ប្រទេសចិន ៖ ចិនបានផ្តល់នូវខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់មួយដល់ប្រទេសកូរ៉េខាងជើងដែលជួបប្រទះនឹងការដាក់ទណ្ឌកម្មជាច្រើនទសវត្សរ៍មកហើយ ដោយចិនអនុញ្ញាតឲ្យមានការធ្វើពាណិជ្ជកម្មប្រេងនិងធ្យូងថ្ម ផ្តល់ជំនួយជាអាហារ និងអនុញ្ញាតឲ្យក្រុមហ៊ុនចិនធ្វើពាណិជ្ជកម្មជាមួយប្រទេសនេះ ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រទេសចិនបានចូលរួមជាមួយសមាជិកទាំង១៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងបោះឆ្នោតយល់ស្របក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើកូរ៉េខាងជើង ។ មន្ត្រីអាមេរិកនិយាយថា ការដាក់ទណ្ឌកម្មទាំងនោះនឹងកាត់ប្រាក់ចំណូលបានពីការនាំចេញរបស់កូរ៉េខាងជើង ប្រមាណ១ភាគ៣ ។
ខាងក្រោមនេះ គឺជាផ្នែកមួយចំនួនទៀតដែលប្រទេសចិនអាចប្រើប្រាស់ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ៖
១-ថាមពល ៖
រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន (Kim Jong Un) ពឹងផ្អែកយ៉ាងខ្លាំងលើផ្នែកផលិតកម្ម និងការនាំចេញធ្យូងថ្ម ហើយភាគច្រើនត្រូវបានលក់ទៅឲ្យប្រទេសចិន ។ វាគឺជាប្រភពថវិកាធំជាងគេរបស់ប្រទេសនេះ ដែលត្រូវបានរាប់បញ្ចូល១ភាគ៣ នៃការនាំចេញសរុបក្នុងឆ្នាំ២០១៥ ។
ប្រាក់ចំណូលបានពីការនាំចេញនេះ បានធ្លាក់ក្នុងភាពមិនប្រាកដប្រជាកាលពីខែកុម្ភៈ ព្រោះប្រទេសចិននិយាយថា ពួកគេនឹងផ្អាករាល់ការនាំចូលធ្យូងថ្មពីកូរ៉េខាងជើងក្នុង១ឆ្នាំនេះពេញ ។
ជាលទ្ធផល យោងតាមទិន្នន័យរដ្ឋាភិបាលចិនឲ្យដឹងថា ការនាំចូលធ្យូងថ្មពីកូរ៉េខាងជើង បានធ្លាក់ចុះ៧៥%ក្នុងឆមាសទី១ ឆ្នាំនេះ ។ ប៉ុន្តែចិននៅតែអាចដាក់សម្ពាធលើប្រទេសនេះកាន់តែខ្លាំងថែមទៀត តាមរយៈដាក់កម្រិតលើការលក់ប្រេងទៅកាន់កូរ៉េខាងជើង ។
២-ធនាគារកិច្ច ៖
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានព្យាយាមបំបិទការផ្គត់ផ្គង់ថវិកាដល់រដ្ឋាភិបាលកូរ៉េខាងជើង និងកាត់ប្រទេសនេះចេញពីប្រព័ន្ធធនាគារកិច្ចពិភពលោក ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានដាក់ទណ្ឌកម្មលើធនាគារចិន ដែលធ្វើអាជីវកម្មជាមួយកូរ៉េខាងជើងឡើយ ។
យ៉ាងណាក្តី កាលពីខែមិថុនា រតនាគាររបស់សហរដ្ឋអាមេរិកបានសម្រេចហាមឃាត់ធនាគារចិនមួយ ដោយចោទប្រកាន់ថា មានទំនាក់ទំនងហិរញ្ញវត្ថុខុសច្បាប់ជាមួយកូរ៉េខាងជើង ។ ប៉ុន្តែប្រទេសចិនអាចដាក់ទណ្ឌកម្មលើធនាគារ ដែលនៅបន្តធ្វើពាណិជ្ជកម្មនោះដោយផ្ទាល់ ។
៣-ប្រាក់បម្រុង ៖
មានការជឿជាក់ថា កូរ៉េខាងជើងមានប្រាក់បម្រុងទុកពេលមានអាសន្ន ដែលបានមកពីការលក់ធ្យូងថ្មទៅឲ្យប្រទេសចិន ។
លោក John Park នាយកនៃ Korea Working Group ក្នុង Harvard Kennedy School បាននិយាយកាលពីដើមឆ្នាំនេះថា លោកជឿជាក់ថា កូរ៉េខាងជើងមានលាក់ទុកប្រាក់ជាច្រើនក្នុងប្រទេសចិន ។
លោកបន្តថា ការដាក់កំហិតលើប្រទេសកូរ៉េខាងជើង ពឹងផ្អែកទៅលើការប្តេជ្ញារបស់អាជ្ញាធរចិន ដោយប្រើប្រាស់ច្បាប់ក្នុងស្រុកដើម្បីស្វែងរកប្រាក់ទាំងនោះ ។
៤-ពលកម្ម ៖
ប្រជាជនកូរ៉េខាងជើងដែលរស់នៅក្នុងរដ្ឋធានី គឺធូរធារ ប៉ុន្តែភាគច្រើនកំពុងតែរស់នៅក្នុងស្ថានភាពក្រីក្រ និងធ្លាប់ឆ្លងកាត់កង្វះអាហារទៀតផង ។
កូរ៉េខាងជើង ក៏នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចបិទជិតជាងគេផងដែរ ប៉ុន្តែពួកគេនៅតែមានវិធីទាញយកប្រាក់ចំណូលពីពលរដ្ឋរបស់ខ្លួន ។
ក្នុងចំណោមវិធីទាំងនោះរួមមាន ការបញ្ជូនពលករកូរ៉េខាងជើងទៅធ្វើការក្នុងប្រទេសដទៃដូចជា ប្រទេសចិន, រុស្ស៊ី និងមជ្ឈិមបូព៌ា ។ ពួកគេភាគច្រើនធ្វើការក្នុងវិស័យជីករ៉ែ, កាប់ឈើ, វាយនភ័ណ្ឌ និងសាងសង់ ។ បន្ទាប់មករដ្ឋាភិបាលកូរ៉េខាងជើង នឹងដកប្រាក់មួយចំនួនពីប្រាក់បៀវត្សរ៍របស់ពួកគេ ។
ដូច្នេះ ការឈប់ទទួលពលករទាំងនោះ នឹងអាចបិទប្រភពដ៏សំខាន់មួយក្នុងការស្វែងរកថវិកាពីបរទេស ៕
ចែករំលែកព័តមាននេះ