ខេត្តបាត់ដំបង ៖ រសៀលម៉ោង០២និង០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ក្នុងសាលប្រជុំគណបក្សប្រជាជនក្រុងបាត់ដំបង មានកិច្ចប្រជុំប្រកាសកែសម្រួលសមាភាពក្រុមការងារគណបក្សប្រជាជនសង្កាត់ និងភូមិទាំង៨ ក្នុងសង្កាត់រតនៈ ដែលមានសមាជិកចូលរួមចំនួន១៤៩នាក់ ក្រោមអធិបតីភាពលោក ឯក សំអូន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់រតនៈ ដើម្បីរៀបចំកែសម្រួលសមាជិកថ្មី ពង្រឹងបន្ថែមទៀត ត្រៀមសម្រាប់ចូលរួមការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ ។
លោក សេង ថាប៊ី ប្រធានក្រុមការងារចុះជួយភូមិរំចេក៥ បានឡើងអានសេចក្តីប្រកាស កែសម្រួលសមាជិក សមាជិកា ត្រូវរៀបចំថ្មីចំនួន១៤៩នាក់នេះ ដោយតម្រូវតាមការខ្វះចន្លោះរបស់ប្រជាពលរដ្ឋ ដែលកន្លងមកចុះជួយក្នុងផ្នែកជីវភាព ជម្រកក្នុងការរស់នៅមិនបានគ្រប់គ្រាន់សព្វគ្រប់ផ្សេងៗទៀត ដោយមានការឯកភាពពីសមាជិកទាំងអស់ និងយល់ព្រមសម្រេចពីប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់រតនៈផងដែរ ទើបចេញសេចក្តីប្រកាសក្នុងថ្ងៃនេះតែម្តង ។
លោក ឯក សំអូន ប្រធានក្រុមការងារគណបក្សប្រជាជនសង្កាត់រតនៈបានថ្លែងថា ៖ ទីតាំងភូមិសាស្ត្រភូមិទាំង៨ មានលក្ខណះខុសៗគ្នា ដែលភាគច្រើនក្រុមការងារយើងមិនបានចុះទៅដល់ និងដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា បណ្តាលឲ្យមានការថ្នាំងថ្នាក់ខ្លះៗ ចំពោះបងប្អូនដែលយើងមិនបានទៅដល់ ព្រោះភាគច្រើននៅក្នុងភូមិខ្លះជួបការលំបាកខ្លាំងផ្នែកជីវភាពប្រចាំថ្ងៃ ហើយផ្ទះស្នាក់នៅដោះស្រាយមិនទាន់តាមពេលវេលា ផ្លូវថ្នល់មួយចំនួននៅមិនទាន់បានស្រួលនៅក្នុងភូមិសាស្ត្រភូមិរបស់គាត់ សម្រាប់ចុះដល់ខ្នងផ្ទះផ្ទាល់របស់គាត់នៅឡើយ ហើយសង្ឃឹមថា ការរៀបចំកែសម្រួលក្រុមការងារបន្ថែមជាថ្មីនេះ គឺអាចធានាបានមួយកម្រិតទៀត ជួយសម្រួលការលំបាករបស់បងប្អូនដែលសេសសល់ កុំឲ្យជួបការលំបាកដូចពេលមុនៗទៀត ៕
ចែករំលែកព័តមាននេះ