សិល្បៈ​-វប្ប​​​ធម៌ » សិល្បៈ​និង​តារា

ស្ត្រីម្នាក់​ទម្លាយ​ពី​ការបោកប្រាស់​ស្នេហា​របស់​លោក​ រចនា ដួង

ដោយ ៖ សុខ វាសនា   

ថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧ ម៉ោង ២០:០០   (13-08-2017 20:00)

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ម្នាក់​បាន​ទម្លាយ​ពី​ការ​បោកប្រាស់​ស្នេហា និង​លុយ​របស់​តារា​សម្តែង ​និង​ដឹកនាំ​រឿង​លោក ​រចនា ដួង ។ ការ​ទម្លាយ​នេះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ដាច់ដោច ។

ស្ត្រី​រូប​នោះ​បាន​ចោទប្រកាន់​លោក​រចនា ដួង ថា​ជា​ប្រុស​បោកប្រាស់​ស្នេហា​នាង ដោយ​នាង​បាន​ចំណាយ​លុយ​លើ​រូប​លោក​ច្រើន​ម៉ឺន​ដុល្លារ​អូស្ត្រាលី​ពេល​មក​ជួប​លោក​នៅ​ស្រុក​ខ្មែរ ម្តង​ៗ ។

ស្ត្រី​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ឈ្មោះ Reaksmey Duong បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា អ្នកស្រី​បាន​ទាក់ទង​ជាមួយ​លោក​រចនា ដួង ២​ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​២០១៥​មក ហើយ​អ្នកស្រី​បាន​មក​ស្រុក​ខ្មែរ​ជួប​លោក​ចំនួន​៣​ដង​។ រូប​នាង និង​លោក​រចនា ដួង បាន​សាង​អនុស្សាវរីយ៍​ច្រើន​ជាមួយនឹង​ការ​ជឿជាក់​ចំពោះ​សម្ព័ន្ធភាព​ស្នេហា​មួយ​នេះ ។ ប៉ុន្តែ​ជា រឿយ​ៗ​លោក​រចនា ដួង បាន​ធ្វើ​រឿង​ជា​ច្រើន​ដែល​អ្នកស្រី​មិន​ពេញចិត្ត ហើយ​តែងតែ​ចោទ​មក​លើ​អ្នកស្រី​ជា​មនុស្ស​ដែល​មានការ​ប្រចែប្រចណ្ឌ​ច្រើន ។

ដោយសារ​ភាព​ជឿជាក់​អ្នកស្រី​បាន​កាត់ចិត្ត​ឈប់​គិត និង​កែខ្លួន​ដើម្បី​ឱ្យ​លោក​រចនា ដួង ដឹង​ថា​អ្នកស្រី​ពិតជា​អាណិត និង​ចង់​ជួយ​លោក​ឱ្យ​ដល់ត្រើយ បើ​ទោះបីជា​ដឹង​ពី​ធាតុ​ពិត​របស់​លោក​អាក្រក់ ក៏​អ្នកស្រី​ព្រម​ទទួលយក​ដែរ ។

បើ​តាម​អ្នកស្រី Reaksmey Duong ថា​រយៈពេល​ប្រមាណ​២​ឆ្នាំ អ្នកស្រី​បាន​ចំណាយ​លុយ​ខ្ទង់​៥​ម៉ឺន​ដុល្លារ​អូស្ត្រាលី ក្នុង​ការ​ឡើង​ចុះ ហើយនឹង​ទិញ​របស់​ជូន​លោក​រចនា ដួង ជាមួយនឹង​ការ​ចំណាយ ផ្សេង​ៗ​ទៀត ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​អ្នកស្រី​ក៏​ធ្លាប់​បាន​ចេញ​លុយ ដើម្បី​ឱ្យ​លោក​រចនា ដួង ទៅ​ដោះស្រាយ​ចំពោះ​តួ​សម្តែង​ដែល​លោក​ហៅ​ថត​ថែម​ទៀត​ផង តែ​ទីបំផុត​លោក​បាន​ចោទ​អ្នកស្រី​ថា ជា​មនុស្ស​សំរាម​ទៅ​វិញ ។

អ្នកស្រី​បាន​ស្នើ​សុំ​ឱ្យ​លោក​រចនា ដួង ចេញ​មុខ​សង​លុយ​ដែល​ជំពាក់​ជាមួយ​អ្នក​ដែល​ស្គាល់​ជាមួយ​អ្នកស្រី ក្នុង​ពេល​ដែល​ចំណង​ស្នេហ៍​រវាង​អ្នកស្រី និង​លោក​រចនា ដួង​ត្រូវ​បាន​កាត់​ផ្តាច់​គ្មាន​ផ្លូវ​បក​ក្រោយ ។

ជុំវិញ​ការ​ចោទប្រកាន់​នេះ តួ​សម្តែង​ក្នុង​បទ «​ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​»​បាន​បដិសេធ​ភ្លាម​ៗ និង​អះអាង​ថា មិន​មានរឿង​ដូច​ការ​ចោទប្រកាន់​របស់​ស្ត្រី​នោះ​ទេ ។

អ្នកដឹកនាំ​រឿង​លោក​រចនា ដួង អះអាង​ប្រាប់​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក ក្នុងស្រុក​មួយ​ថា លោក​មិន​បាន​បោកប្រាស់​ដូច​ការ​និយាយ​របស់​ស្ត្រី​នោះ​ឡើយ ប៉ុន្តែ​លោក​សារ​ភាព​ថា ​ពិតជា​ធ្លាប់​ទាក់ទង​ជាមួយ​នាង​ពិតប្រាកដ​មែន ។ ចំនួន​ទឹកប្រាក់​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អូស្ត្រាលី គឺ​ស្ត្រី​នោះ​មិនមែន​ជះ​មក​លើ​រូប​លោក​ទេ ពោល​គឺជា​ការ​ចំណាយ​ទៅ​លើ​ការ​ឡើង​ចុះ​ស្រុក​ខ្មែរ និង​ការ​ដើរ​លេង​ហូប​ចុក​ជាមួយ​មិត្តភក្តិ​អ្នកស្រី និង​តារា​មួយ​ចំនួន​ដែល​ស្គាល់គ្នា​ប៉ុណ្ណោះ ។

លោក​រចនា ដួង បញ្ជាក់​ថា ប្រសិនបើ​ស្ត្រី​នោះ​ពិតជា​បាន​ផ្តល់​លុយ​ចំនួន​៥​ម៉ឺន​ដុល្លារ​មែន​នោះ មិនមែន​រូប​លោក​មាន​ជីវភាព​ដូច​សព្វថ្ងៃ ដោយ​ជួល​ផ្ទះ​គេ​នៅទេ ។ ចំពោះ​លុយ​ជាង​៣​ពាន់​ដុល្លារ​ដែល​បាន​មក​ពី​ស្ត្រី​នោះ លោក​ក៏​មាន​គម្រោង​សង​ទៅ​វិញ​ដែរ តែ​នាង​មិន​ឱ្យ​សង ទើប​នៅ​ជំពាក់​រហូត​ដល់​សព្វថ្ងៃ ។

ការ​បកស្រាយ​របស់​លោក​រចនា ដួង នេះ​អ្នកស្រី​Reaksmey Duong បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​«​នាង​ខ្ញុំ​មិន​បាន​ថា​លោក​បោក​ប្រាក់​ខ្ញុំ​ដល់​៥​ម៉ឺន​ដុល្លារ​នោះ​ទេ មុន​នឹង​លោក​ធ្វើការ​បកស្រាយ​សូម​ចូល​អាន​នូវ​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ផង ។ ចំពោះ​អ្នក​ដែល​គេ​យល់​គេ​អាន​ទៅ​គេ​ដឹង​ហើយ​ថា ខ្ញុំ​ចង់បាន​ន័យ​ថា តាំងពី​ខ្ញុំ​បាន​ស្គាល់​មានការ​ទាក់ទង​គ្នា​មក គឺ​ខ្ញុំ​ចំណាយ​អស់​៥​ម៉ឺន​ដុល្លារ​ទាំង​ការ​ឡើង​ចុះ​ស៊ីចាយ ហើយ​ផ្ញើ​ជូន​គាត់ និង​ទិញ​របស់​ឲ្យ​គាត់ ផ្ញើ​លុយ​ជួយ​បងប្អូន​ពេល​បងប្អូន​ចូល​ពេទ្យ ។

ទី​បញ្ចប់​ខ្ញុំ​សូម​បញ្ជា​ក់ថា បើ​លោក និង​ខ្ញុំ​គ្មាន​ទំនាក់ទំនង​នឹង​គ្នា​ទេ ខ្ញុំ​ក៏​គ្មាន​ពេល​ចុះ​ទៅ​រក​លោក​ដែរ ហើយ​លោក​ក៏​មិន​ចោលការ​ងារ​មក​រក​ខ្ញុំ​ដែរ សំខាន់​បំផុត​មុន​ខ្ញុំ​ចុះ​ទៅ​តើ​លោក​មាន​ពេលទំនេរ រួច​ការងារ​ឬ​នៅ ?

នៅ​ទី​បញ្ចប់​ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​លោក​យក​លុយ​១​ម៉ឺន​ដុល្លារ ដែល​លោក​បាន​ជំពាក់​គេ​ទៅ​សង​គេ​វិញ​ផង ព្រោះ​យើង​លែង​មាន​ទំនាក់ទំនង​នឹង​គ្នា​ហើយ ខ្ញុំ​សុំ​ដកខ្លួន​មិនដឹង មិន​ឮ​» ៕