ខេត្តកំពង់ឆ្នាំង ៖ កម្មករ កម្មការិនី ប្រមាណជាង២០នាក់ ក្នុងចំណោមជាង៤០នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គឺមានជ័យ ខណៈដែលកម្មករទាំងនោះជិះរ៉ឺម៉កម៉ូតូមួយគ្រឿង ធ្លាក់ស្រែទៅបុកនឹងគល់ឈើរួចក្រឡាប់ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ៖ មុនពេលកើតហេតុ កម្មករទាំងនោះ ដែលមានគ្នាជាង៤០នាក់ បានជិះរ៉ឺម៉កម៉ូតូមួយគ្រឿង ទៅធ្វើការនៅរោងចក្រ ។ លុះពេលជិះមកដល់ចំណុចកើតហេតុ រ៉ឺម៉កដឹកកម្មករនោះបានគេចនឹងរថយន្តមួយគ្រឿង ដឹកកម្មករដូចគ្នា បណ្តាលឲ្យរ៉ឺម៉កបានរេចង្កូតជ្រុលធ្លាក់ផ្លូវទៅបុកដើមឈើមួយដើម បណ្តាលឲ្យក្រឡាប់ ។ ក្នុងពេលនោះដែរ កម្មករ កម្មការិនី ដែលនៅលើរ៉ឺម៉កភ័យស្លន់ស្លោ ខ្លះក៏បានលោតពីលើរ៉ឺម៉ក ខ្លះក៏លោតមិនទាន់ បណ្តាលឲ្យកម្មករ កម្មការិនីរបួសធ្ងន់ស្រាលចំនួន២៨នាក់ ។ ក្រោយពេលកើតហេតុ កម្មករ កម្មការិនី រងគ្រោះត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងគ្លីនិកឯកជនផងដែរ ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងដោយការធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ក្រោយកើតហេតុ យានយន្តត្រូវសមត្ថកិច្ចយកមករក្សាទុក រង់ចាំដោះស្រាយ ៕
ចែករំលែកព័តមាននេះ