ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​ចំណេញ​អ្វី និង​ប្រឈម​បញ្ហា​អ្វីខ្លះ​ពី​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​យូរ​មក​ហើយ សេដ្ឋវិទូ​នានា​បាន​មាន​ទស្សនៈ​ខុស​ៗ​គ្នា​ពី​កម្ពុជា ដែល​រុំ​ព័ទ្ធ​ដោយ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​យ៉ាង​សកម្ម​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​មាន​ទាំង​ចំណុច​វិជ្ជមាន​ផង និង​

រាជធានី​ភ្នំពេញ ៖ ជា​យូរ​មក​ហើយ សេដ្ឋវិទូ​នានា​បាន​មាន​ទស្សនៈ​ខុស​ៗ​គ្នា​ពី​កម្ពុជា ដែល​រុំ​ព័ទ្ធ​ដោយ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​យ៉ាង​សកម្ម​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​មាន​ទាំង​ចំណុច​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង ។

ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​៦ ដល់​៩ សីហា​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​វិនិយោគិន​ជប៉ុន​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​វិនិយោគ ដែល​រៀបចំ​ដោយ​សមាគម​ជប៉ុន -​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) ថា កម្ពុជា​មិន​ទាន់​ធ្វើ​រៀល​រូប​នី​យ​កម្ម​ទេ មាន​តែ​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល ប៉ុន្តែ​ក៏​មិន​បង្ខំ​ឲ្យ​វិនិយោគិន​យក​ប្រាក់​ដុល្លារ​ដូរ​យក​ប្រាក់​រៀល​ដែរ ។ សម្តេច​បន្ត​ថា ដោយសារ​តែ​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​បាន​ប្រាក់​ចូល​កម្ពុជា ក៏​មានការ​ប្រើប្រាស់​ប្រាក់​ដុល្លារ ប្រាក់​ហ្វ្រ​ង់​របស់​បារាំង ប្រាក់​របស់​ស្វ៊ី​ស និង​ប្រាក់​របស់​រុ​ស្ស៊ី​ជាដើម ហើយ​ជំនាន់​អ៊ុ​ន​តាក់ ប្រាក់​ដុល្លារ​បាន​ចូល​មក​កម្ពុជា​យ៉ាង​គំហុក​ក្នុង​ឆ្នាំ​១៩៩២ និង​ឆ្នាំ​១៩៩៣ ។

សំដៅ​ដល់​ការ​ធ្វើ​បដិដុល្លារូបនីយកម្ម សម្តេច​តេ​ជោ​បាន​ថ្លែង​ថា ៖« ខ្ញុំ​គិត​ថា មិន​ត្រូវ​ប្រញាប់ប្រញាល់​ពេក​ទេ កុំ​បង្ខំ ហើយ​ខ្ញុំ​អាច​គិត​បាន​ថា ពេល​ដែល​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​បាន​ចាប់ផ្តើម ជាមួយនឹង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​បាត មាន​ចំណែក​មួយ​ដែល​ជួយ​ឲ្យ​កម្ពុជា​មិន​ធ្លាក់​ក្នុង​វិបត្តិ គឺ​ក្នុង​ពេល​នោះ​ក៏​មាន​ចំណែក​ដែល​យើងខ្ញុំ​អនុញ្ញាត​ឲ្យ​ទីផ្សារ​កាត់សេចក្តី តាម​រយៈ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​មួយ​ណា » ។ សម្តេច​បន្ត​ថា ៖« ការ​បើក​ទូលាយ​ក្នុង​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​នៅ​ទីផ្សារ​កម្ពុជា​បាន​ផ្តល់​ផល​ប្រយោជន៍ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ដោយ​ពួក​គេ​អាច​កាន់​ប្រាក់​របស់​ប្រទេស​គេ​មក​ចាយវាយ​នៅ​កម្ពុជា​បាន ដោយ​មិន​ចាំបាច់​ប្តូរ​យក​ប្រាក់​រៀល » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដោយ​លោក​ថ្លែង​ថា ការ​ប្រើ​ប្រាស់​​ប្រាក់​ដុល្លារ​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​ច្រើន​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ប៉ុន្តែ​ប្រសិនជា​គិត​រយៈពេល​វែង​ដើម្បី​អភិវឌ្ឍន៍ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា កម្ពុជា​គួរតែ​ធ្វើ​បដិដុល្លារូបនីយកម្ម​បណ្តើរ​ៗ និង​ធ្វើ​ឲ្យ​បាន​លឿន ប្រសិនជា​គិត​ពី​ជាតិនិយម និង​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង ។ លោក​បន្ត​ថា មានការ​លើក​ឡើង​ថា ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ជា​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ទាក់ទាញ​វិនិយោគិន វា​គឺជា​ផ្នែក​មួយ​មិន​អាច​ប្រកែក​បាន ប៉ុន្តែ​បើ​និយាយ​ពី​ការ​ប្រកួតប្រជែង វា​ជា​រឿង​មួយ​ទៀត ។

លោក​បណ្ឌិត​បាន​បន្ត​ថា ៖« នៅ​ពេល​សេដ្ឋកិច្ច​របស់​យើង​ប្រើប្រាស់​ប្រាក់​ដុល្លារ ហើយ​ពេល​ដុល្លារ​ឡើងថ្លៃ ធ្វើ​ឲ្យ​ទំនិញ​យើង​នាំ​ចេញ​មាន​តម្លៃ​ថ្លៃ ដែល​ធ្វើ​ឲ្យ​កម្រិត​នៃ​ភាព​ប្រកួតប្រជែង​របស់​យើង​ធ្លាក់​ចុះ » ។ លោក​បន្ត​ថា ៖« យើង​ចាញ់​ប្រៀប​ប្រទេស​ជិតខាង ដែល​គេ​ប្រើប្រាស់​រូបិយប័ណ្ណ​របស់​គេ ហើយ​កម្ពុជា​ប្រើប្រាស់​ដុល្លារ គឺ​ពិត​ណាស់ យើង​ពិបាក​ប្រកួតប្រជែង​ជាមួយ​គេ » ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក កាលពី​ចុងឆ្នាំ​មុន​បាន​ដំឡើង​ការ​ប្រាក់​នៅ​ក្នុង​ធនាគារកណ្តាល​របស់​ខ្លួន ដែល​បង្ហាញ​ពី​សេដ្ឋកិច្ច និង​មូលធន​អា​មេ​រិ​ក​រឹង​មាំ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋ កិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា មិន​ទាន់​មាន​សញ្ញា​ថមថយ​នៅឡើយ​ទេ ព្រោះ​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​កំណែទម្រង់​ក្នុង​ដំណាក់កាល​ក្មេងខ្ចី​មែនទែន ដែល​ធ្វើ​ឲ្យ​ដុល្លារ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។

លោក​បន្ត​ថា ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ វា​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល ឬ​ធនាគារជាតិ​នៃ​កម្ពុជា​ពិបាក​ត្រួតពិនិត្យ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ងាយ​រង​គ្រោះ​ពី​ការ​ប្រែប្រួល​នៃ​និន្នាការ​សេដ្ឋកិច្ច​ពិភពលោក ។

លោក​បន្ត​ថា ៖« ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ មាន​ចំណុច​អវិជ្ជមាន​ច្រើន​ជាង​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ ព្រោះ​វា​ធ្វើ​ឲ្យ​កម្ពុជា​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ មាន​យន្តការ​ជា​ជំហាន​ៗ និង​ធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​» ។ លោក​បន្ត​ថា ៖« យើង​មិន​អាច​បត់ (​ធ្វើ​ប​ដិ​ដុល្លារ​) លឿន​ពេក​បាន​ទេ ព្រោះ​វា​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​យើង​» ។

លោក ង៉ែត ជូ បាន​បន្ត​ថា ការ​កែទម្រង់​នេះ ទាមទារ​យ៉ាង​ហោច​ណាស់​រយៈពេល​មធ្យម ឬ​ពី​៣​ទៅ​៥​ឆ្នាំ និង​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​ច្បាស់លាស់ មិនមែន​ដូច​ការ​លើក​ឡើង​របស់​បក្ស​ប្រឆាំង ដែល​ចង់​ធ្វើ​បដិដុល្លារូបនីយកម្ម​ភ្លាម​ៗ​ទេ ។ ប្រសិនជា​ធ្វើ​បែប​នោះ​មែន វា​នឹង​រង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង ព្រោះ​មូលធន​របស់​យើង​ពី​បរទេស គឺ​យក​ជា​ប្រាក់​ដុល្លារ ។

លោក​បន្ថែម​ថា ៖« យើង​មិន​អាច​យក​ឆន្ទៈ​មក​អនុវត្ត​តាម​ចិត្ត​ទេ វា​ត្រូវការ​ពេលវេលា និង​សិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ច្បាស់លាស់​សិន » ៕