ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ប្រដាល់​និយាយ​ពី​ដង្ហើមរស់​របស់​ក្លិប

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​មានការ​ចង់​ដឹង​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើតក្លិប​ប្រដាល់​ថា តើ​គេ​អាច​ដំណើរការ​បាន​ដូច​ម្ដេច និង​ទទួល​ប្រាក់​ចំណូល​ពី​ប្រភព​ណាខ្លះ ?
តើ​ក្លិប​ប្រដាល់​មាន​តួនាទី​អ្វីខ្លះ​ក្រៅពី

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​មានការ​ចង់​ដឹង​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើតក្លិប​ប្រដាល់​ថា តើ​គេ​អាច​ដំណើរការ​បាន​ដូច​ម្ដេច និង​ទទួល​ប្រាក់​ចំណូល​ពី​ប្រភព​ណាខ្លះ ?
 តើ​ក្លិប​ប្រដាល់​មាន​តួនាទី​អ្វីខ្លះ​ក្រៅពី​ត្រូវ​បង្វឹក​កីឡាករ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ឡើង​សង្វៀន​ប្រកួត​បាន ? ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មាន​អ្នកជំនាញ​ច្រើន​រូប​បាន​អះអាង​ពី​តួនាទី​របស់​ក្លិប​ប្រដាល់​នីមួយ​ៗ​ដោយ​បង្ហាញ​ជា​សាធារណៈ​នូវ​អ្វី​ដែល​អាច​ផ្ដល់​ជា​បទ​ពិសោធន៍​ចំពោះ​កីឡាករ ឬ​គ្រូបង្វឹក​ដែល​ចង់​បើក​ក្លិប​ប្រដាល់ ។ 

យោង​តាម​ការ​រៀបរាប់ បណ្ដា​ក្លិប​ប្រដាល់​គឺ​ដើរតួ​មិន​ខុសពី​ក្លិប​សិល្បៈ​នោះ​ទេ ដោយ​គេ​បើក​ដើម្បី​រក​ចំណូល​ទ្រទ្រង់​ក្លិប និង​ផ្ដល់​ប្រាក់ខែ​ដល់​គ្រូបង្វឹក ។ ក្លិប​ប្រដាល់​ខ្លះ
គឺ​ម្ចាស់​ក្លិប​ដើរតួ​ជា​អ្នក​រ៉ា​ប់រង​បង្ហាត់បង្រៀន​តែ​ម្នាក់ឯង តែ​ក្លិប​ប្រដាល់​ខ្លះ​ទៀត​គឺ​មាន​លទ្ធភាព​ជួល​គ្រូបង្វឹក​ល្បី​ៗ​ឱ្យមក​បង្ហាត់​ដល់​អ្នក​ចង់​ហ្វឹកហាត់​តែ​ម្ដង ។ យ៉ាងណា​ក៏​ដោយ ក្លិប​បង្ហាត់​ប្រដាល់ និង​ក្លិប​បង្ហាត់​សិល្បៈ​មិន​មាន​លទ្ធភាព​រក​ចំណូល​បាន​ពី​សិស្ស​ដូច​គ្នា​នោះ​ទេ ដោយសារ​តែ​ក្លិប​សិល្បៈ​តម្រូវ​ឱ្យ​សិស្ស​បង់​ក្នុង​មួយ​ខែ​ពី​១០​ទៅ​២០​ដុល្លារ ហើយ​ការ​បង្ហាត់បង្រៀន​ត្រឹមតែ​ថ្ងៃ​សៅរ៍​-​អាទិត្យ ឬ​ត្រឹមតែ​៣​ថ្ងៃ​ក្នុង​មួយ​ស​ប្ដា​ហ៍ ហើយ​សិស្ស​ហាត់​កាន់តែ​យូរ​កាន់តែ​បាន​ចំណូល​ច្រើន ។ ប៉ុន្តែ​សម្រាប់​ក្លិប​ប្រដាល់​គឺ​សិស្ស​ត្រូវ​បង់​មួយ​ចប់​ការ​ហាត់រៀន ហើយ​គ្រូបង្វឹក​ទាំងអស់​រមែង​ប្រើ​លុយ​អន្ទង​ឱ្យ​សិស្ស​នៅ​ហាត់​ឱ្យ​បាន​យូរ​វិញ បើ​ទោះជា​ត្រូវ​សុខចិត្ត​ចំណាយ​បាយ​ទឹក និង​លុយ​ចាយ​​កីឡាករ​ខ្លះ​ក្តី ។

ក្នុង​នោះ​កូនសិស្ស​របស់​ក្លិប​ប្រដាល់​ត្រូវ​គេ​កត់សម្គាល់​ច្រើន​តែ​ជា​អ្នក​អស់ជម្រើស​ក្នុង​ការ​ស្វែងរក​ការងារ និង​ជា​អ្នក​ក្រីក្រ​ដែល​មិនដឹង​ថា​ទៅ​ប្រកបការងារ​អ្វី​ទើប​អាច​មាន​ចំណូល​សមរម្យ​នោះ​ផង ។ មានការ​លើក​ឡើងជា​ច្រើន​ថា អ្នក​ចូលខ្លួន​ហ្វឹកហាត់​ប្រដាល់​គឺ​កម្រ​មាន​ណាស់​សម្រាប់​កូនចៅ​អ្នកមាន​ដែល​មាន​កម្រិតវប្បធម៌​ល្អ​ប្រសើរ​ដែល​ផ្ទុយ​ពី​សិល្បៈ​គឺ​ភាគច្រើន​ជា​កូន​អ្នកមាន​ជីវភាព​គ្រាន់បើ​ទើប​អ្នក​ដែល​បើក​ក្លិប​សិល្បៈ​អាច​មាន​លទ្ធភាព​ឱ្យ​សិស្ស​បង់ប្រាក់​ប្រចាំខែ​ក្នុង​ម្នាក់​ពី​១៥​ទៅ​២០​ដុល្លារ ហើយ​ក្លិប​ដែល​បើក​នីមួយ​ៗ​ក៏​មាន​សិស្ស​ច្រើន​ចូលរួម​ដែល​ខុស​ពី​ក្លិប​ប្រដាល់​គឺ​ត្រូវ​អន្ទង​ឱ្យ​សិស្ស​មក​រៀន​ក្នុង​តម្លៃ​យោគយល់​។

ក្នុង​នោះ​ក្លិប​ប្រដាល់​ភាគច្រើន​ក៏​ច្រើន​តែ​បើក​ក្នុង​លក្ខណៈ​គ្រួសារ​មិន​មាន​ស្ដង់ដារ​នោះ​ដែរ ដោយសារ​តែ​ក្លិប​ប្រដាល់​ច្រើន​បង្កើត​ឡើង​ដោយ​អតីត​គ្រូបង្វឹក ហើយ​ក្រោយ​ពេល​បើក​ក៏​ប្រើ​យុទ្ធសាស្ត្រ​អន្ទង​រក​ជំនួយ​ដើម្បី​ឱ្យ​ក្លិប​បាន​រស់ ។ ម្ចាស់​ក្លិប​ប្រដាល់​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​គេ​អះអាង​ថា តស៊ូ​បើក​ដោយ​ចិត្ត​ស្រឡាញ់​ច្រើន​ជាង​ចង់បាន​ប្រាក់​ចំណូល ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​អ្នក​បើក​ក្លិប​ប្រដាល់​មិន​អាច​ធ្វើ​មាន​ធ្វើ​បាន តែ​ក៏​មាន​ក្លិប​មួយ​ចំនួន​តូច​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ដាក់​សិស្ស​ឱ្យ​ប្រកួត​បាន​ច្រើន ទើប​មាន​សិស្ស​សម្រុក​ទៅ​សុំ​ហាត់​ធ្វើ​ឱ្យ​គ្រូ​ទទួល​បាន​ប្រាក់​ចំណូល​គ្រាន់បើ​ដែរ ។ តម្លៃ​ក្នុង​ការ​ទទួល​សិស្ស​ឱ្យ​ហ្វឹកហាត់​មិន​មាន​កម្រិត​ស្មើគ្នា​នោះ​ទេ ដោយ​ក្លិប​ខ្លះ​ក៏​ទាមទារ​បាន​ខ្ទង់រយ​ដុល្លារ​ក្នុង​ការ​បង្ហាត់​មួយ​ចេះ ក្លិប​ខ្លះ​បាន​ត្រឹម​១០០​ដុល្លារ ឬ​៥០​ដុល្លារ ហើយ​ក្លិប​មួយ​ចំនួន​ក៏​សុំ​ត្រឹមតែ​អង្ករ​មួយ​ខែ​មួយ​បេ ឬ​មិន​យក​អី​សោះតែ​ម្ដង​ក៏​មាន ។ កីឡាករ​ខ្លះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្មេង​មិន​ស្ដាប់បង្គាប់​ឪពុក​ម្ដាយ ដោយ​ដើរ​ពា​លា​និង​ជក់​គ្រឿងញៀន ដែល​ត្រូវ​ឪពុក​ម្ដាយ​យក​មក​ផ្ញើ​ឱ្យ​ហ្វឹកហាត់​នោះ​ផង ទើប​ក្លិប​ប្រដាល់​ក៏​ត្រូវ​គេ​ចាត់ទុកជា​មណ្ឌល​កាត់​ផ្ដាច់​គ្រឿងញៀន​ផង​ដែរ នៅ​ពេល​គ្រូបង្វឹក​ម្នាក់​ចេញ​មុខ​កែប្រែ​កូនសិស្ស​ដែល​មាន​ប្រវត្តិ​មិនល្អ ឱ្យ​ក្លាយជា​កីឡាករ​អាជីព ។ សិស្ស​គុន​ខ្លះ​ត្រូវ​បាន​បណ្ដុះ​ឱ្យ​ក្លាយជា​កីឡាករ​ល្បី​នៅ​លើ​សង្វៀន ប៉ុន្តែ​មួយ​ចំនួន​ទៀត​ពេល​ហាត់​ចេះ​ស្ទាត់​ឡើង​វ៉ៃ​បាន​តែ​ម្ដង​ឬ​២​ដង ក៏​សម្រេចចិត្ត​សុំ​ឈប់​ទៅ​រក​ការងារ​ផ្សេង​ដែល​ធ្វើ​ឱ្យ​ការ​ប្រឹងប្រែង​របស់​គ្រូបង្វឹក​បាន​ត្រឹមតែ​ខកចិត្ត ។ គ្រូបង្វឹក​ភាគច្រើន​បង្ហាញ​ពី​ភាព​ស្មុគស្មាញ​ចំពោះ​អាជីព​បើក​ក្លិប ដោយ​អះអាង​ថា កីឡាករ​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន​គឺ​ភាគតិច​ណាស់ ដោយ​កីឡាករ​ខ្លះ​ខំ​បង្វឹក​ឱ្យ​ត្រៀម​ឡើង​រេញ​ទៅ​ហើយ តែ​ពេល​ដល់​ថ្ងៃ​ប្រកួត​ក៏​ដើរ​ផឹកស៊ី​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់ ធ្វើ​ឱ្យ​ម្ចាស់​ក្លិប​ត្រូវ​ទទួល​បន្ទុក​ដោះស្រាយ​ជាមួយ​ប៉ុស្ដិ៍​ទូរទស្សន៍ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ក្លិប​ផង​ដែរ ។

លោក មាស សុខ​គ្រី ម្ចាស់​ក្លិប​ប្រដាល់ មាស សុខ​គ្រី គុន​ខ្មែរ បាន​អះអាង​ថា សម្រាប់​លោក​រាល់ថ្ងៃ​ដូច​ជា​មិនសូវ​ចង់បាន​លុយកាក់​ពី​ការ​ចូល​រៀន​របស់​កូនសិស្ស​នោះ​ទេ គឺ​ចង់ឱ្យ​តែ​សិស្ស​ដែល​ស្រឡាញ់​កីឡា​ចូល​មក​ហាត់​ឱ្យ​បាន​ច្រើន​ដើម្បី​លើក​ស្ទួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ប៉ុណ្ណោះ ។ លោក​ថា កូនសិស្ស​រាល់ថ្ងៃ​មិន​មាន​អ្នក​ចង់​ប្រដាល់​នោះ​ទេ​គឺ​មាន​តែ​អង្វរ​ឱ្យ​ចូល​ហ្វឹកហាត់​កុំឱ្យ​តែ​ខ្វះ​នោះ​ផង ។ ជាក់ស្ដែង លោក​ទើបតែ​ប្រកាស​ទទួល​សិស្ស​ដោយ​ឥត​គិតថ្លៃ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ ដោយ​លោក​មិន​ទាន់​ទាំង​មានការ​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​ហាត់​ច្រើន​តាម​ការ​ចង់បាន​នោះ​ផង ។ យ៉ាងណាមិញ ក៏​មាន​សិស្ស​ខ្លះ​អាច​ឱ្យ​លោក​ទទួល​បាន​ប្រាក់​កម្រៃ​បង្ហាត់​តាម​ការ​ចរចា​នោះ​ដែរ ដោយ​គ្រាន់តែ​លុយ​កម្រៃ​ទាំងនោះ​គឺ​មិន​សុទ្ធតែ​បាន​ពី​កូនសិស្ស​នោះ​ទេ ដោយសារ​តែ​សិស្ស​ប្រដាល់​ភាគច្រើន​សុទ្ធតែ​ក្រីក្រ​ហើយ​មិនសូវ​ជា​មាន​លទ្ធ​ភាពល្អ​ប្រសើរ ។

លោក​ថា ប្រាក់​កម្រៃ​ដែល​អាច​ទ្រទ្រង់​ក្លិប​បាន គឺ​បាន​ពី​ការ​អំពាវ​របស់​លោក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ឯកឧត្តម​នេះ ឧកញ៉ា​នោះ ដែល​ភាគច្រើន​គឺ​អ្នកមាន​លុយ​ទាំង​នោះ​គេ​ស្រឡាញ់​វិស័យ​ប្រដាល់ ហើយ​ជួយ​ទឹកប្រាក់​ជា​ប្រចាំខែ​ដើម្បី​លោក​មាន​ចំណូល​ទ្រទ្រង់​ក្លិប និង​អាច​ផ្គត់ផ្គង់​បាយ​ទឹក​ចំពោះ​កីឡាករ​ដែល​ក្លិប​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​នោះ​ផង ។ ក្នុង​នោះ​លោក​ក៏​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការ​កាត់​ភាគរយ​គ្រប់ពេល​កូនសិស្ស​របស់​លោក​ឡើង​ប្រដាល់​នោះ​ដែរ​តាម​រយៈ​ការ​ផ្ដល់​ឱ្យ​ពី​កីឡាករ​ម្នាក់​ក្នុង​រង្វង់​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ដែល​លោក​ប្រកាស​ថា​នោះ​ជា​ថវិកា​សម្រាប់​ទ្រទ្រង់​សកម្មភាព​ក្លិប ។ លោក​ទទួលស្គាល់​ថា លោក​អាច​រក​ចំណូល​បាន​ច្រើន​ក្នុង​ការ​ទ្រទ្រង់​ក្លិប​ដោយ​មិន​លំបាក ដោយសារ​តែ​លោក​មាន​ទំនាក់ទំនង​ស្គាល់​មនុស្ស​ភាគច្រើន​ដែល​ហ៊ាន​បោះទុន​ជួយ​វិស័យ​ប្រដាល់ ហើយ​ក៏​មាន​លទ្ធភាព​ដាក់​សិស្ស​ឱ្យ​ឡើង​រេញ​បាន​ច្រើន​ដែល​អាច​ឱ្យ​លោក​ទទួល​បាន​កម្រៃ​តិក​តក់​ៗ ពី​ការ​ផ្ដល់​ឱ្យ​ដោយ​សិស្ស​ម្នាក់​ៗ​រៀង​រាល់​ស​ប្ដា​ហ៍​ផង​ដែរ​។

លោក នួន ភារ​ម្យ គ្រូបង្វឹក និង​ជា​ម្ចាស់​ក្លិប​នួន ភិ​រម្យ គុន​ខ្មែរ បាន​អះអាង​ថា ក្នុង​ពេល​សិស្ស​ម្នាក់​មក​សុំ​ហ្វឹកហាត់​លោក​កំណត់​ឱ្យ​បង់​មួយ​ចេះ​១០០​ដុល្លារ និង​អង្ករ​មួយ​បេ ឬ​តាម​លទ្ធភាព​ជាក់ស្ដែង តែ​លោក​ក៏​បាន​ទទួល​កូនសិស្ស​ដែល​គ្មាន​លុយកាក់​ដោយ​មិន​យក​ប្រាក់​កម្រៃ​ដើម្បី​បង្វឹក​ឱ្យ​ក្លាយជា​កីឡាករ​អាជីព​នោះ​ដែរ ។ លោក​ថា ក្លិប​ប្រដាល់​រាល់ថ្ងៃ​អត់​បាន​ចំណូល​ពី​ការ​តម្រូវ​ឱ្យ​សិស្ស​បង់លុយ​នោះ​ទេ ប៉ុន្តែ​បាន​ពី​សិស្ស​ផ្ដល់​ឱ្យ​រាល់ពេល​ឡើង​រេញ​ក្នុង​ម្នាក់​៥​ម៉ឺន ឬ​១០​ម៉ឺន​រៀល​ដូច​គ្នា​ផង​ដែរ ។

លោក​ថា សកម្មភាព​ក្លិប​របស់​ខ្លួនរ​ស់បាន​ដោយសារ​ដើរ​សុំ​ជំនួយ​គេ ហើយ​មួយ​ផ្នែក​គឺ​យក​ប្រាក់ខែ​របស់​ខ្លួន​មក​ចាត់ចែង​បាយ​ទឹក ដោយសារ​ការ​ទទួល​ប្រាក់​ពី​សិស្ស​ចូល​រៀន​ជា​ប្រចាំខែ​គឺ​មិន​មាន​នោះ​ទេ ។ គាប់​ជួន​ជា​កូនសិស្ស​របស់​លោក​មាន​ត្រឹមតែ​ជាង​១០​នាក់ ហើយ​ក៏​មិនសូវ​មានឱកាស​ដាក់​ឱ្យ​ពួក​គេ​ឡើង​រេញ​បាន​គ្រប់​គ្នា​ផង ទើប​ចំណូល​ដែល​បាន​ពី​សិស្ស​ឡើង​រេញ​បន្តិចបន្តួច គឺ​មិនសូវ​កើត​មាន ។

យ៉ាងណាមិញ លោក​បង្ហាញ​ពី​ការ​តស៊ូ​ដោយ​អះអាង​ថា បើ​ទោះជា​ក្នុង​ពេល​ខ្លះ​គឺ​ត្រូវ​អត់​លុយ ព្រោះតែ​ប្រឹងរក​ចំណូល​មក​ទប់​នឹង​ការ​ចំណាយ​បាយ​ទឹក​កីឡាករ​ក្នុង​ក្លិប​ទាំង​លំបាក​យ៉ាងណា​ក្តី​ក៏​លោក​នៅ​តែ​បន្ត​អាជីព​បើក​ក្លិប ដោយសារ​តែ​ជា​ចំណូលចិត្ត​ផង និង​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​ក្នុង​នាម​ជា​ម្ចាស់​ក្លិប​ផង ។ 

មិន​ខុស​គ្នា​ដែរ លោក អេ ភូ​ថង ម្ចាស់​ក្លិប​ប្រដាល់​អេ ភូ​ថង​កីឡា ក៏​បង្ហាញ​ពី​ផលវិបាក​ក្នុង​នាម​ជា​គ្រូបង្វឹក និង​ជា​ម្ចាស់​ក្លិប​ប្រដាល់​បែប​នេះ​ផង​ដែរ ។ លោក​ថា ថ្វី​ដ្បិតតែ​មាន​ជំនួយ​ពី​អ្នក​ស្នេហា​ប្រដាល់​ក្ដី​ក៏​ក្លិប​នៅ​តែ​ខ្វះខាត​រហូត​តម្រូវ​ឱ្យ​លោក​លើក​ដៃ​សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន​ដើម្បី​ឱ្យ​ក្លិប​មាន​លទ្ធភាព​បង្វឹក​កូនសិស្ស​ដែល​ជ្រកកោន
ជាមួយ​បាន​ឡើង​រេញ​រក​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ខ្លួន ៕