ប៉ូលិសនៅក្រុងដាណាងភាគកណ្តាលប្រទេសវៀតណាម បានចាប់ខ្លួនបុរសអាយុ៣០ឆ្នាំម្នាក់ពីបទបង្ហាញរូបភាពបំភាន់ភ្នែកមួយតាមហ្វេសប៊ុក និងពិន័យជាប្រាក់៥លានដុង ឬប្រហែល២២០ដុល្លារពីបទបង្ករឿងចលាចលដល់ពលរដ្ឋវៀតណាមនៅក្នុងប្រទេស ។
សារព័ត៌មានក្នុងស្រុកមួយផ្សាយថា លោក Ho Thanh Hung អធិការរងផ្នែកសន្តិសុខសាធារណៈនៅក្រុងដាណាង បានដំណើរការរឿងក្តីរបស់លោកង្វៀន គីមអាញ នៅខេត្ត Nghe An ពីបទបង្ហាញរូបភាពចាប់សុដន់នារីនៅក្នុងហ្វេសប៊ុក ដោយបញ្ជាក់ប្រាប់មហាជនថា ជារឿងពិត ។
រូបភាពនោះបានបង្ហាញនៅក្នុងហ្វេសប៊ុកដោយរៀបរាប់ថា «ពិធីបុណ្យមួយបានរៀបចំឡើងជាសាធារណៈនៅក្រុងដាណាង ក្នុងអំឡុងពីថ្ងៃទី១៥ ដល់៣១ កក្កដា ចំណូលដែលរកបានយកទៅបរិច្ចាគដល់អង្គការសប្បុរសធម៌។ ចាប់ច្របាច់សុដន់ម្តងបង់៥០.០០០ដុង ឬប្រហែល២ដុល្លារ និងមាននារីអាយុពី១៦ដល់២២ឆ្នាំជាច្រើននាក់ចូលរួមក្នុងពិធីសប្បុរសធម៌លើកនេះ» ។
ប៉ូលិសបញ្ជាក់ថា រឿងហេតុនោះបានបង្ហាញកាលពីថ្ងៃទី៣១ កក្កដា ។ លោកង្វៀន គីមអាញ បញ្ជាក់ថា គេធ្វើបែបនេះព្រោះចង់បង្កើនប្រជាប្រិយភាពហ្វេសប៊ុករបស់គេ ដោយមិនបានគិតពីផលប៉ះពាល់លើទំនៀមទម្លាប់ និងការខាតបង់ផ្សេងទៀត រួមទាំងបំពានបទប្បញ្ញត្តិពាណិជ្ជកម្មផ្នែកអេឡិចត្រូនិកផងដែរ ។
បន្ទាប់ពីឃើញការផ្សាយនោះលើហ្វេសប៊ុកប៉ូលិសបានស៊ើបអង្កេត និងចាប់ខ្លួនប៉ុន្មានថ្ងៃបន្ទាប់ ដោយបុរសនោះជាម្ចាស់ហាងលក់ និងជួសជុលកុំព្យូទ័រ ។
កន្លងមកក្រុងដាណាង មានករណីការផ្សាយមិនត្រឹមត្រូវទាក់ទាញប្រជាប្រិយភាពដល់ហាងរបស់ខ្លួនតាមហ្វេសប៊ុកជាច្រើនករណី ហើយត្រូវប៉ូលិសចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ