ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណែទម្រង់​លើ​វិស័យ​កាត់ដេរ​កាន់តែ​ប្រសើរ ប៉ុន្ដែ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​សម្តែង​ការ​យល់​ស្រប​តាម​មតិ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា ស្តី​ពី​កំណែទម្រង់​របស់​

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​សម្តែង​ការ​យល់​ស្រប​តាម​មតិ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា ស្តី​ពី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ដែល​បាន​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​លើ​ការ​សម្រួល​ពាណិជ្ជកម្ម​សម្រាប់​ការ​នាំ​ចេញ និង​ការ​ធ្វើ​ទំនើប​កម្ម​ការងារ ។ ប៉ុន្តែ​សមាគម​នេះ​បាន​និយាយ​ថា នៅ​មានការ​ងារ​មួយ​ចំនួន​ទៀត​ទាមទារ​ឲ្យ​មានការ​កែ​លម្អ ។

ការ​ឆ្លើយ​តប​របស់ GMAC បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម លោក ឱ​ក ប៊ុ​ង និង​លោក​ជំទាវ ប៉ូ​ទី ដូ​នី​កា (Pottie Donica) ឯក​អគ្គ​រដ្ឋ​ទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​៧ សីហា កន្លង​មក នៅ​ទីស្ដីការក្រសួង​ពាណិជ្ជកម្ម ។

ក្នុង​ជំនួប​នោះ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​កា​ណា​ដា បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​កែទម្រង់​វឌ្ឍនភាព ដែល​បាន​អនុវត្ត​ដោយ​ក្រសួងពាណិជ្ជកម្ម ការ​ធ្វើ​ស្វ័យ​ប្រវត្តិកម្ម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម (C/O) និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជកម្ម (TFA) ដែល​ជា​ការ​ផ្លាស់​ប្តូរ​មួយ​នាំ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​លេច​ធ្លោ​បំផុត​ក្នុង​ចំណោម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ទទួលស្គាល់​ពី​ការ​កែ​លម្អ​នៃ​កំណែទម្រង់ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​នៃ​ការ​សម្រួល​ពាណិជ្ជកម្ម ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់ ដើម្បី​ធ្វើ​ឱ្យ​បរិយា​កាស​ធុរកិច្ច​កាន់តែ​ប្រសើរ​ឡើង ។

លោក កាំ​ង ម៉ូ​នី​កា បាន​មាន​ប្រសាសន៍​ថា ៖« GMAC ទទួលស្គាល់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​កែទម្រង់​ដោយ​ក្រសួងពាណិជ្ជកម្ម ហើយ​យើង​សូម​កោតសរសើរ​ចំពោះ​ការ​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​នៃ​នីតិវិធី និង​ការ​ធ្វើ​ទំនើប​កម្ម​នានា ជា​ពិសេស ការ​ស្នើ​ធ្វើ​ស្វ័យប្រវត្តិកម្ម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម (CO) »

« ប្រព័ន្ធ​អន​ឡាញ គឺជា​មធ្យោបាយ​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ និង​ជួយ​សន្សំ​សំចៃ​ពេលវេលា​ទៅ​មុខ ។ វា​កាត់​បន្ថយ​ចំណុច​ប្រទាក់​របស់​មនុស្ស និង​កាត់​បន្ថយ​ឱកាស​សម្រាប់​ការ​បង់ប្រាក់​ក្រៅផ្លូវការ » ។ នេះ​ជា​ការ​ថ្លែង​អះអាង​របស់​លោក ។

យ៉ាងណា​ក៏​ដោយ លោក​បាន​និយាយ​ថា ទោះបីជា​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ដែល​បាន​ធ្វើ​រួច​ហើយ​ក៏​ដោយ ក៏​សមាគម GMAC យល់​ឃើញ​ថា រយៈពេល​កំណត់ វា​ជា​ការ​ពិបាក​មួយ​ដែល​មិន​អាច​ទទួល​បាន CO នៅ​ក្នុង​រយៈពេល​២​ថ្ងៃ​ផ្លូវការ ។ មាន​ន័យ​ថា យ៉ាង​ហោច​ណាស់ ក៏​ចំណាយពេល​៥​ថ្ងៃ​ដែរ ដោយសារ​តែ​មាន​ដំណាក់កាល​ច្រើន គួប​ផ្សំ​ជាមួយនឹង​បន្ទុក​ការងារ​របស់​មន្ត្រី​ច្រើន ។

លោក​ថា ៖« ដូច​យើង​បានឃើញ​អំពី​ការ​កំណែទម្រង់​របស់​ក្រសួង ដែល​កំពុងធ្វើការ​លើ​ការ​កែ​លម្អ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​ផ្សេង​ៗ ។ ប៉ុន្តែ​កម្រៃ​សេវា​រដ្ឋបាល​ផ្លូវការ​សម្រាប់ CO (៥០​ដុល្លារ​អា​មេ​រិ​ក​/CO ទម្រង់ A, ៣០​ដុល្លារ​អា​មេ​រិ​ក​/CO ទម្រង់ N) ក៏​គួរ​កាត់​បន្ថយ​ដែរ » ។

លោក​បន្ត​ថា ៖« វា​ក៏​មាន​សារសំខាន់​ផង​ដែរ​ក្នុង​ការ​លុប​បំបាត់​ថ្លៃ​សេវា​ផ្លូវការ​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ហេតុផល​នៅឡើយ​ទេ ដូច​ជា កម្រៃ​គ្រប់គ្រង​ការ​នាំ​ចេញ ។ ការ​យក​កម្រៃ​របស់​ខាង​កាំកុងត្រូល ក៏​បាន​រួមចំណែក​ជំរុញ​ដល់​ការ​កើនឡើង​នៃ​ការ​ចំណាយ​ថ្លៃដើម​នៃ​ការ​នាំ​ចេញ នាំ​ចូល​ខ្ពស់ ហើយ​នេះ​ក៏​គួរតែ​ត្រូវ​បាន​គេ​មើលឃើញ​ផង​ដែរ » ។

កា​ណា​ដា គឺជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​របស់​កម្ពុជា ។ នៅ​ក្នុង​ឆ្នាំ​២០១៦ ប្រទេស​នេះ​បាន​ស្រូប​យក​ជិត​៨%​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​ស្បែកជើង​របស់​កម្ពុជា កើនឡើង​ពី​៧,៥% នៅ​ក្នុង​ឆ្នាំ​២០១៥ និង​ត្រឹមតែ​០,៥%​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១០ ។

កាលពី​ឆ្នាំ​មុន ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ និង​ស្បែកជើង​របស់​កម្ពុជា បាន​បន្ត​កើនឡើង​ប្រមាណ​៧,២% ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​៧,៣​ពាន់​លាន​ដុល្លារ ដោយ​បាន​កើនឡើង​ពី​ចំនួន​៦,៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ៕