ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​នៅ​ពេល​កើត​មាន​ស្ត្រេ​ស

6 ឆ្នាំ មុន

ស្ត្រេ​ស​ជា​លទ្ធផល​កើត​ចេញពី​ប្រតិកម្ម​រវាង​អារម្មណ៍ និង​សេរី​រា​ង្គ​កាយ​ដែល​ធ្វើ​ឱ្យ​មានការ​តានតឹង​ក្នុង​ចិត្ត​ដែល​បណ្តាក​មក​ពី​បរិស្ថាន ការ​ទាក់ទង​នឹង​ការងារ និង​សង្គម​ជាដើម ។

ស្ត្រេ​ស​ជា​លទ្ធផល​កើត​ចេញពី​ប្រតិកម្ម​រវាង​អារម្មណ៍ និង​សេរី​រា​ង្គ​កាយ​ដែល​ធ្វើ​ឱ្យ​មានការ​តានតឹង​ក្នុង​ចិត្ត​ដែល​បណ្តាក​មក​ពី​បរិស្ថាន ការ​ទាក់ទង​នឹង​ការងារ និង​សង្គម​ជាដើម ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​យឹ​ម សុ​បុត្រា ឯកទេស​វិកល​វិទ្យា នៃ​មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវចិត្ត សាន់​រ៉ា​យ ឱ្យ​ដឹង​ថា ស្ត្រេ​ស​គឺជា​បញ្ហា​មួយ​ដែល​កើត​មាន​ឡើង​ស្ទើរតែ​គ្រប់​បុគ្គល​ទាំងអស់ មិន​ថា​ស្ត្រី បុរស អ្នកមាន អ្នកក្រ អ្នក​ជនបទ អ្នក​ទីក្រុង​និង​មិន​ថា​ពេល​ណា​ទេ នៃ​ដំណើរ​ជីវិត​រស់នៅ​របស់​មនុស្ស​យើង​គ្រប់​រូប ។

បញ្ហា​ស្ត្រេ​ស​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ទាំង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ ហើយ​ស្ត្រេ​សគឺ​មាន​២​ប្រភេទ អវិជ្ជមាន និង​វិជ្ជមាន​៖
-​អវិជ្ជមាន​៖ ការ​បាត់បង់​ការងារ គ្មាន​ការងារ​ធ្វើ ឬ​ការ​លំបាក និង​ភាព​ស្មុគស្មាញ​ក្នុងផ្ទះ​សម្បែង ក្នុង​សាលា ឬ​ក៏​ក្នុង​ការិយាល័យ​ធ្វើការ​។
-​វិជ្ជមាន​៖ ការ​មាន​បុត្រ​ដំបូង អាពាហ៍ពិពាហ៍ ឬ​ក៏​ការ​មានផ្ទះ​សម្បែង​ថ្មី​ជាដើម ។ 

នៅ​ពេល​ដែល​មាន​បញ្ហា​តានតឹង​ក្នុង​ចិត្ត ស្ត្រេ​ស​ក៏​បាន​កើត​មាន​ឡើង និង​ត្រូវ​បាន​ស្តែង​ចេញ​តាម​រយៈ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖
១-​ការ​បម្រែបម្រួល​រាង​កាយ​មាន​ដូច​ជា​៖ បេះដូង​ដើរ​ញាប់​, ចង្វាក់​ដង្ហើម ខ្លី​ៗ, ឈឺក្បាល​,​វិលមុខ​, ត្រជាក់​ចុងដៃ​ជើង​,​រសេះរសោះ​អស់កម្លាំង​,​ល្ហិតល្ហៃ​,​ឈឺ​ចុកចាប់​ក្នុង​ក្រពះ​, ចង្អោរ ឬ​រកកល់​ចង់​ក្អួត​, នោម​ញឹក ។

២-​បម្រែបម្រួល​អារម្មណ៍​មាន​ដូច​ជា​៖ តានតឹង​ក្នុង​ចិត្ត​, ព្រួយចិត្ត ឬ​ធ្លាក់​ទឹកចិត្ត​, ព្រួយបារម្ភ​, ឆេវឆាវ ឬ​ខឹង​ច្រើន ។

៣-​បម្រែបម្រួល​អាកប្បកិរិយា​មាន​ដូច​ជា​៖ ញុំ​ា​មានការ​ប្រែប្រួល​, មិន​ចង់​ចូលរួម​កិច្ចការ​ក្នុង​សង្គម​, មាន​វិបត្តិ​ដំណេក​, មាន​វិបត្តិ​ផ្លូវភេទ ។

៤-​បម្រែបម្រួល​លើ​គំនិត​មាន​ដូច​ជា​៖ ការ​ចង​ចាំ និង​មាន​ផ្ចង់​គំនិត​ថយ​ចុះ​,​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​, អស់​ស​ង្ឈឹ​ម ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​យឹ​ម សុ​បុត្រា​ប្រាប់​ឲ្យ​ដឹង​អំពី​វិធីសាស្ត្រ ងាយ​ៗ​ក្នុង​ការ​គ្រប់គ្រង​ស្ត្រេ​ស​ផង​ដែរ ។ វិធីសាស្ត្រ​មាន​៤៖
១-​ការ​កំណត់​សញ្ញា​ស្ត្រេ​ស​ឱ្យ​ឃើញ​តាំងពី​ដំបូង ។
២-​ការ​វិភាគ​ឱ្យ​ឃើញ​នូវ​ប្រភព ឬ​មូលហេតុ​ស្ត្រេ​ស ។
៣-​ឆ្លើយ​តប​ដោយ​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ឬ​ដោះស្រាយ​នូវ​រាល់​ប្រភព​នៃ​ស្ត្រេ​ស​ទាំងនោះ​៖

-​ការ​ចំណាយ​ពេលវេលា​លំហែ​ខាងក្រៅ​ផ្ទះ ឬ​ការិយាល័យ ។
-​ប្រើ​វិធីសាស្ត្រ​នៃ​ការ​ដកដង្ហើម​នៅ​ពេល​ដែល​មានការ​តានតឹង​ក្នុង​ចិត្ត ។
-​ប្រើ​វិធីសាស្ត្រ​បែប​សម្រាក​សាច់ដុំ​ជា​ដំណាក់កាល​ៗ ។

៤-​កា​ពារ​នូវ​ស្ត្រេ​ស ថ្មី​ៗ ផ្សេង​ទៀត​ដែល​អាច​នឹង​កើត​មាន ។ បើសិនជា​អនុវត្ត​បែប​នេះ​ហើយ​នៅ​មិន​មាន​ប្រសិទ្ធភាព​ទៀត​នោះ ចូរ​អនុវត្ត​វិធី ផ្សេង​ៗ​ទៀត​មាន​ដូច​ជា​៖
-​លេងសើច​សប្បាយ​ឲ្យ​បានជា​ប្រចាំ ជាមួយ​អ្នក​រួមការ​ងារ មិត្តភក្តិ និង​ក្រុម​គ្រួសារ ។
-​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ដោយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ឬ​ធាក់​កង​ទៅ​ទីកន្លែង​ដែល​មាន​ខ្យល់​បរិសុទ្ធ ដូច​ជា​ឡើង​ភ្នំ​ជាដើម ។
-​ការ​ព្យា​ល​បែប​បុរាណ​ដោយ​ការ​ម៉ាស្សា  ការ​សមាធិ វិបស្សនា យោ​ហ្គា​ជាដើម ។

ប្រការ​ចាំបាច់​គួរតែ​ធ្វើ​៖
-​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ទៀងទាត់ និង​ជា​ប្រចាំ ។
-​ការ​ញ៉ាំ​ដោយ​មាន​តុល្យភាព​រវាង​សាច់​, បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ ។

ប្រការ​ដែល​មិន​គួរ​ធ្វើ​៖
-​ពិសា​ស្រា ។
-​ការ​សេព​គ្រឿងញៀន ។
-​ពិសា​កាហ្វេ​, បារី ការ​ស្វែងរក​ការ​ប្រឹក្សា​និង​ព្យាបាល​ពី​អ្នកជំនាញ​តាំងពី​ដំបូង​វា​មាន​សារសំខាន់​បំផុត ៕