ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទូទាត់​តាម​ស្មា​ត​ហ្វូ​ន និង​អេ​ឡិច​ត្រូ​និក​ជួយ​ដល់​អ្នក​ប្រើប្រាស់ និង​សេដ្ឋកិច្ចជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មនុស្ស​តែងតែ​រិះរក​នូវ​វិធីសាស្ត្រ​ផ្សេង​ៗ ធ្វើ​យ៉ាងណា សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ បច្ចុប្បន្ន

រាជធានី​ភ្នំពេញ ៖ ខណៈ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មនុស្ស​តែងតែ​រិះរក​នូវ​វិធីសាស្ត្រ​ផ្សេង​ៗ ធ្វើ​យ៉ាងណា សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ បច្ចុប្បន្ន ការ​ចំណាយ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ទំនើប ឬ​ហៅ​ថា​ស្មា​ត​ហ្វូ​ន ក៏​ជា​វិធីសាស្ត្រ​ពេញ​និយម​មួយ​ដែរ និង​បាន​ជំរុញ​ឱ្យ​បណ្ដា​ធនាគារ​នានា​នៅ​កម្ពុជា ក៏​ដូច​ជា​ធនាគារ​បរទេស បង្កើត​ប្រព័ន្ធ​ការ​ចំណាយ​តាម​ទូរស័ព្ទ​ដៃ ដូច​ជា ការ​បង់ថ្លៃ​ទឹក​ភ្លើង ទិញ​កាត​ទូរស័ព្ទ ថ្លៃ​អីុ​ន​ធើ​រ​ណេ​ត និង​ការ​ចំណាយ​ផ្សេង​ៗ​ទៀត ។

តាម​ការ​បញ្ជាក់​របស់​ប្រតិបត្តិ​ករ​ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា បានឱ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា ការ​ទូទាត់​តាម​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន វា​ជួយ​សម្រួល​ការងារ​ច្រើន​ដល់​អ្នក​ប្រើប្រាស់ ។ ជាក់ស្ដែង ពួក​គេ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​បញ្ជរ​បង់ប្រាក់ ដែល​ចំណាយ​ពេលវេលា​យូរ និង​ថ្លៃ​ធ្វើ​ដំណើរ​ឡើយ ។

លោក​បណ្ឌិត អិុន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា បច្ចុប្បន្ន ធនាគារ​មួយ​ចំនួន​បាន​ខិតខំ​ពង្រឹង​សេវាកម្ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Financial Technology) ដូច​ជា ការ​ប្រើប្រាស់ Mobile Apps ជាដើម ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ចំពោះ​អតិថិជន ។

លោក​និយាយ​ថា ៖« កាលពីមុន ធនាគារ​អេ​ស៊ី​លី​ដា​បាន​បង្កើត​សេវាកម្ម​មួយ​ឈ្មោះ​ថា អេ​ស៊ី​លី​ដា យូ​នី​ធី ហើយ​សេវាកម្ម​នោះ​អាច​ឱ្យ​អតិថិជន​ទូទាត់​ការ​ចំណាយ​នានា​តាម​ប្រព័ន្ធ​នេះ​បាន ដូច​ជា បង់ថ្លៃ​ទឹក ភ្លើង អីុ​ន​ធើ​រ​ណេ​ត និង​ទូរទស្សន៍​ខ្សែកាប​ជាដើម ដោយ​មិនបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​បញ្ជរ​បង់ប្រាក់​ឡើយ ប៉ុន្តែ​ដោយសារ​សេវាកម្ម​នោះ​ដំឡើង​ជា​ភាសា​អង់គ្លេស ហើយ​អតិថិជន​យើង​មួយ​ចំនួន​មិន​យល់​ច្បាស់​ក្នុង​ការ​ប្រើប្រាស់ ទើប​បច្ចុប្បន្ន​នេះ យើង​បាន​ដំឡើង​កម្មវិធី​មួយទៀត គឺ​អេ​ស៊ី​លី​ដា​ទាន់ចិត្ត ជា​ភាសា​ខ្មែរ ។ ដូចនេះ អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ទៅ​ទៀត » ។

លោក​បន្ត​ថា ការ​ទូទាត់ និង​ការ​ចាយវាយ​តាម​ប្រព័ន្ធ​នេះ​មាន​អត្ថប្រយោជន៍​ណាស់​ដល់អ្នក​ប្រើប្រាស់ សង្គម​ជាតិ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល ។ ចំពោះ​អ្នក​ប្រើប្រាស់ គឺ​សុវត្ថិភាព​នេះ​ជា​ចម្បង ព្រោះ​ការ​ចំណាយ​តាម​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន​ក៏​ដោយ តាម​អេ​ឡិច​ត្រូ​និក​ក៏​ដោយ សុទ្ធតែ​ធ្វើ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មិនមែន​យក​ប្រាក់សុទ្ធ​មក​ចាយ​ទេ ។ ដូចនេះ អ្នក​ប្រើប្រាស់​មិន​ភ័យ​ព្រួយ​ខ្លាច​បាត់បង់ ឬ​ចោរឆក់​ប្លន់​ឡើយ​។

រីឯ​សង្គម​ជាតិ​វិញ ដោយសារ​តែ​ការ​ចំណាយ​នេះ​អាច​ធ្វើ​បាន​នៅ​គ្រប់​ទីកន្លែង ឱ្យ​តែ​មាន​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត ។ អតិថិជន​អាច​ទូទាត់​សាច់ប្រាក់​បាន​នៅផ្ទះ និង​មិនបាច់​ធ្វើ​ដំណើរ​មក​កាន់​កន្លែង​ផ្ទាល់ ដូច​ជា ការ​បង់​ទឹក​ភ្លើង​ជាដើម ។ អីចឹង​ហើយ នឹង​មិន​ធ្វើ​ឱ្យ​សង្គម​យើង​កកស្ទះ​ចរាចរណ៍ និង​ការ​ចំណាយ​នានា​ទៅ​លើ​ថ្លៃ​ធ្វើ​ដំណើរ ។

ចំណែក​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត អិុន ចាន់​នី បាន​បកស្រាយ​ថា វា​អាច​រក្សា​សភាព​រូបិយប័ណ្ណ​ជាតិ​នៅ​តែ​ថ្មី ។ ដូចនេះ ធនាគារជាតិ​នឹង​មិន​ត្រូវ​បោះ​ពុម្ព​ប្រាក់​បន្ថែម​ទៀត​ទេ ។

លោក​បណ្ឌិត​បញ្ជាក់​ថា ការ​ទូទាត់​នានា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​អេ​ឡិច​ត្រូ​និក​នេះ​ដែរ ក៏​បាន​ជួយ​ដល់​ធនាគារ​ក្នុង​ការ​សន្សំ​សំចៃ​ទៅ​លើ​ការ​ចំណាយ​បើក​សាខា និង​រើស​បុគ្គលិក​​បន្ថែម​ទៀត​។ បើសិនជា​ប្រជាពលរដ្ឋ​កាន់តែ​មានចំណេះ​ដឹង​លើ​ការ​ប្រើប្រាស់ និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន នឹង​ធ្វើ​ឱ្យ​សង្គម​ជាតិ​កាន់តែ​មាន​សុវត្ថិភាព ។

ចំណែក​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​តាម​ទូរស័ព្ទ​ដៃ​ទំនើប (Mobile Apps) ក៏​បាន​បង្ហាញ​ពី​ភាព​ងាយស្រួល​របស់​ខ្លួន​ដែរ​ដូច​ជា ការ​ទិញ​កាត​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង​ការងារ​ប្រញាប់ ។ ម្យ៉ាងទៀត ការ​បង់ថ្លៃ​ទឹក​ភ្លើង​ជាដើម ក៏​មិន​ចាំ​មក​កាន់​ការិយាល័យ ឬ​ទៅ​បង់​ដល់​កន្លែង​ដែរ គ្រាន់តែ​ចូល​ទៅ​ក្នុង​កម្មវិធី​ប្រើប្រាស់​ដែល​ដំឡើង​នៅ​លើ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ ៕