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជូន​គ្រួសារ​ប្អូនស្រី រឿ​ន អុ​ន អាយុ​៣៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ​ខ្លាំង មាន​ជម្ងឺ​ប្រចាំ​កាយ និង​មានកូន​ក្នុង​បន្ទុក​៥​នាក់ បច្ចុប្បន្ន​ដើរ​ស៊ី​ឈ្លួ​ល​គេ​ដើម្បី​ទ្រទ្រង់​ជីវ​គ្រួសារ រស់នៅ​ភូមិ​ត្រាច ឃុំ​បា​ល្ល័​ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ហើយ​ក៏​ជា​ផ្ទះ​ទី​៤ នៅ​ក្នុងស្រុក​ប្រាសាទបាគង​នេះ​ផង​ដែរ ។

បន្ទាប់​ពី​សេចក្តីរាយការណ៍​របស់​លោក ពៅ ពិសិដ្ឋ ប្រធាន​ក្រុម​ករ​ងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ឃុំ​បា​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង និង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​រួច​មក មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោក​ជំទាវ គួ​យ ណា​លី​ន​ឃឹម ប៊ុ​ន​សុង បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។ លោក​ជំទាវ​ក៏​បាន​ផ្តាំផ្ញើ​ដល់​សមាជិកគ្រួសារ​ប្អូនស្រី​ត្រូវ​ចេះ​សម្អាត​ថែរក្សា​ផ្ទះ​ថ្មី​នេះ ដើម្បី​បានជា​ជម្រក​ដ៏​កក់ក្តៅ​ទៅ​អនាគត ។ លោក​ជំទាវ​ក៏​បាន​បន្ត​ថា សូមកុំ​អស់សង្ឃឹម​ចំពោះ​វាសនា​របស់​ខ្លួន​ទោះបី​គ្រួសារ​ប្អូន​ទាំង​ពីរ​មាន​ភាព​ក្រីក្រ​ក៏​ពិតមែន ក៏​សង្គម​ជាតិ​មិន​បោះបង់​ចោល​ក្រុម​គ្រួសារ​ប្អូនស្រី និង​ក្មួយ​ៗ​ឡើយ យើង​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកគ្រប់គ្រង​នៅ​ជិត​ខ្លួន ។ 

អំណោយ​មនុស្សធម៌​រួម​មាន មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ អង្ករ​៥០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកបរិសុទ្ធ​៥​យួរ សម្ភារ​ផ្ទះបាយ​មួយ​ចំនួន និង​ថវិកា​២០​ម៉ឺន​រៀល ។ សម្រាប់​លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម​ម្នាក់​ៗ​ទទួល​បាន​ថវិកា​មួយ​ចំ​នួ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ជំទាវ ម៉​ម វាសនា សមាជិកា​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ក៏​បាន​ឧបត្ថម្ភ​នូវ​សម្លៀក​បំពាក់​មួយ​ចំនួន​ដល់​កូន​ៗ​របស់​ប្អូនស្រី  និង​លោកស្រី អាណា ប្រធាន​ក្រុម​រ៉ូ​តា​រី អង្គរ ក៏​បាន​ឧ​ត្ថ​ម្ភ​នូវ​កង់​១​គ្រឿង និង​សម្លៀក​បំពាក់​មួយ​ចំនួន​ផង​ដែរ ៕