ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​នានា​ ហាក់​រក្សា​បាន​តួលេខ​ល្អ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប និង​អា​មេ​រិ​ក បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ តួយ៉ាង ទំហំ​ពាណិជ្ជកម្ម​ទំនិញ​វិស័យ​តែ​មួយ​សរុប​រវាង​កម្ពុជា និង

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប និង​អា​មេ​រិ​ក បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ តួយ៉ាង ទំហំ​ពាណិជ្ជកម្ម​ទំនិញ​វិស័យ​តែ​មួយ​សរុប​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ចំនួន​១,៥៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​២០១៧ កើនឡើង​១៤% នៅ​ឆ្នាំ​២០១៦ ក្នុងអំឡុងពេល​ដូច​គ្នា ។ នេះ​បើ​យោង​តាម​ព័ត៌មាន​លើ​គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម ។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​សហរដ្ឋអាមេរិក​ក្នុង​កម្ពុជា មាន​ចំនួន​ប្រហែល ១៤.៥៥៧.៦៧២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៤​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​ធំ​បំផុត​ទី​២ របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង វាយនភ័ណ្ឌ អង្ករ គ្រឿងសង្ហារិម សម្ភារ​ក្មេង​លេង ជ័រ កៅស៊ូ ផលិតផល​ធញ្ញជាតិ សេ​រ៉ា​មិច ឈើ សត្វ​នៅ​រស់ និង​ចំណី​សត្វ​ជាដើម ។

ការ​នាំ​ចេញ​ចម្បង​របស់​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​កម្ពុជា មាន​ដូច​ជា យានយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​វេជ្ជសាស្ត្រ អគ្គិសនី វាយនភ័ណ្ឌ ក្រដាស ផ្លែ​ឈើ និង​ធញ្ញជាតិ​ជាដើម ។ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា​ឆ្នាំ​២០០៦ គឺជា​កិច្ច​សន្ទនា​ទ្វេភាគី​សំខាន់​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ដើម្បី​ពិភាក្សា​អំពី​ការ​អនុវត្ត​កិច្ចសន្យា​ទាំងនេះ និង​បញ្ហា​ទាក់ទង​នឹង​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ផ្សេង​ៗ​ទៀត ។

យោង​តាម​ព័ត៌មាន​នៅ​វេ​ប​សាយ​ក្រសួងពាណិជ្ជកម្ម សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ ទំហំ​នាំ​ចេញ​មាន​កំណើន​១៨,៣៦%​។ លទ្ធផល​នេះ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​អនុវត្ត​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ ។ នៅ​ចន្លោះ​ឆ្នាំ​២០០១-២០១៦ ទំហំ​នៃ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់កា​ណា​ដា គឺ​មាន​កំណើន​ប្រមាណ​១០០​ដង ។

បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៧ របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​សេវា​នាំ​ចេញ​នាំ​ចូល គឺ​ក្រសួង​បាន​ចុះបញ្ជី​ផ្តល់​សិទ្ធិ​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ចំនួន​៤០​រោងចក្រ​, រោងចក្រ​កាត់ដេរ​ស្បែកជើង​៧​រោងចក្រ និង​ក្រុមហ៊ុន​ផ្សេង​ៗ ១២៨​រោងចក្រ ។

របាយការណ៍​ដដែល ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការងារ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ និង​អាជ្ញាប័ណ្ណ​សម្រាប់​នាំ​ចេញ​លើ​មុខទំនិញ​សំខាន់​ៗ​រួម​មាន ៖ សម្លៀក​បំពាក់ ស្បែកជើង អង្ករ កសិផល ទោចក្រយាន និង​ផលិតផល​ផ្សេង​ៗ​ក្នុង​ឆ្នាំ​២០១៦ ។

អ្វី​គួរ​ឲ្យ​កត់សម្គាល់ គឺ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៦ ទៅ​កាន់​ទៅ​ទីផ្សារ​ទ្វីបអាមេរិក​មាន​ទឹកប្រាក់​សរុប​២.៣៥៤​លាន​ដុល្លារ​អា​មេ​រិ​ក (២០១៥ មាន​តែ​២.០៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​)​។ ចំណែក​ការ​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​មាន​ទឹកប្រាក់​ប្រមាណ​២.៨២៥​លាន​ដុល្លារ​អា​មេ​រិ​ក (២០១៥ គឺ​២.៣២១​លាន​ដុល្លារ​អា​មេ​រិ​ក​)​។ សម្រាប់​ការ​នាំ​ចេញ​ទៅ​ក្រៅ​សហគមន៍​អឺរ៉ុប (NON-EU) មាន​ទឹកប្រាក់​សរុប​ប្រមាណ​៧៤​លាន​ដុល្លារ​អា​មេ​រិ​ក (២០១៥ គឺ​មាន​ប្រមាណ​ជាង​៥៩​លាន​ដុល្លារ​អា​មេ​រិ​ក​) ហើយ​ការ​នាំ​ចេញ​ទៅ​ទ្វីបអាស៊ី និង​អូ​សេ​អា​នី មាន​ទឹកប្រាក់​សរុប​១.៦១០​លាន​ដុល្លារ​អា​មេ​រិ​ក (២០១៥ មាន​ប្រមាណ​តែ​១.១៧៨​លាន​ដុល្លារ​អា​មេ​រិ​ក​) ។

សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អូស្ត្រាលី​ឆ្នាំ​២០១៥ កន្លង​មកនេះ ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​អូស្ត្រាលី មាន​ទឹកប្រាក់​ចំនួន​៨៨.៣២០.០០០​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​មធ្យមភាគ​កើនឡើង​២៦% បើ​ធៀប​នឹង​រយៈពេល​១២​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ ដែល​មាន​ទឹកប្រាក់​ត្រឹមតែ​៧០.០៦៨.០០០​ដុល្លារ​អា​មេ​រិ​ក ។ សម្រាប់​ការ​នាំ​ចេញពី​ប្រទេស​អូស្ត្រាលី​មក​កាន់​កម្ពុជា​វិញ មាន​ទឹកប្រាក់​ចំនួន​៣៥.៤០២.០០០​ដុល្លារ​អា​មេ​រិ​ក ថយ​ចុះ​១២%​ធៀប​នឹង​ឆ្នាំ​២០១៤ ។

ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​អូស្ត្រាលី គឺ​សម្លៀក​បំពាក់ ស្បែកជើង អាវ​ចាក់ ស្រោមជើង ស្រោមដៃ គ្រឿងសង្ហារិម និង​ផលិតផល​កម្មន្តសាល ។​ល​។ សម្រាប់​ប្រភេទ​ទំនិញ​នាំ​ចូល​ពី​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ គឺ​ផលិតផល​ថ្នាំពេទ្យ គ្រឿងបន្លាស់​អគ្គិសនី ផលិតផល​ធ្វើ​ពី​ក្រដាស ឧបករណ៍​កីឡា និង​សាច់​គោ ។​ល​។

ងាក​ទៅ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន ក្នុង​ឆ្នាំ​២០១៦ (​គិត​ត្រឹម​ខែកញ្ញា​) ការ​នាំ​ចេញ​ទំនិញ​របស់​ជប៉ុន​មក​កម្ពុជា គិត​ជា​ទឹកប្រាក់​មាន​ចំនួន​២០៩​លាន​ដុល្លារ​អា​មេ​រិ​ក ចំណែក​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​វិញ គិត​ជា​ទឹកប្រាក់​ចំនួន​៩៣២​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៧ របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​ថា ជប៉ុន​គឺជា​វិនិយោគិន​ធំ​ជាងគេ​ដែល​បាន​បោះទុន​វិនិ​យោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា (SEZ) ក្នុង​ទឹកប្រាក់​សរុប​២៩៩​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​មក គឺ​ចិន​ស្មើ​ទឹកប្រាក់​១៨០​លាន​ដុល្លារ​អា​មេ​រិ​ក​។ សម្រាប់​វិនិយោគិន​តៃវ៉ាន់​វិញ គឺ​មាន​ទុន​វិនិយោគ​១៤២​លាន​ដុល្លារ​អា​មេ​រិ​ក​, សិង្ហ​បុរី​១៣២​លាន​ដុល្លារ​អា​មេ​រិ​ក​, កូរ៉េ​៥៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រទេស​ថៃ​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

សម្រាប់​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក​វិញ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៦​នេះ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ​ស្មើ​ទឹកប្រាក់​២.៧៤២​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​នាំ​ចេញ​មក​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​៣០៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​មាន​២.៤៣៤​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​សរុប​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៥ ស្មើ​ទឹកប្រាក់​២.៩៤៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

ងាក​ទៅ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-​សិង្ហ​បុរី​វិញ​ឃើញ​ថា ការ​នាំ​ចេញ​-​នាំ​ចូល​សរុប​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​សរុប​២.៦៥៧.៣៣៩​ដុល្លារ​សិង្ហ​បុរី (​ប្រហែល​១.៩៤៦.៦២៦​ដុល្លារ​អា​មេ​រិ​ក​) ក្នុង​នោះ​ការ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា មាន​ចំនួន​១.៧៨៩.៩៦៩​ដុល្លារ​សិង្ហ​បុរី (​ប្រហែល​១.៣១១.២៣៦​​ដុល្លារ​អា​មេ​រិ​ក​) និង​ការ​នាំ​ចេញ​ទៅ​ប្រទេស​កម្ពុជា​វិញ មាន​ចំនួន​៨៦៧.៣៧០​ដុល្លារ​សិង្ហ​បុរី (​ប្រហែល ៦៣៥.៣៨៩​ដុល្លារ​អា​មេ​រិ​ក​) ។

កាលពី​ថ្ងៃ​ទី​៧ សីហា លោក​បណ្ឌិត អិុត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​លោក Ingo Karsten ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង ។ ក្នុង​ជំនួប​ទ្វេភាគី​នោះ លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អា​ល្លឺ​ម៉​ង់ កន្លង​មក ជា​ពិសេស កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ដែល​បាន​ផ្តល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ។ ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ពី​សំណាក់​អា​ល្លឺ​ម៉​ង់​ពិតជា​បាន​ផ្តល់​ការងារ​ជា​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា និង​រួមចំណែក​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។ ជាក់ស្តែង ទំហំ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​នាំ​ចូល​ក្នុង​ទីផ្សារ​អា​ល្លឺ​ម៉​ង់ មាន​មិន​ក្រោម​១​ពាន់​លាន​ដុល្លារ​ទេ ។

ថ្មី​ៗ​នេះ​ផង​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ជប៉ុន រយៈពេល​៤​ថ្ងៃ កាលពីដើម​ខែសីហា​នេះ ក៏​បាន​បង្ហាញ​ជូន​ទៅ​វិនិយោគិន​ជប៉ុន​ឲ្យ​ដឹង​អំពី​ឱកាស​វិនិយោគ​ល្អ​ៗ​នៅ​កម្ពុជា ដោយសារ​កម្ពុជា​សព្វថ្ងៃ​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ជាមួយ​ការ​អនុគ្រោះ​លើ​ការ​វិនិយោគ ទើប​ទាក់ទាញ​ពាណិជ្ជករ និង​វិនិយោគិន​ជប៉ុន​យ៉ាងច្រើន ។

សម្តេច​តេ​ជោ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ៖«​ខ្ញុំ និង​លោកនាយក​រដ្ឋមន្ត្រី (Shinzo) Abe នឹង​បន្ត​ខិតខំ​ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​កើនឡើង​ជាង​២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ខាង​មុខ » ។ អ្វី​ដែល​កាន់តែ​ប្រសើរ​ទៀត​នោះ​គឺថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ដែល​បាន​អញ្ជើញសម្តេច​តេ​ជោ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​ឆ្នាំ​នេះ ព្រមទាំង​បាន​សន្យា​ថា នឹង​ជួយ​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។

កញ្ញា ស៊ឹង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មិន​ទាន់​ទំនាក់ទំនង​បាន​ទេ​កាលពី​ថ្ងៃ​ចន្ទ ទី​១៤ សីហា ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឬ​ទំហំ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​សហគមន៍​អឺ​រុ​ប និង​អា​មេ​រិ​ក មាន​សញ្ញា​វិជ្ជមាន​សម្រាប់​ឆមាស​ទី​២ ។

លោក​បណ្ឌិត ម៉ី កល្យាណ បាន​បង្ហាញ​ការ​អបអរសាទរ​សម្រាប់​ការ​កើនឡើង​នូវ​ភាគរយ​ទំហំ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​ក្រៅប្រទេស ក៏​ដូច​ជា​ការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​នានា ។ យ៉ាងណាមិញ លោក​បណ្ឌិត​បាន​បញ្ជាក់​ថា វា​ពិបាកធ្វើ​វិភាគ​អំពី​បញ្ហា​សេដ្ឋកិច្ច និង​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​បណ្តា​ប្រទេស​នានា ដោយសារ​តែ​លោក​គ្មាន​តួលេខ​ក្នុង​ដៃ ។

លោក​បណ្ឌិត ម៉ី កល្យាណ បាន​បន្ត​ថា ៖«​ស្តាប់​ទៅ​កំណើន គឺ​ល្អ​ណាស់​សម្រាប់​ប្រទេស​យើង ។ ឲ្យ​តែ​កើន វា​ជា​រឿង​ល្អ​ហើយ​» ។ លោក​បន្ថែម​ថា អ្វី​ដែល​លោក​បាន​ទទួល​ព័ត៌មាន​គឺថា តើ​ការ​នាំ​ចេញ​វា​ទ្រឹង ឬ​ក៏​ថយ អីចឹង​វា​ពិបាក​វិភាគ ពេល​អ្នកខ្លះ​ថា​ល្អ ខ្លះ​ថា​អាក្រក់ ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖« តែ​ខ្ញុំ​អាច​និយាយ​ជា​ទូទៅ​ថា បើ​កំណើន​វា​ល្អ​អីចឹង​មែន​នោះ គឺ​ជោគជ័យ​ហើយ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ខំប្រឹង​ប្រែង​បន្ត​ទៀត គឺថា ជា​គោល​នយោ​បាយ​ធំ​ៗ ធ្វើ​ម៉េច​ឲ្យ​កំណើន​នេះ​វា​មាន​ចីរភាព » ៕