ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ជំរុញ​ឧស្សាហកម្ម​ម្រេច ​ដើម្បី​ចូល​ជា​សមាជិក​សហគមន៍​ម្រេច​អន្តរជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឧស្សាហកម្ម​ម្រេច​ឲ្យ​រីក​ចម្រើន កម្ពុជា​បាន​ត្រៀម​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​បង្កើត​សមាគម​នៅ​តាម​តំបន់​បន្ថែម ឬ​បង្កើត​ជា​សហព័ន្ធ​ម្រេច​ធំ​មួយ​ដើម្បី​ធ្វើ​ជា​ក្បាល

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឧស្សាហកម្ម​ម្រេច​ឲ្យ​រីក​ចម្រើន កម្ពុជា​បាន​ត្រៀម​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​បង្កើត​សមាគម​នៅ​តាម​តំបន់​បន្ថែម ឬ​បង្កើត​ជា​សហព័ន្ធ​ម្រេច​ធំ​មួយ​ដើម្បី​ធ្វើ​ជា​ក្បាលម៉ាស៊ីន​សម្រាប់​ដឹកនាំ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ឱ្យ​បាន​ល្អ​ជូន​កសិករ មុន​នឹង​ក្លាយជា​សមាជិក​សហគមន៍​ម្រេច​អន្តរជាតិ​ខាង​មុខ​។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូ​រ៉ា បានឱ្យ​ដឹង​ក្នុង​សិក្ខាសាលា ស្តី​ពី​ការ​ផ្តា​ល់​ប្តូរ​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម លើ​វិស័យ​ម្រេច​កម្ពុជា និង​កសាង​ទំនុក​ចិត្ត​លើ​ផលិតកម្ម​ម្រេច ប្រកបដោយ​ចីរភាព ជាមួយ​សហគមន៍​ម្រេច​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១១ សីហា កន្លង​មក​ថា ការ​ធ្វើ​អាជីវកម្ម​លើ​ផលិតផល​ម្រេច​កម្ពុជា​បាន​ជួប​ប្រទះ​នូវ​ភាព​ប្រថុយប្រថាន​ច្រើន និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទាមទារ​ឱ្យ​គ្រប់​ភា្ន​ក់​ងារ​ពាក់ព័ន្ធ ទាំង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ រួម​គ្នា​ជួយ​ដោះស្រាយ ។ ភាព​ប្រថុយ​ប្រថាន​​ទាំងនេះ​រួម​មាន​តម្លៃ​ម្រេច​មានការ​ប្រែប្រួល​មិន​ទៀងទាត់ ហើយ​បញ្ហា​ប្រឈម​មាន​ចាប់ពី​ការ​ផ្តល់​វត្ថុធាតុដើម​កសិកម្ម បច្ចេកទេស​ដាំ​ដុះ ការ​ប្រមូល​ផល ការ​ធ្វើ​ពាណិជ្ជ​កម្ម ការ​កែ​ច្នៃ ការ​ចែកចាយ​រហូត​ដល់​ការ​ជ្រៀតចូល​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ ។

លោក​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​ថា ៖ «​ដើម្បី​ជំរុញ​លើកកម្ពស់​វិស័យ​ម្រេច​ឱ្យ​មាន​ភាពរឹងមាំ បង្កើន​គុណ​តម្លៃ និង​និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច ក្រសួង​បាន​រៀបចំ​យុទ្ធ​សាស្ត្រ​មួយ​ចំនួន ហើយ​ក្រសួង​នឹង​បន្ត​ជួយ​រៀបចំ​បង្កើត​ជា​សហព័ន្ធ​ម្រេច​កម្ពុជា​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​មួយ​ដែល​រឹង​មាំ​ជាង​មុន សម្រាប់​ធ្វើ​ជា​ដៃគូ​ជាមួយ​រាជ​រដ្ឋា​ភិបាល​​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតឡើង​លើ​វិស័យ​ម្រេច ដូច​ជា​បញ្ហា​ទីផ្សារ ការ​នាំ​ចេញ កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ឈាន​ទៅ​ចូលរួម​ជា​សមាជិក​របស់​​សហគមន៍​ម្រេច​អន្តរជាតិ​ពេល​ខាង​មុខ » ។

លោក ម៉ៅ ថូ​រ៉ា បាន​បន្ថែម​ទៀត​ថា ក្រសួងពាណិជ្ជកម្ម​នឹង​រៀបចំ​វេទិកា​ម្រេច​លើក​ទី​១ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៧​ខាង​មុខ ដែល​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្លាស់​​ប្តូរ​ព័ត៌មាន និង​បទ​ពិសោធន៍ ជា​ពិសេស​ប្រែក្លាយ​កសិករ និង​សមាគម​ម្រេច ឲ្យ​ចេះ​ធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​វិជ្ជាជីវៈ និង​ជំនាញ ។

លោកស្រី Hoang Thai Lein នាយក​ប្រតិបត្តិ​សហគមន៍​ម្រេច​អន្តរជាតិ​មាន​ប្រសាសន៍​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ តម្រូវការ​ម្រេច​កម្ពុជា​មានការ​កើនឡើង ហើយ​តួលេខ​នេះ​ជា​ចំនួន​សំខាន់​មួយ​ក្នុង​ការ​នាំ​ចេញ ពិសេស​ចូលរួម​ជាមួយ​សហគមន៍​ម្រេច​អន្តរជាតិ ។

លោកស្រី​បន្ត​ថា ៖« ខ្ញុំ​គិត​ថា​ដល់​ពេល​ហើយ​សម្រាប់​កម្ពុជា​ត្រូវ​ចាត់វិធានការ​ជា​ថ្មី​ម្តងទៀត ។ សហគមន៍​ម្រេច​អន្តរជាតិ ប្ដេជ្ញា​សហការ​ជាមួយ​កម្ពុជា ក្នុង​ការ​នាំ​យក​ផល​ប្រយោជន៍​សម​ស្រប​ដល់​សហគមន៍​កសិករ​របស់​យើង ។ ដូចនេះ​ខ្ញុំ​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ស្តាប់​ការ​យល់​ឃើញ​របស់​កម្ពុជា ថា​តើ​សហគមន៍​ម្រេច​អន្តរជាតិ ចូលរួម​ផ្តល់​ការ​គាំទ្រ​ដូច​ម្តេច​ដល់​វិស័យ​ម្រេច​កម្ពុជា និង​ត្រូវការ​សហការ​នាំ​យក​ការ​អភិវឌ្ឍ​ឈាន​ទៅ​មួយ​កម្រិត​និង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​សម្រេច​បាន​ជោគជ័យ​នៃ​សមា​ជិក​កម្ពុជា​ក្នុង IPC »​។

លោក វ៉ា រុត​សាន ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់​ថា ៖« ការ​ជ្រើសរើស​ប្រធាន​សមាគម​ម្រេច​នៅ​តាម​ស្រុក​មួយ​ៗ​គឺ​សំខាន់​ណាស់ និង​ជា​កត្តា​ស្លាប់​រស់ ។ បើ​ប្រធាន​សមាគម​នោះ​គិតតែ​ផលប្រយោជន៍​ខ្លួនឯង​ទេ នោះ​សមាគម​ហ្នឹង ១០០​ភាគរយ​នឹង​រលាយ​។ ដូចនេះ​ការ​ជ្រើសរើស​ប្រធាន​សមាគម​មួយ​ៗ​ទាមទារ​គិត​ឲ្យ​បាន​ដិត​ដល់ និង​ស៊ីជម្រៅ ទើប​សមាគម​នោះ​រីក​ម្រើ​ន​បាន​នា​ពេល​ខាង​មុខ » ។

នៅ​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ម្រេច​គឺជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ចំនួន​១៩​មុខ​ដែល​មាន​សក្តានុពល​នាំ​ចេញ​របស់​កម្ពុជា ។ គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៧ ដំណាំ​នេះ​ត្រូវ​បានឃើញ​រីក​ដុះដាល​នៅ​ក្នុង​ខេត្ត​ចំនួន​១៩ ចាប់ពី​តំបន់​និរតី រហូត​ដល់​តំបន់​ពាយ័ព្យ និង​ភូមិភាគ​ឦសាន​នៃ​ប្រទេស ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ប្រមាណ​៦.៦៧៨​ហិ​កតា ហើយ​ផ្តល់​ទិន្នផល​២០.០៥០​តោន ។ បន្ទាប់​ពី​កាត់​ទុក​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ប្រមាណ​៣០០​តោន វា​ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​ប្រទេស​ជប៉ុន កូរ៉េ តៃវ៉ាន់ សហគមន៍​អឺរ៉ុប និង​អា​មេ​រិ​ក ជាដើម ៕