ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ណា ទើប​ពលរដ្ឋ​ខ្មែរ​ឃើញ​ដំណក់​ប្រេង​ដំបូង​របស់​ខ្លួន ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាច​ជា​ដំណឹង​ល្អជា​ថ្មី​សម្រាប់​កម្ពុជា ព្រោះ​ដំណក់​ប្រេង​ដែល​ប្រជាពលរដ្ឋ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ អាច​នឹង​ទទួល​បាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ផ្តល់​

រាជធានី​ភ្នំពេញ ៖ អាច​ជា​ដំណឹង​ល្អជា​ថ្មី​សម្រាប់​កម្ពុជា ព្រោះ​ដំណក់​ប្រេង​ដែល​ប្រជាពលរដ្ឋ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ អាច​នឹង​ទទួល​បាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ផ្តល់​លិខិតអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Kris Energy ចាប់ផ្តើម​ផលិតកម្ម​របស់​ខ្លួន ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​លោក ជាប សួរ បាន​ថ្លែង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា​ថា ក្នុង​ចំណោម​ប្លុក​ប្រេង​ទាំង​៦​របស់​កម្ពុជា ដែល​មា​នទី​តាំងនៅ​ក្នុង​សមុទ្រ​មាន​តែ​ប្លុក​A មួយ​ប៉ុណ្ណោះ​មាន​សកម្មភាព ដែល​កំពុង​រៀបចំ​ដោយ​ក្រុមហ៊ុន Kris Energy ។ រហូត​មក​ទល់​ពេល​នេះ ការ​បែងចែក​ភាគលាភ​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​ហើយ ។ លោក​បន្ត​ថា រាជរដ្ឋាភិបាល​នឹង​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​នៅ​ពេល​ឆាប់​ៗ ហើយ​បន្ទាប់​ពី​ទទួល​បាន​លិខិតអនុញ្ញាត ក្រុមហ៊ុន​ត្រូវការ​ពេលវេលា​រយៈពេល​២៦​ខែ​ដើម្បី​ចាប់ផ្តើម​សកម្មភាព​ទាញ​យក​ប្រេង ។

លោក​បន្ត​ថា ៖« រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន និង​រាជរដ្ឋាភិបាល​បាន​ចរចា​ត្រូវ​គ្នា​អស់ហើយ ។ យើង​សង្ឃឹមថា នៅ​ឆ្នាំ​២០២០​ខាង​មុខ កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​ខ្លួន » ។ លោក​បន្ត​ថា ៖« ប្រសិនជា​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​បន្ត​ធ្លាក់​ចុះ អ្វី​ៗ​អាច​ប្រែប្រួល ព្រោះ​អ្វី​ដែល​រាជរដ្ឋាភិបាល​ខិតខំ​កន្លង​មក គឺ​មក​ពី​យើង​មិន​ទាន់​មានសំណាង​ទទួល​បាន » ។

នៅ​ពេល​លើក​ឡើង​ពី​បរិមាណ​ប្រេង​នឹង​ទទួល​បាន លោក ជាប សួរ បាន​ថ្លែង​ថា អ្វី​ៗ​វា​ទាមទារ​ការ​ធ្វើ​ផលិតកម្ម​សិន ទើប​អាច​ដឹង​ថា ទទួល​បាន​បរិមាណ​ប្រេង​កម្រិត​ណា។

កម្ពុជា​មិន​ត្រឹមតែ​មាន​ប្លុក​ប្រេង​តែ​ក្នុង​សមុទ្រ​នោះ​ទេ ប៉ុន្តែ​ប្រទេស​នេះ​ក៏​មាន​ប្លុក​ប្រេង​នៅ​លើគោក​ចំនួន​១៩​ប្លុក​ផង​ដែរ ដែល​មិន​ទាន់​មានការ​ស្រាវជ្រាវ​នៅឡើយ​ទេ គឺ​មាន​តែ​មួយ​ប្លុក​ប៉ុណ្ណោះ ដែល​បាន​និង​កំពុង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន Petro Vietnam មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ប្រសព្វ​គ្នា​រវាង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត កំពង់ធំ ព្រះ​វិហារ និង​សៀមរាប ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ជាប សួរ ។

លោក​បន្ត​ថា ចំណែក​ប្លុក​ប្រេង​នៅ​ដែនសមុទ្រ ក្រៅពី​តំបន់​ប្លុក​A គឺ​មិន​ទាន់​មានការ​ស្រាវជ្រាវ​រក​ឃើញ​នៅ​តំបន់​ណា​នៅឡើយ​ទេ​។ ចំណែក​តំបន់​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​ថៃ ដែល​មាន​ចំនួន​៤​តំបន់ គឺ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​ចរចា ឬ​ដោះស្រាយ​ចេញ​នៅឡើយ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន តម្លៃ​ប្រេង​នៅ​លើ​ពិភព​លោក​​បាន​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​តម្លៃ និង​បរិមាណ​ទទួល​បាន​មាន​ចំនួន​តិច ។ វា​អាច​ធ្វើ​ឲ្យ​ផលិតកម្ម​ប្រេង​រួម​តូច ប៉ុន្តែ​ធម្មតា ប្រទេស​ណា​មាន​ធនធានធម្មជាតិ មិន​ថា​រ៉ែ ឬ​ធនធាន​អ្វី​ទេ គឺជា​ធនធាន​សំខាន់​សម្រាប់​កសាង​ជាតិ​ហើយ ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់ចែង​ធនធាន​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព ។

លោក​បន្ត​ថា ៖« យើង​មាន​យន្តការ និង​ចំណុច​ជា​ច្រើន​ត្រូវ​កែ​លម្អ ទាំង​ក្របខ័ណ្ឌ​ច្បាប់ និង​គ្រប់គ្រង​ធនធាន​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កុំ​ឲ្យ​ដូច​ប្រទេស​មួយ​ចំនួន​ទាញ​បាន​ធនធាន​ប្រេងកាត​ដែរ តែ​ត្រូវ​បណ្តាសា​ប្រេងកាត ព្រោះ​ថវិកា​បាន​មក មិន​បាន​ដាក់​ចូលជាតិ » ។

លោក​បន្ត​ថា ៖« កម្ពុជា​ត្រូវ​មាន​ចំណុច​កែ​លម្អ​ច្រើន ហើយ​ការ​ពន្យារពេល​នេះ ក៏​ជា​ឱកាស​រៀបចំ​យន្តការ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​កុំ​ឲ្យ​ពេល​យើង​យក​បាន​ធនធាន​ប្រេង​ហើយ យើង​សប្បាយ​ចិត្តបាន​តែ​រយៈពេល​ខ្លី ដោយសារ​មិន​បាន​កៀរគរ​ចំណូល​ចូល​ថវិកាជាតិ ដែល​ធ្វើ​ឲ្យ​ធនធានធម្មជាតិ​ក៏​ត្រូវ​បាត់បង់ និង​ឱកាស​កសាង​ជាតិ​ក៏​មិន​មាន» ៕