ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​បញ្ចេញទុន​50​លាន​ដុល្លារ​លើ​ការ​ប្រមូល​ទិញ​ស្រូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​នឹង​ផ្តល់​ទុន​បង្វិល​ចំនួន​៥០​លាន​ដុល្លារ​ដល់​វិស័យ​ឯកជន ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ហើយ​

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​នឹង​ផ្តល់​ទុន​បង្វិល​ចំនួន​៥០​លាន​ដុល្លារ​ដល់​វិស័យ​ឯកជន ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ហើយ​រាជរដ្ឋាភិបាល​នឹង​ផ្តល់​ទុន​បន្ថែម​ទៀត ប្រសិនបើ​ការ​ប្រមូល​ទិញ​ស្រូវ​នៅ​តែ​មាន​តម្រូវការ ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​សម្រាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង នា​ថ្ងៃ​ទី​១៤ សីហា​ថា សម្រាប់​គោលការណ៍​នៃ​ការ​ប្រមូល​ទិញ​ស្រូវ​ដើម្បី​ជួយ​លើក​ស្ទួយ​ថ្លៃ​ស្រូវ​របស់​ប្រជា​កសិករ​កម្ពុជា រាជរដ្ឋាភិបាល​នឹង​បង្កើន​តាម​រយៈ​ការ​អន្តរាគមន៍​កញ្ចប់​ថវិកា​ជា​ច្រើន ក្នុង​នោះ​សម្រាប់​គម្រោងការ​បង្កើត​ឡ​ស​ម្ងួ​ត គឺ​មាន​ទំហំ​ទឹកប្រាក់​ពី​១៥ ទៅ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ។ មក​ដល់​ពេល​នេះ សម្រាប់​កញ្ចប់​ថវិកា​១៥​លាន​ដុល្លារ គឺ​យើង​បាន​យក​ទៅ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្តបាត់ដំបង និង​កំពង់ធំ​រួច​ហើយ ។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​នឹង​ជំរុញ​ឲ្យ​បង្កើត​គ្រោង​ឡ​ស​ម្ងួ​ត​ចំនួន​៣​កន្លែង​ទៀត គឺ​នៅ​ក្នុង​ខេត្តព្រៃវែង កំពង់ធំ និង​តាកែវ​ផង​ដែរ ។

លោក​រដ្ឋលេខាធិការ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ការ​ប្រមូល​ទិញ​ស្រូវ​ឲ្យ​មាន​តម្លាភាព ជា​ពិសេស ចូលរួម​លុប​បំបាត់​ឲ្យ​អស់​លើ​ករណី​ទារ​លុយ​ខុសច្បាប់ ខណៈ​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ប្រមូល​ទិញ​ស្រូវ​នៅ​ក្នុង​គម្រោង​ផែនការ​ឆ្នាំ​២០១៧-២០១៨ ។
ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​ថ្លែង​ថា ការ​បញ្ចេញ​ទុន​របស់​រាជរដ្ឋាភិបាល ដើម្បី​ដោះ​ស្រាយ​​បញ្ហា​តម្លៃ​កសិផល​នានា គឺ​អាច​ជួយ​វិស័យ​នេះ​រយៈពេល​ខ្លី មិន​បាន​រយៈពេល​វែង​ទេ ដោយសារ​កសិកម្ម វា​ជា​បញ្ហា​ជាប់​ជា​ប្រព័ន្ធ​រាប់​តាំងពី​តម្លៃ​ដើម​នៃ​ការ​ដាំ​ដុះ សមត្ថភាព​ផលិត សមត្ថភាព​កែ​ច្នៃ និង​ទីផ្សារ​ដែល​អាច​ស្រូប​យក​ផលិតផល​កសិកម្ម​ទាំងនោះ ។ ឧទាហរណ៍ ពោត គឺ​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​តែ​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​មាន​តម្រូវការ ។ លោក​បន្ត​ថា បញ្ហា​គ្រប់គ្រង​ព័ត៌មាន​ទីផ្សារ​ទាក់ទង​នឹង​តម្រូវការ និង​ការ​ផ្គត់ផ្គង់ ក៏​មិន​ទាន់​រៀបចំ​ឲ្យ​បាន​សុក្រឹត​នៅឡើយ ។ ជាក់ស្តែង ពេល​លោក​ចុះ​ស្រាវជ្រាវ​នៅ​តាម​មន្ទីរ​កសិកម្ម​ក្នុង​ខេត្ត​មួយ​ចំនួន គឺ​មន្ត្រី​ទាំងនោះ​គ្មាន​ព័ត៌មាន​បច្ចុប្បន្នភាព​ទាក់ទង​នឹង​ផ្ទៃដី ទំហំ​នៃ​ការ​ផលិត និង​បរិមាណ​ទេ ហើយ​ឈ្មួញ​ទិញ​កសិ​ផល ក៏​គ្មាន​ព័ត៌មាន​ទីផ្សារ​ច្បាស់លាស់​ផង​ដែរ ។

លោក​បន្ត​ថា ៖« រដ្ឋាភិបាល​គួរ​បង្កើត​ឲ្យ​មាន​ព័ត៌មាន​ទីផ្សារ​មាន​សុក្រឹតភាព ដើម្បី​ដឹង​ពី​ស្ថានភាព​ទីផ្សារ បរិមាណ​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ផលិតផល​កសិកម្ម ព្រោះ​យើង​អាច​គ្រប់គ្រង​ព័ត៌មាន​ទីផ្សារ​បាន ទាល់តែ​យើង​មាន​ព័ត៌មាន​នៅ​ក្នុង​ដៃ » ។ លោក​បន្ត​ថា ៖« បញ្ហា​ធំ គឺ​សមត្ថភាព​នៃ​ការ​កែ​ច្នៃ​របស់​យើង​នៅ​មាន​កម្រិត និង​ការ​គ្រប់គ្រង​ព័ត៌មាន​ទីផ្សារ​មិន​ទាន់​បាន » ។

ទោះជា​យ៉ាងណា លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុននាំចេញ​អង្ករ AMRU RICE បាន​ថ្លែង​ថា ការ​ផ្តល់​ឥណទាន​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​នេះ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ដោយសារ​អត្រា​ការ​ប្រាក់​ធ្លាក់​ចុះ លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ឥណទាន​សម​ស្រប និង​បត់បែន​តាម​សភាព​ជាក់ស្តែង ការ​ផ្តល់​ទាន់​ពេលវេលា និង​ស្រប​តាម​ពេលវេលា​តម្រូវ ។ លោក​បន្ត​ថា ប្រសិនជា​ការ​ផ្តល់​ឥណទាន​យឺត គ្មាន​អ្នក​ណា​ហ៊ាន​ទិញ​ទេ ព្រោះ​កសិករ​ផលិត​បាន​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​កសិផល​ធ្លាក់​ចុះ ។

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា ឥណទាន​ទាំងនេះ​មិន​បាន​ផ្តល់​សម្រាប់​អ្នកទិញ​ស្រូវ​ស ធម្មតា​ទេ គឺ​ផ្តល់​ឥណទាន​សម្រាប់​តែ​ស្រូវ​ក្រអូប​សម្រាប់​នាំ​ចេញ​ប៉ុណ្ណោះ » ។

លោក​បន្ត​ថា ៖«​រដ្ឋាភិបាល​គួរ​ជួយ​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រទេស​ចិន​ជួយ​ទិញ​អង្ករ «​ស​» ធម្មតា​របស់​កម្ពុជា ព្រោះ​បច្ចុប្បន្ន ចិន​ទិញ​តែ​អង្ករ​ក្រអូប​​ប៉ុណ្ណោះ » ៕