រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃសៅរ៍ទី១២ សីហា ស្អែកនេះ ប្រដាល់អន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងបើករេញឲ្យកីឡាករកម្ពុជា២រូប និងបរទេស២រូបប៉ះគ្នា ។ អ្វីដែលគេកត់សម្គាល់គឺកីឡាករកម្ពុជាសុទ្ធតែល្បីឈ្មោះ និងខ្លាំងក្លានៅលើសង្វៀន ប៉ះសុទ្ធតែជាមួយកីឡាករជើងខ្លាំងដូចគ្នាមកពីប្រទេសថៃ។
ការប្រកួតដែលនឹងចាប់ផ្ដើមឡើងពីម៉ោង២រសៀលស្អែកទៅ មានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នាក្នុងក្រុងនិយមទៅទស្សនាដល់ស្ទីឌីយោកកកុញ ។ តាមភាពជាក់ស្ដែង ការប្រដាល់ជាទម្រង់អន្តរជាតិបែបនេះ អ្នកទស្សនាឈានដល់រកកន្លែងអង្គុយមិនបាននោះផង ដោយសារតែព្រឹត្តិការណ៍នោះ ក៏មានការប្រគំតន្ត្រីលាយឡំផងដែរ ។ កីឡាករកម្ពុជា២រូប គឺជើងខ្លាំង កំពែង ខ្មៅ និងកីឡាករល្បីឈ្មោះជើងចាស់គួរសម ស៊ឹម វណ្ណដេត នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករបរទេសនៅរសៀលថ្ងៃនោះ ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា ក្នុងចំណោមកីឡាករកម្ពុជា លោកបានសម្រេចចិត្តដាក់កំពែង ខ្មៅ ដែលបាត់មុខពីសង្វៀនមួយរយៈជាកូនសិស្សរបស់លោកអេ ភូថង មកពីក្លិបប្រដាល់ក្រសួងកសិកម្ម ឱ្យឡើងប៉ះប្រកួតជាមួយកីឡាកថៃឈ្មោះ Puon Savath ក្នុងនាមជាគូូឯកអន្តរជាតិ នៅរសៀលថ្ងៃសៅរ៍ស្អែក ។ លោកថា កីឡាករ កំពែង ខ្មៅ អាចចាត់ទុកថាជាជើងខ្លាំងម្នាក់នៅលើសង្វៀនប្រដាល់អន្តរជាតិមួយនេះដែលជាព្រឹត្តិការណ៍ចម្រុះតែកីឡាករខ្លាំងៗនៅក្នុងពិភពប្រដាល់ ។
លោកជឿជាក់ថា កីឡាកររូបនេះនឹងបញ្ចេញសមត្ថភាពល្អដូចជាពូកែគេច និងពូកែវាយសន្ធាប់ដែលគេធ្លាប់បញ្ចេញឡើងនាពេលកន្លងមក ទើបលោកយល់ថា ជំនួបកំពែង ខ្មៅ ជាមួយកីឡាករថៃ ក៏នឹងមិនធម្មតាសម្រាប់ការប្រកួតទាំងមូល ។ លោកថា កីឡាករកម្ពុជារូបនេះមានការឈានឡើងហើយការប្រកួតប៉ុន្មានលើកចុងក្រោយគឺមានសមត្ថភាព ទើបលោកសម្រេចចិត្តឱ្យគេឡើងប្រកួតជាមួយកីឡាករថៃខាងលើ បើទោះជាមុននេះបន្តិចគេវាយជាមួយថៃល្អខ្លះ មិនសូវល្អខ្លះ នៅលើសង្វៀនអន្តរជាតិក្ដី ។ លោកនិយាយថា កំពែង ខ្មៅ នៅតែចាត់ទុកជាជើងខ្លាំងដែលមានសមត្ថភាពបរិបូរណ៍នៅលើសង្វៀន ទើបលោករំពឹងខ្ពស់សម្រាប់ការប្រកួតយប់ស្អែក ។ លោកថា កីឡាករថៃធ្លាប់ប្រកួត៦៩លើក ឈ្នះ៦១លើក ចាញ់៨លើក និងមិនធ្លាប់ស្មើ ហើយបើទោះជាគេប្រកួតបានតិចតែប្រវត្តិប្រកួតរបស់គេជួបសុទ្ធតែកីឡាករល្អៗ ក្នុងពេលកីឡាករកម្ពុជា ធ្លាប់ប្រកួត៨១លើក ឈ្នះ៧២លើក ចាញ់៨លើក និងមិនធ្លាប់ស្មើដូចគ្នា។
សម្រាប់កីឡាករ ស៊ឹម វណ្ណដេត មកពីក្លិបនិរោធមានជ័យ លោក ញាណ សុធី បញ្ជាក់ថា គេត្រូវប៉ះប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃឈ្មោះ Yuok Dam ក្នុងនាមជាគូរងឯក ។ ការប្រកួតរបស់ពួកគេនៅមិនទាន់ដឹងថាអ្នកណាល្អជាងអ្នកណានោះទេ ក្នុងពេលដែលស៊ឹម វណ្ណដេត គឺជាកីឡាករជើងចាស់ ដែលធ្លាប់មានការទទួលស្គាល់ ប៉ុន្តែដោយសារតែខានប្រកួតយូរទើបលោកយល់ថារាងពិបាកបន្តិច ។ យ៉ាងណាមិញ លោកនៅតែចាត់ទុកថាកីឡាកររូបនេះ គឺជាជើងខ្លាំងដែលមិនអាចមើលស្រាលបាន ។ ជាក់ស្ដែង ការប្រកួតរបស់គេនៅតែមានឱកាសឈ្នះច្រើនជាងចាញ់គ្រប់ពេលឡើងប្រកួតជាមួយកីឡាករបរទេសនាពេលកន្លងមក ។
លោកថា កីឡាករថៃគឺជាជើងចាស់ និងល្បីឈ្មោះ តែគេមិនទាន់ប្រាកដថានឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតជាមួយជើងខ្លាំងកម្ពុជានោះទេ ក្នុងពេលដែលលោក និងអ្នកគាំទ្រនៅតែជឿជាក់ចំពោះជើងខ្លាំងកម្ពុជាជាធំ ។ លោកថា កីឡាករថៃធ្លាប់ប្រកួតរហូតដល់៦៤លើក ឈ្នះ៥២លើក ចាញ់១២លើក និងមិនធ្លាប់ស្មើ រីឯកីឡាករកម្ពុជាធ្លាប់ប្រកួតបាន៦១លើក ឈ្នះ៥៣លើក ចាញ់៦លើក និងស្មើ០លើក ដោយប្រវត្តិចាញ់របស់គេនាពេលចុងក្រោយគឺសឹងតែមិនមាននៅលើសង្វៀន ។ នៅក្នុងព្រឹត្តិការណ៍ប្រដាល់ពេលព្រឹកនៅលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃអាទិត្យនោះដែរ ក៏មានការប្រកួតអន្តរជាតិបែបនេះមិនខុសគ្នា ៕
ចែករំលែកព័តមាននេះ