ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​មុខទំនិញ​ខូចគុណភាព​៦​មុខ លក់​នៅ​តាម​ផ្សារ​ជនបទ

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ មុខទំនិញ​ខូចគុណភាព និង​ផុតកំណត់​ការ​ប្រើប្រាស់​ចំនួន​៦​ប្រភេទ ត្រូវ​បាន​ក្រុម​ជំនាញ ចុះ​ស្រាវជ្រាវ​រក​ឃើញ

ខេត្តក្រចេះ ៖ មុខទំនិញ​ខូចគុណភាព និង​ផុតកំណត់​ការ​ប្រើប្រាស់​ចំនួន​៦​ប្រភេទ ត្រូវ​បាន​ក្រុម​ជំនាញ ចុះ​ស្រាវជ្រាវ​រក​ឃើញ និង​ធ្វើការ​ដកហូត​ពី​ក្រុម​អាជីវករ​ដែល​បាន​យក​មក​ដាក់​លក់​តាម​ផ្សារ​នៅ​ទី​ជនបទ​ស្រុក​សំបូរ​។ ក្រុម​មន្ត្រី​សាខា​កាំកុងត្រូល​បាន​លើក​ឡើង​ថា មុខទំនិញ​ខូចគុណភាព និង​ផុតកំណត់​ការ​ប្រើប្រាស់​នេះ​គឺ​មិន​អនុញ្ញាត​ឲ្យ​ដាក់​លក់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​អ្នកទិញ​យក​ទៅ​ទទួលទាន​។ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​លោក យាង បាក់ ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ ពិនិត្យ​លើ​មុខទំនិញ ដែល​កំពុង​តែ​ដាក់​លក់​នៅ​តាម​បណ្តា​ស្តង់ និង​ទីផ្សារ​នៅ​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា ទំនិញ​ខូចគុណភាព និង​ផុតកំណត់​ប្រើប្រាស់​ដែល​ត្រូវ​បាន​រុករក​ឃើញ និង​ត្រូវ​រឹបអូស​យក​នេះ​មាន​ទឹកក្រូច ទឹកស៊ីអ៊ីវ  ទឹក​សណ្តែក ទឹកត្រី ទឹកខ្មេះ និង​ម្សៅ​ស៊ុប ជាដើម​។

លោក​ប្រ​ធា​សាខា​កាំកុងត្រូល​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ក្នុង​សកម្មភាព​ការ​ចុះ​ទៅ​ត្រួតពិនិត្យ​តាម​បណ្តារ​ស្តង់ និង​តូប​លក់ទំនិញ​នៅ​ក្នុង​ផ្សារ​ស្រុក​សំបូរ ពី​ក្រុមការងារ​ជំនាញ ដែល​បាន​ធ្វើ​ឡើង​យ៉ាង​ល្អិតល្អន់ ពេញ​មួយ​ថ្ងៃ​ទី​១៧ ខែសីហា ក្នុង​នោះ​មានមុខ​ទំនិញ​ទាំង​៦​មុខ​ចំនួន​ជិត​១០​គីឡូក្រាម ត្រូវ​បាន​រឹបអូស​នាំ​យក​ទៅ​កម្ទេច​ចោល​។ លោក​ថា នេះ​ជា​សកម្មភាព​លើក​ទី​៣ ហើយ​របស់​ក្រុម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត ដែល​ចុះ​ទៅ​ពិនិត្យ និង​ពង្រឹង​លើ​គុណភាព​មុខទំនិញ​នៅ​ស្រុក​សំបូរ​។ ដោយ​ក្នុង​នោះ មន្ត្រី​ជំនាញ​ក៏​បាន បង្ហាត់បង្ហាញ​ឲ្យ​ម្ចាស់​ស្តង់​លក់ទំនិញ ត្រូវ​ចេះ​ពិនិត្យ​គុណភាព និង​មើល​ការ​បរិច្ឆេទ​មុខទំនិញ​ឥ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ទិញ​មក​លក់​បន្ត​។

ពលរដ្ឋ​នៅ​ស្រុក​សំបូរ ដែល​ជា​តំបន់​ដាច់​ស្រយាល បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​នាំ​ទំនិញ​ខូច​គុណ ថា​ពួក​គាត់​អាច​ប្រឈម​មុខ​នឹង​ប៉ះពាល់​សុខភាព​ដោយសារ​តែ​ការ ទិញ​ទំនិញ​ខូចគុណភាព​មក​ទទួលទាន និង​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជំនាញ​បង្កើន​ការ​ការ​ចុះ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​។ ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​នៅ​ស្រុក​សំបូរ​បែប​នេះ ក៏​ដោយសារ​តែ​ពួក​គាត់​នៅ​តែ​មានការ​ខ្លាចរអា​លើ​ការ​ពុល ព្រោះ​កន្លង​មក​នៅ​ស្រុក​នេះ​ក៏​ធ្លាប់​ផ្ទុះ​បាតុភាព​ពុល​ចំណី​អារ​ហារ​ម្តង​រួច​ទៅ​ហើយ​។ ដោយ​កាលនោះ​មាន​ពលរដ្ឋ​២​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​ត្រូវ​រង​គ្រោះ​ពិការ​អ​វៈ​យុវៈ​ដូច​ជា​ភ្នែក និង​រាង​កាយ ដោយសារ​តែ​ទទួល​រង​ការ​ពុល​ស្រាស​៕