ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ចិញ្ចឹម​ជ្រូកព្រៃ​ខុសច្បាប់​ដែរ​ឬទេ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សត្វព្រៃ​ថ្វី​ដ្បិតតែ​រស់នៅ​តាម​ធម្មជាតិ ប៉ុន្តែ​មាន​សត្វ​មួយ​ចំនួន​អាច​ចិញ្ចឹម​ដោយ​ដាក់​ក្នុង​ទ្រុង និង​បន្សាំ​ុ​ឲ្យ​រស់នៅ​ដូច​សត្វស្រុក​បាន ពិសេស​គឺ​សត្វ​ជ្រូកព្រៃ​តែ​ម្ដង ហើយ​ប

រាជធានី​ភ្នំពេញ ៖ សត្វព្រៃ​ថ្វី​ដ្បិតតែ​រស់នៅ​តាម​ធម្មជាតិ ប៉ុន្តែ​មាន​សត្វ​មួយ​ចំនួន​អាច​ចិញ្ចឹម​ដោយ​ដាក់​ក្នុង​ទ្រុង និង​បន្សាំ​ុ​ឲ្យ​រស់នៅ​ដូច​សត្វស្រុក​បាន ពិសេស​គឺ​សត្វ​ជ្រូកព្រៃ​តែ​ម្ដង ហើយ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​សម្បូរ​ព្រៃ​ភ្នំ កំពុង​តែ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ និង​ក្លាយជា​សត្វស្រុក​របស់​ពួក​គាត់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​អាហារ ឬ​ជា​ផ្នែក​មួយ​នៃ​ចំណូល​គ្រួសារ ។ តើ​ការ​ចិញ្ចឹម​ជ្រូកព្រៃ​ខុសច្បាប់​ដែរ​ឬទេ ?

ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១០ សីហា ថា ការ​ចិញ្ចឹម​ជ្រូកព្រៃ​ដូច​ជា​អត់​បញ្ហា​ទេ ដោយ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ចិញ្ចឹម​តាម​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ​ដូច​ជ្រូកស្រុក​ដែរ ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​រូប​នេះ​ថ្លែង​ថា ៖« រឿង​ចិញ្ចឹម​ជ្រូកព្រៃ​នេះ វា​ដូច​ជា​អត់​មាន​បញ្ហា​ទេ ព្រោះថា​ច្បាប់​អត់​មាន​ចែង​ថា មិន​អនុញ្ញាត​នោះ​ទេ ហើយ​ក៏​ពុំដែល​មាន​ភាគី​ពាក់ព័ន្ធ​ចុះ​មក​ហាមឃាត់​ដែរ » ។ ទោះបី​យ៉ាងណា លោក​បញ្ជាក់​ថា ៖« ការ​ចិញ្ចឹម​របស់​ពលរដ្ឋ​កន្លង​មកនេះ មិនមែន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ គឺ​ចិញ្ចឹម​ជា​ការ​ដក​ពិសោធន៍​ប៉ុណ្ណោះ ។ ប្រសិនបើ​ចិញ្ចឹម​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គឺ​វា​ពាក់ព័ន្ធ​នឹង​ច្បាប់ ឬ​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​»​។ លោក​បន្ដ​ថា ៖« សព្វថ្ងៃ យើង​ចិញ្ចឹម​នៅ​ខេត្ត​កំពង់ស្ពឺ ប្រមាណ​ជា​បួនដប់​ក្បាល គ្រាន់​ជា​ការ​ពិសោធន៍ និង​បង្កាត់​ពូជ​សាកល្បង​ប៉ុណ្ណោះ ពុំ​មែន​ជា​ទ្រង់ទ្រាយ​ធំ​ទេ » ។

ពាក់ព័ន្ធ​នឹង​ច្បាប់​ចិញ្ចឹម​សត្វព្រៃ​នេះ កន្លង​មក ក្រសួងបរិស្ថាន​គ្រោង​បង្កើត​ឲ្យ​មានច្បាប់​មួយ​ហៅ​ថា «​ក្រម​បរិស្ថាន​» ដែល​ច្បាប់​នេះ គឺ​ធានា​ការពារ​ធនធានធម្មជាតិ ការ​ពារ​សិទ្ធិ​មនុស្ស សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​ដែនជម្រកសត្វព្រៃ ។ ពិសេស ច្បាប់​នេះ​បង្កើត​ឡើង​ដើម្បី​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​របស់​ប្រជា​ពល​រដ្ឋ​​ពី​ការ​បរបាញ់​សត្វព្រៃ ឲ្យ​ងាក​មក​ចិញ្ចឹម​សត្វព្រៃ​វិញ​ដូច​ជា ទន្សាយ អណ្ដើក និង​ជ្រូកព្រៃ​ជាដើម ។

ក្នុង​ពិធី​ប្រារព្ធ​ទិវា​សត្វព្រៃ​ពិភពលោក កាលពី​ឆ្នាំ​មុន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ៖« ច្បាប់​នេះ​នឹង​ប្ដូរ​ការ​គិត​របស់​មនុស្ស​តែ​ម្ដង ដែល​ពី​មុន​ជ្រូកព្រៃ​នៅ​ក្នុង​ព្រៃ ប៉ុន្តែ​ពេល​នេះ បងប្អូន​នៅ​រតនគិរី មណ្ឌលគិរី គឺជា​សត្វស្រុក​របស់​គាត់ » ។ លោក​ថា សព្វ​ថ្ងៃនេះ ក្រសួងបរិស្ថាន​បាន​អនុញ្ញាត​ឲ្យ​មានការ​ចិញ្ចឹម​ជ្រូក​ព្រៃ​នៅ​ខេត្តព្រះវិហារ ដោយ​ព័ទ្ធ​របង​ដី​ជាង​១០​ហិ​កតា ។ លោក​បន្ដ​ថា ៖ « យើង​បាន​ចាប់ផ្ដើម​កម្មវិធី​មួយ គឺ​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ជ្រូកព្រៃ បើ​មនុស្ស​ចូល​ចិត្ត​ជ្រូកព្រៃ គាត់​អាច​រក​ចំណូល​បាន » ។

ទោះបី​យ៉ាងណា រហូត​មក​ដល់​បច្ចុប្បន្ន ច្បាប់​មួយ​នេះ មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ជា សំអាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​១០ សីហា ម្សិលមិញ ។

តាម​ការ​ដក​ពិសោធន៍​របស់​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹម​ជ្រូកព្រៃ​មានការ​ពិបាក​ខ្លះ ដែល​វា​ខុស​ពី​ជ្រូកស្រុក ដោយសារ​តែ​វា​ស៊ី​ចំណី​ធម្មជាតិ មិនសូវ​ស៊ី​របស់​ដែល​គេ​ផលិត​ឲ្យ​នោះ​ទេ ហើយ​បើ​ចង់​យក​ចំណី​ឲ្យ​វា​ស៊ី ក៏​ត្រូវរ​ករប​ស់ណា​ដែល​ធម្មជាតិ​ដែរ ពិសេស​គឺ​ក្លិន និង​ពណ៌​ដែល​វា​ចូល​ចិត្ត ។

យោង​តាម​ឯកសារ​មួយ​បាន​ឲ្យ​ដឹង​ថា ជ្រូកព្រៃ​ងាយស្រួល​ចិញ្ចឹម​ជាង​ជ្រូកស្រុក ដោយសារ​វា​ធន់​នឹង​ជំងឺ​ច្រើន ។ ការ​ចិញ្ចឹម គឺ​អាច​ដាក់​ក្នុង​ទ្រុង ឬ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ដី​ទំនេរ​ឲ្យ​វា​រស់នៅ​ដូច​ធម្មជាតិ​ក៏​បាន តែ​ក៏​ត្រូវ​គិតគូរ​ផង​ដែរ ព្រោះ​ជ្រូកព្រៃ​អាច​ធ្វើ​រូង​ចេញ ឬ​លោត​ចេញពី​របង ប្រសិនបើ​មិន​យកចិត្តទុកដាក់ ។ រីឯ​ការ​ចិញ្ចឹម​ក្នុង​ទ្រុង វា​មាន​សុខភាព​មិនល្អ​ដូច​ចិញ្ចឹម​បែប​ធម្មជាតិ​ទេ ។ ថ្វី​ដ្បិត​វា​ធន់​នឹង​ជំងឺ​ច្រើន​យ៉ាង និង​មាន​សុខភាព​មាំមួន​ជាង​ជ្រូកស្រុក ប៉ុន្ដែ​វា​ក៏​មាន​ជំងឺ​ដែរ កាលណា​គេ​យក​វា​មក​ចិញ្ចឹម​ដែល​អាច​ឆ្លង​ពី​ជ្រូកស្រុក​ដូច​ជា ជំងឺប៉េស្ដ ជំងឺ​អុ​ដ និង​ជំងឺឆ្កួត ជាដើម ហើយ​ដើម្បី​ការពារ​ជំងឺ​នេះ គេ​គួរ​ចិញ្ចឹម​នៅ​ដាច់​ដោយឡែក​ពី​ជ្រូកស្រុក ។

ឯកសារ​ដដែល​បញ្ជាក់​ថា ការ​ឲ្យ​ចំណី​ជ្រូកព្រៃ ក្នុង​១​ថ្ងៃ គួរ​ឲ្យ​វា​ស៊ី​តែ​២​ដង គឺ​ព្រឹក និង​ល្ងាច ព្រោះ​ថាបើ​ឲ្យ​វា​ស៊ី​ញឹកញាប់​ពេក វា​នឹង​មាន​ខ្លាញ់​ច្រើន​ដូច​ជ្រូកស្រុក​ដែរ ។ តាម​ការ​កត់សម្គាល់ វា​ស៊ី​ចំណី​តិច​ជាង​ជ្រូកស្រុក​៥​ដង មាន​ន័យ​ថា ចំណី​ជ្រូកស្រុក​១​ក្បាល អាច​ចិញ្ចឹម​ជ្រូកព្រៃ​បាន​៥​ក្បាល ។ ចំពោះ​ចំណី​ដែល​វា​អាច​ស៊ី​បាន ដូច​ជា ដើម​ចេក​ហាន់​ជា​កង់​ៗ​ស្ដើង​ៗ, ស្មៅ​បារាំង​, កន្ទក់​, បន្លែ ផ្លែ​ឈើ​ដែល​ហូប​សល់​, ស្លឹក​កំប្លោក ហើយ​អ្វី​ដែល​វា​ចូល​ចិត្ត​បំផុត​នោះ​គឺ​ពោត ៕