រាជធានីភ្នំពេញ ៖ រយៈពេល៧ខែឆ្នាំ២០១៧ ចំណូលពន្ធ-អាករដែលប្រមូលបាន មានចំនួន៥.១៤៥ពាន់លានរៀល (ប្រមាណជា១.២៨៦,៤៤លានដុល្លារអាមេរិក) ស្មើនឹង៧៥%នៃផែនការច្បាប់ ។ ដោយឡែក ក្នុងខែកក្កដា ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៥០៣ពាន់លានរៀល (ប្រមាណ១២៨,៣៧លានដុល្លារអាមេរិក) ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំអគ្គនាយកដ្ឋានពន្ធដារ កាលពីព្រឹកថ្ងៃទី១១ សីហា ។
ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល៧ខែ ឆ្នាំ២០១៧ កើនឡើងចំនួន១.៣២៥ពាន់លានរៀល (ប្រមាណជា៣៣១,៤៤លានដុល្លារ) ឬស្មើនឹងអត្រាកំណើន៣៤,៧១%។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧នេះដែរ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេស ប្រភេទពន្ធ-អាករសំខាន់ៗមានជាអាទិ ៖ ពន្ធលើប្រាក់ចំណូលកើនឡើង៣១,១%, អាករលើតម្លៃបន្ថែមកើនឡើង៣៨,៤% ខណៈដែលអាករពិសេសកើនឡើង១០,៦% និងពន្ធលើប្រាក់បៀវត្សកើនឡើង៤,៨% ។
ក្នុងឱកាសនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្នុងន័យបង្កើនផលិតភាព ប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធនាពេលកន្លងមក ហើយក៏ បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពទាំងអស់ដែលស្ថិតនៅក្រោមឱវាទរបស់អគ្គនាយកដ្ឋានពន្ធដារ និងសមាជិកអង្គប្រជុំ ដូចខាងក្រោម ៖
-បន្តការអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ និងកាន់តែជ្រួតជ្រាបថែមទៀត ក្នុងចំណោមមជ្ឈដ្ឋានអ្នកជាប់ពន្ធពាក់ព័ន្ធនឹងវិធាន និងនីតិវិធីនៃការបង់ពន្ធតាមប្រភេទពន្ធនីមួយៗ ជាពិសេស ពន្ធពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីចៀសវាងមានការយល់ច្រឡំ ដែលនាំទៅដល់បញ្ហាផ្សេងៗកើតមានជាយថាហេតុ ។
-ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ធ្វើយ៉ាងណា ធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងរក្សាបាននូវអាកប្បកិរិយាទន់ភ្លន់ទាំងពាក្យសម្តីទៅកាន់អ្នកជាប់ពន្ធ និងការអនុវត្តវិធានពន្ធដារ ។
-ពង្រឹង និងប្តេជ្ញាផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងបំពាក់សម្ភារបរិក្ខារបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ទៅតាមការចាំបាច់ ។
-បន្តធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធប្រភេទនេះប្រព្រឹត្តទៅដោយរលូន ។
-យកចិត្តទុកដាក់ពន្យល់ណែនាំអ្នកជាប់ពន្ធតូច និងលើកទឹកចិត្តពួកគាត់ឱ្យមកចុះបញ្ជីសម្រាប់អ្នកជាប់ពន្ធដែលមានផលរបរប្រចាំចាប់ពី២៥០លានរៀល ចៀសវាងដាច់ខាតនូវការសំទ្បុតគំរាមផ្សេងៗដល់អ្នកជាប់ពន្ធ ៕
ចែករំលែកព័តមាននេះ