ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វាយប្រហារ​អត្តឃា.ត​… ធ្វើ​ឱ្យ​​ស្លា.ប់​28​នាក់ និង​របួស​ជាច្រើន​នាក់​ទៀត​

6 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ក្នុងស្រុក​ថា នារី​អត្តឃា.ត​៣​នាក់ កាលពី​ថ្ងៃ​ទី​១៥ សីហា បាន​បំផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​ពួក​គេ​នៅ​ទីក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​​២៥​គីឡូម៉ែត្រ ពី​ទីក្រុង

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ យោង​តាម​ប្រភព​ព័ត៌មាន​ក្នុងស្រុក​ថា នារី​អត្តឃាត​៣​នាក់ កាលពី​ថ្ងៃ​ទី​១៥ សីហា បាន​បំផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​ពួក​គេ​នៅ​ទីក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​​២៥​គីឡូម៉ែត្រ ពី​ទីក្រុង MAIDUGURI រដ្ឋធានី​នៃ​រដ្ឋ​ប័​រ​ណូ ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៨​នាក់ និង​របួស​ជាង​៨០​នាក់ ។

លោក BABA KURA សមាជិក​កងជីវពល​ស៊ី​វិល ដែល​តស៊ូ​ប្រឆាំង​ក្រុម​ជី​ហា​ដ បូ​កូ​ហា​រ៉ា​ម រៀបរាប់​ថា នារី​អត្តឃាត​៣​នាក់ បាន​បំផ្ទុះ​គ្រឿងផ្ទុះ​នៅ​ចង្កេះ​ពួក​គេ​ក្បែរ​ច្រកចូល​ជំរំ​ជនភៀសខ្លួន​នៅ​ទីក្រុង MANDARARI បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៨​នាក់ និង​របួស​៨២​នាក់ ។ នារី​អត្តឃាត​ទី​មួយ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​នា​វេលា​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក​ក្នុង​ផ្សារ ដែល​ស្ថិត​នៅ​ត្រង់​ច្រកចូល​ជំរំ ។ ពេល​នោះ​មានការ​ជ្រួលច្របល់ ហើយ​ពួក​អ្នក​លក់ដូរ​នាំ​គ្នា​បិទ​ហាង នារី​អត្តឃាត​២​នាក់​ទៀត​បាន​បំផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​ពួក​គេ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន ។

លោក IBRAHIM LIMAN ប្រមុខ​មួយ​រូប​នៃ​កងជីវពល​ស៊ី​វិល​អះអាង​ពី​ការ​វាយប្រហារ​អត្តឃាត​ទាំង​៣​នេះ ដោយ​និយាយ​ថា អ្នក​របួស​ជាង​៨០​នាក់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រុង MAIDUGURI ជាទី​ក្រុង​ធំ​នា​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ។

ពួក​ជី​ហា​ដ​ក្រុម​បូ​កូ​ហា​រ៉ា​ម​ជា​ក្រុម​វាយប្រហារ និង​សម្លាប់​រង្គាល​ក្នុង​តំបន់​បឹង​ឆា​ដ បាន​ធ្វើ​ចលនា​បះបោរ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២០.០០០​នាក់ ហើយ​មនុស្ស​២,៦​លាន​នាក់ រត់​ភៀសខ្លួន​ចាប់តាំងពី​ពួក​ជ្រុលនិយម​នេះ​កាន់​អាវុធ​តស៊ូ​ពី​ឆ្នាំ​២០០៩​មក ៕