ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យនិងបាបឱ្យផលមិនដូចគ្នាទេ

6 ឆ្នាំ មុន

បាប​​និង​​បុណ្យ​​ឱ្យផលផ្ទុយគ្នាស្រឡះ​​ បាប​បានដល់​​អំពើ​លាមក​​ អំពើអាក្រក់ពុំ​​ប្រសើរ​​ ឱ្យផលជាទុក្ខក្តៅក្រហាយ​​មិន​សប្បាយ​​​គ្រប់វេលា​​ រីឯ

បាប​​និង​​បុណ្យ​​ឱ្យផលផ្ទុយគ្នាស្រឡះ​​ បាប​បានដល់​​អំពើ​លាមក​​ អំពើអាក្រក់ពុំ​​ប្រសើរ​​ ឱ្យផលជាទុក្ខក្តៅក្រហាយ​​មិន​សប្បាយ​​​គ្រប់វេលា​​ រីឯ​​បុណ្យ​​បានដល់​គុណជាតិជាគ្រឿង​​ជម្រះសន្តាន​​ចិត្ត​​ឱ្យ​​ផូរផង់​​ចាក​គ្រឿងសៅហ្មងទាំងពួង​​។ ធ្វើ​​បុណ្យគឺ​ធ​្វើសេចក្តីល្អខាង​​ផ្លូវកាយ​​វាចាចិត្ត​​ឱ្យកើត​​មានដោយកិច្ច និងទំនង​​ផ្សេងៗ​​​​​​ប្រាសចាក​​ទោស​​។ បុណ្យគឺសំដៅយកការប្រព្រឹត្ត​​កុសល​​ធម៌​​ទាំង​​១០។ កុសល​កម្មទាំងនេះហើយ​​ជាការងារ​​ដែលបុគ្គលគួរធ្វើគួរប្រព្រឹត្ត​​ ព្រោះជាការងារ​​មិនមាន​​ទោសសមដូចពុទ្ធភាសិតមួយឃ្លាត្រាស់ថា អនវិជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ​​ ការងារ​​ទាំងឡាយ​​ដែលមិនមានទោសជាមង្គលដ៏ឧត្តម។

ប្រាកដណាស់​​ ការងារ​​​​ទាំងឡាយ​​ដែល​មិន​មានទោស​​សំដៅ​​យកការសមាទាន​​​​​នូវ​អង្គឧបោសថ​​ទាំង៨មាន បាណាតិបាត​​ា​​​ វេរមណី​​ជាដើម​​ និងមាន​​ឧច្ចាសយនមហាសយនា​​វេរមណី​​ជាទីបំផុត​​​​។​ ការខំខ្វល់ខ្វាយ​​បម្រើ​ចាស់​​​ព្រឹទ្ធាចារ្យ​​ និងអ្នកមានសីល​​ ការដាំសួនឈើមានផ្កា​​ សួនឈើមាន​​ផ្លែ​​​ សង់ស្ពាន​​ ជីកអណ្តូង​​ជីកស្រះ​​​ ឱ្យ​​ទានទឹក កសាងសាលា​​រៀន សាលាសម្រាប់សំណាក់​ មន្ទីរពេទ្យ​ និងចូលរួម​​ការពារដែនដីជាដើម​​​​ទាំងអស់នេះ​​ឈ្មោះថាជាអំពើ​​មិនមានទោស​​​។ ​​មែនពិត​​បុគ្គល​អ្នក​​ប្រាថ្នា​​នូវសុខសួស្តី​​ ហើយ​​បាន​​សមាទាននូវអង្គនៃឧបោសថ​​ដោយប្រពៃ ​​ខំរក្ស​​ា​​មិនឱ្យសៅហ្មង​ ​​ឬធ្វើអំពើ​ល្អ​ទំាង​ឡាយ​ដូច​ពោលមក​​ខាងលើ​​តើ​​អ្នកណា​​នឹងអាចទៅចាប់​ទោសអូសដំណើបុគ្គលនោះបាន ?

មួយទៀ​ត​​​​​បុគ្គលដែលឈឺ​​​​ឆ្អាល​​ខ្វល់​ខ្វាយ​​​បម្រើបុគ្គល​​អ្នក​​ចម្រើនដោយ​​​គុណ​មាន​សីលគុណជាដើម​​​​​​​​​​ ក៏រមែង​​បាននូវសុខ​​តែម្យា៉ងដូចគ្នា​​។ ដូចក្នុងគាថាជាសម្រាយ​​ថា ធម៌គឺពរទាំងឡាយ​​បួនប្រការគឺ​​ អាយុវែង១ ពណ៌សម្បុរ​​កាយស្រស់​​ថ្លា​​(មិនមានរោគ)​១ សេចក្តី​​សុខ​​ទាំងផ្លូវកាយនិងផ្លូវចិត្ត​​១ និងការ​​មានថាមពល​​កម្លាំង​​ដ៏រឹងមាំមិនស្រកស្រុត១ ។ ពរទាំងបួន​​ប្រការនេះ​​រមែង​កើតមាន​​ដល់បុគ្គល​ដែលបានប្រព្រឹត្តអំពើល្អមិនឱ្យរំលងជាតិឡើយ។

នេះ​​ជាអានិសង្សនៃការងារមិនមានទោស រមែង​​ហុចផលដល់​​ខ្លួនយើងវិញ​​ត្រូវតាម​​គន្លងពុទ្ធភាសិតត្រាស់​​ថា សុខស្ស​​​ ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជនដ៏មានប្រាជ្ញា​​ណា​​​បានឱ្យ​​សេចក្តីសុខដល់អ្នកដទៃ ជននោះឯង​​រមែងបានជួបប្រទះនឹងសេចក្តី​​សុខ​​ជារៀង​​រហូត​៕​​
(ឈ្វេងយល់ឱវាទពុទ្ធសាសនា​​ចេញផ្សាយ​រៀង​​​រាល់ថ្ងែសីល​​) ​