ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

U22 កម្ពុជា ត្រៀមខ្លួន​រួចរាល់​ក្នុង​ជំនួប​បើក​ឆាក​​​ដំបូង​ជាមួយ U22 ហ្វ៊ី​លី​ពី​ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​២២(U22)​ឆ្នាំ​កម្ពុជា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួប​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​២២(U22)​ឆ្នាំ​កម្ពុជា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួប​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​២២(U22)​ឆ្នាំ​ហ្វ៊ី​លី​ពី​ន​នា​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៧ នេះ នៅ​លើ​ទីលាន​កីឡដ្ឋាន​Selayang Stadium ស្ថិត​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា កន្លង​ទៅ​នេះ ។

ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​នឹង​ចាប់ផ្ដើម​បើក​ឆាក​ពី​ថ្ងៃ​ទី​១៩​ដល់​៣០ សីហា សម្រាប់​វិញ្ញាសា​បាល់ទាត់​ដែល​បើក​ឆាក​លេង​មុន​ពិធី​បើក​ជា​ផ្លូវការ​បាន​បែងចែក​ពូ​ល​រួចរាល់​ហើយដោយ​ពូ​ល A មាន​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី​, មី​យ៉ា​ន់​ម៉ា​, សិង្ហ​បុរី​, ឡាវ និង​ព្រុយ​ណេ និង​ពូ​ល​B មាន​ថៃ​, វៀតណាម​, ឥណ្ឌូ​ណេ​ស៊ី​, កម្ពុជា, ទី​ម័​រ​ខាងកើត និង​ហ្វ៊ី​លី​ពី​ន​។ ប្រទេស​ទាំង​១១​សុទ្ធតែ​បាន​បញ្ជូន​ក្រុម​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​នេះ​ដូច​គ្នា ។ សម្រាប់​រូបមន្ត​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ​គឺ​ក្រុម​ទាំង​២​ពូ​ល​ត្រូវ​ប៉ះ​គ្នា​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ជាងគេ​ប្រចាំ​ពូ​ល​នីមួយ​ៗ​ចំនួន​២​ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ​រៀង​ៗ​ខ្លួន ។

លោក Leonardo Vitorino គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ២២(U22)​ឆ្នាំ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ដឹកនាំ​កូនក្រុម​ចំនួន​២០​នាក់​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​កាលពី​ពេល​ថ្មី​ៗ​ថា ពួក​យើង​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​កន្លង​មក ប៉ុន្ដែ​ពេល​នេះ​ជា​សុ​ី​ហ្គេ​ម​ដែល​គ្រប់​ក្រុម​ទាំងអស់ បាន​រៀប​ចំ​ជើង​លេង​ល្អ​ជាង​មុន​ច្រើន​ណាស់ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើការ​ខ្លាំង​ជាង​មុន​ទៀត ។ លោក​បាន​ប្រាប់​ដល់​កូនក្រុម​ថា ត្រូវ​តែ​ខំប្រឹង​យកឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់​ដោយ​មិន​គិត​ថា​ក្រុម​ណា​ខ្លាំង ឬ​ក្រុម​ណា​ខ្សោយ​នោះ​ទេ ដើម្បី​បាន​កៅអី​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​។

សូម​បញ្ជាក់​ថា ប្រតិភូ​កីឡាបាល់ទាត់​កម្ពុជា​ដែល​មានឈ្មោះ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ឆ្នាំ​២០១៧ សម្រាប់​កីឡាករ​មាន​២០​នាក់​គឺ ប្រាក់ ធី​វ៉ា (​ភ្នំពេញ​ក្រោ​ន​) ឆុំ ភី​ហ្សា (​ភ្នំពេញ​ក្រោ​ន​) ជួន ចាន់​ចាវ (​ភ្នំពេញ​ក្រោ​ន​) កែវ សុ​សិលា (​ភ្នំពេញ​ក្រោ​ន​) សឿ​ត បារាំង (​ភ្នំពេញ​ក្រោ​ន​) ស៊ី​ន កក្កដា (​ភ្នំពេញ​ក្រោ​ន​) អិុ​ន សូ​ដា​វីត (​ភ្នំពេញ​ក្រោ​ន​) ពៅ ប៉ុន​វុ​ឌ្ឍី (​ភ្នំពេញ​ក្រោ​ន​) ហួយ ផ​ល្លី​ន (​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) នេន សុធា​រ័​ត្ន (​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) នុប តុលា (​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) សំ​អឿ​ន ពិដោរ (​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) សឿ​យ វិសាល (​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) សុក សំណាង (​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) គ​ន្ធា រ៉ា​វ៉ា​ន់ (​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) ឆេ​ង ម៉េ​ង (​ណា​ហ្គា​វើ​ល​) ច្រឹង ពលរដ្ឋ (​ក្រសួងការពារជាតិ​), នួន បូ​រី (​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​) ស៊ុន វណ្ណ​ដេ​ត (​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​) និង​អ៊ុំ សេរី​រ័​ត្ន (​ក្រសួងការពារជាតិ​)​។ ចំណែក​ថ្នាក់ដឹកនាំ​ក្រុម​មាន​ដូច​ជា លោក ម៉ៃ តុលា ជា​អ្នកដឹកនាំ​ក្រុម លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម លោក Leornado Vitorino ជា​គ្រូបង្វឹក លោក Luis Fernando និង​លោក Willander Foaseca គ្រូ​ជំនួយ ។

សម្រាប់​កាលវិភាគ​ប្រកួត​របស់​ក្រុម​U22​កម្ពុជា​មាន​ដូច​ខាងក្រោម​៖
-​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ U22 កម្ពុជា ជួប​ជាមួយ​U 22 ហ្វ៊ី​លី​ពី​ន ម៉ោង ៨:៤៥ នាទី​នៅ​កីឡដ្ឋាន Selayang Stadium
-​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ U22 កម្ពុជា ជួប​ជាមួយ U22 វៀតណាម ម៉ោង ៤​:០០​នាទី​នៅ​កីឡដ្ឋាន Shah Alam Stadium
-​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ U22 កម្ពុជា ជួប​ជាមួយ U 22 ថៃ ម៉ោង​៨​និង​៤៥ នាទី នៅ​កីឡដ្ឋាន Selayang Stadium
-​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ U22 កម្ពុជា ជួប​ជាមួយ U22 ទី​ម័​រ​ខាងកើត ម៉ោង ៨:៤៥​នាទី នៅ​កីឡដ្ឋាន UM Arena Stadium
-​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧ U22 កម្ពុជា ជួប​ជាមួយ U22​ឥណ្ឌូ​ណេ​ស៊ី ម៉ោង ៤:០០​នាទី នៅ​កីឡដ្ឋាន Shah Alam Stadium៕