ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនិកជន​មើលឃើញ​តារា​ថ្មី​សម្តែង​ឆ្គង​ចង់ឱ្យ​ទទួល​ការ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​ភាពយន្ត​ខ្មែរ​នៅ​តែ​ត្រូវ​ទស្សនិកជន​វាយតម្លៃ​ថា​មិន​ទាន់​ល្អ​នៅឡើយ​ទេ បើ​ទោះជា​បច្ចុប្បន្ន មានការ​ផលិត​ច្រើន​ក្តី ។ ម៉្លោះ​ហើយ​ត្រូវការ​ចូលរួម​ពិភាក្សា​គ្នា និង

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​ភាពយន្ត​ខ្មែរ​នៅ​តែ​ត្រូវ​ទស្សនិកជន​វាយតម្លៃ​ថា​មិន​ទាន់​ល្អ​នៅឡើយ​ទេ បើ​ទោះជា​បច្ចុប្បន្ន មានការ​ផលិត​ច្រើន​ក្តី ។ ម៉្លោះ​ហើយ​ត្រូវការ​ចូលរួម​ពិភាក្សា​គ្នា និង​រិះរក​ចំណុច​ល្អ​ៗ​បែប​ណា​ទៀត​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​មានគុណ​ភាព ។

ទស្សនិកជន​ជា​ច្រើន​ផ្តោត​លើ​តារា​ថ្មី​មួយ​ចំនួន​ឃើញ​ថា ​មិនសូវ​មាន​ទេព​កោសល្យ​សម្តែង​។ មតិ​ទស្សនិកជន​លើក​ឡើង​ថា​ហេតុតែ​ចង់​សម្តែង​តួ​ថ្មី​ខ្លះ​កាយវិការ​សម្តែង​មិន​សមសួន ដ្បិត​មិនសូវ​យល់​ពី​របៀប​សម្តែង ។ ផលិតករ​ខ្លះ​ព្រោះតែ​ចង់​ចំណេញ​ច្រើន​ឲ្យ​តែ​តួ​ថ្មី​សុំ​លេង ឬ​សុំ​ចូលរួម​សម្តែង​មិន​យក​លុយ​ក៏​ផ្តល់​ឱកាស​ឱ្យ ។

បើ​ក្រឡេក​ទៅ​មើល​តួ​ប្រុស​វិញ​ទស្សនិកជន​សម្គាល់ថា មាន​មាឌ​ឌាំ​ង តែ​សម្តែង​ចេញ​មក​មិនសូវ​ល្អ ។ ប្រុស​តែ​លាប​ឡេ​លាបម្សៅ​ឡើង​ចង់ទៅ​ជា​ស្រី ហើយ​សម្តែង​មើល​ទៅ​ឆ្គង ។ ថត​ហាលថ្ងៃ​កាន់​ដាវ​កាន់​លំពែង​មិន​ចង់​ថត​ទេ ខ្លាច​ខូច​ស្បែក តែ​អួត​ថា​ចង់​ចូលរួម​បម្រើ​សិល្បៈ ។ អ្នកសិល្បៈ​ពិតប្រាកដ​រូបភាព​បែប​ណា​ក៏​ទៅ​រួច​មិន​ដែល​តវ៉ា​ទេ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទស្សនិកជន​ម្នាក់​និយាយ​ថា​ «​បើ​តួ​គេ​ជំនាញ​មិន​អី​ទេ តែ​រលក​ក្រោយ​ចាំបាច់​ត្រូវ​មានគុណ​ភាព ទាល់តែ​ទៅ​ហាត់រៀន​ពីសា​លា ជំនាញ​ៗ​ខាង​សិល្បៈ​ដើម្បី​បានដឹង​តិច​និក ។ តួ​ថ្មី​ក៏​មិន​ត្រូវ​មើល​រំលង​រៀមច្បង​តារា មុន​ៗ អ្នកដឹកនាំ អ្នក​ពាក់ព័ន្ធ​ភាពយន្ត​នោះ​ទេ អ្នក​ទាំងនោះ​គឺជា​គន្លឹះ​រុញ​ឲ្យ​យើង​ចេះ​សម្តែង​ត្រូវ​តាម​ក្បួនខ្នាត កុំ​អាង​ខ្លួន​មាន​និស្ស័យ​ពី​ធម្មជាតិ​មិន​ត្រូវការ​អ្នក​ហាត់ពត់​បន់​បែន​គឺ​មិនល្អ​នោះ​ទេ ពោល​កុំ​អំនួត​» ។

លោក​ម៉ែ​ន អ​ម្រុ​ង​រ័​ត្ន តារា​សម្តែង​ថ្មី និយាយ​ថា «​តាំងពី​យល់​ជ្រាប​កាន់តែ​ច្បាស់​ពី​របៀប​សម្តែង និង​ចូល​សិល្បៈ​យូរ​មក​ដឹង​ថា​សិល្បៈ​មិនមែន​ចេះ​សម្តែង​តែ​មាត់ ហើយ​ស្រឡាញ់​តាម​ធ្ម​ជាតិ ចង់ ប្រឡូក​ៗ​បាន​នោះ​ទេ គឺ​ចាំបាច់​ត្រូវ​មើល​រៀមច្បង និង​តិច​និក​របៀប​សម្តែង​របស់​ប្រទេស​ជិតខាង ។ ខ្ញុំ​យល់​ថា​ប្រការ​ដែល​ល្អ​ត្រូវ​ទៅ​រៀនមាន​ជំនាញ​ពីសា​លា ឬ​ទៅ​រៀន​នៅ​ក្លឹ​ប​សិល្បៈ​ណាមួយ​ជា​មុន​សិន​ដើម្បី​ឲ្យ​មាន​ទុន​ដឹង​ថា ការ​សម្តែង​បែប​ណា​ទើបត្រូវ​តាម​ចរិតលក្ខណៈ​របស់​តួអង្គ ។

ឆ្លងកាត់​ការ​ទស្សនា​កុន​ខ្មែរ​សម័យនេះ ខ្ញុំ​យល់​ថា​តួ​សម្តែង​នៅ​មិន​ទាន់​ល្អ​ច្រើន​ពេក​នោះ​ទេ ពិសេស​រលក​ក្រោយ​ដែល​តម្រូវ​ឲ្យ​ចេះ និងរ​កតិច​និក​ថ្មី​ទៀត​ដើម្បី​ដុសខាត់​ខ្លួន​ទៅ​មុខ​បាន​» ។

កញ្ញា​សោភា ទេពី ជា​អ្នករបាំ និង​ជា​តារា​សម្តែង​ថ្មី​ឲ្យ​ដឹង​ថា នាង​ហាត់រៀន​នៅ​សាលា​វិចិត្រសិល្បៈ​តាំងពី​ក្មេង ព្រោះ​ប៉ា​ម៉ាក់​នាង​យល់​ថា ​មាន​តែ​សាលា​ជំនាញ​នេះ​ទេ​ ដែល​អាច​ជួយ​ឲ្យ​សិល្បករ​ចេះ​ពី​របៀប​សម្តែង ។ បើ​គ្រាន់តែ​ស្រឡាញ់​ចូល​ចិត្ត តែ​អត់​មាន​គ្រូ​បណ្តុះបណ្តាល​ឲ្យ​ល្អ​មិនកើត​ទេ ។ «​ឆ្លង​តាម​ការ​ហាត់រៀន​ជំនាញ​សិល្បៈ​ទើប​យល់​ថា​ការ​សម្តែង​មាន​បែបបទ​របស់​គេ មួយ​ៗ ។ ញញឹម​ពិសពុល​បែប​ម៉េច ញញឹម​អរ​នឹង​លទ្ធផល​អ្វីមួយ​បែប​ណា គឺ​គេ​មាន​ល្បិច​ធ្វើ​ទាំងអស់ បើ​យើង​មិន​យល់​មិន​អាច​ធ្វើ​បាន​ទេ »​។

លោក​ហ៊ុយ យ៉ា​ឡេ​ង ផលិតករ​ក្នុង​ផលិតកម្ម​មា​តុ​ចក្រ​លើក​ឡើង​ថា «​ភាពយន្ត​ខ្មែរ​យើង​ល្អ​ត្រូវ​មាន​កត្តា​ផ្សំគ្នា​មួយ​ចំនួន​ដូច​ជាទី​១ អ្នកដឹកនាំ​រឿង​ល្អ  ។ ទី​២ អ្នក​សម្តែង និង​ទី​៣ ឧបករណ៍​បច្ចេកទេស ។ ការ​រួម​ផ្សំ​ទាំង​បី​ផ្នែក​នេះ​នឹង​ជួយ​រុញច្រាន​ឲ្យ​ភាពយន្ត​ដើរទៅ​មុខ​បាន ។

អ្នក​សម្តែង​ត្រូវ​តែ​មាន​ភាព​ប៉ិន​ប្រសប់​ហើយ​កត្តា​បច្ចេកទេស​ក៏​ជា​រឿង​មួយ​ជួយ​ឲ្យ​មាន​ភាព​ទាក់ទាញ បូក​ទាំង​អ្នកដឹកនាំ​ទៀត​គាត់​ចេះ​មើល​ខុស​ត្រូវ​គឺ​កាន់តែ​ជួយ​ជំរុញ​ឲ្យ​មាន​ភាព​ទាក់ទាញ​ផង​ដែរ​» ។

លោក​ម៉ៅ អា​យុទ្ធ មាន​ប្រសាសន៍​កាលពី​ពេល​កន្លង​មក​ថា «​ភាពយន្ត​មានការ​ផ្សំគ្នា​ច្រើន​ណាស់ ។ ចំណុច​មួយ​ទាល់តែ​ផលិតករ​ចេះ​ជ្រើសរើស​តួ​ឲ្យ​ត្រូវ​ចំ​សាច់​រឿង ឲ្យ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​តាំងពី​តួ​ឪ​តួ​កូន ។ ការ​ជ្រើសរើស​មុខមាត់​តួ​ឲ្យ​ត្រូវ​ជាមួយ​សាច់​រឿង​។ ស្រប​ជាមួយ​គ្នា​នេះ​ត្រូវ​ប្រមូលផ្តុំ​ទៅ​ដោយ​អ្នកជំនាញ​ពិតប្រាកដ​ទើប​ធ្វើ​ឲ្យ​កុន​យើង​លូត​ទៅ​មុខ​បាន មិនមែន​ធ្វើ​ឱ្យ​តែ​បាន​នោះ​ទេ »​។

សាលា​ភាពយន្ត​«​រ័​ត្ន​កញ្ញា​»​បើក​ទីតាំង​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ធ្លាប់​ប្រកាស​ឱ្យ​អ្នកមាន​និស្ស័យ​ស្រឡាញ់​សិល្បៈ​ភាពយន្ត និង​តារា​ថ្មី​ចូល​រៀន ព្រោះ​សាលា​មាន​សាស្ត្រាចារ្យ​ជំនាញ​ច្បាស់លាស់ ៕