រាជធានីភ្នំពេញ ៖ យោងតាមព័ត៌មានដែលទទួលបានពីបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអូស្ត្រាលីប្រចាំក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា នេះ បានបញ្ជាក់ថា ៖ ជនជាតិអូស្ត្រាលី៥រូប បានមកដល់កម្ពុជា ក្នុងនាមជាអ្នកស្ម័គ្រចិត្ត ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបានលើកឡើងថា ៖ ”ស្ថានទូតយើងមានសេចក្តីរីករាយសូមស្វាគមន៍ នូវអ្នកស្ម័គ្រចិត្តអូស្ត្រាលីប្រាំរូប មកកាន់ប្រទេសកម្ពុជា ក្រោមកម្មវិធីអ្នកស្ម័គ្រចិត្តអូស្ត្រាលី ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ” ។
ស្ថានទូតបានលើកឡើងថា ៖ អ្នកស្ម័គ្រចិត្តបីរូបក្នុងចំណោមអ្នកទាំងប្រាំ ស្ថិតក្រោមកម្មវិធីសន្តិសុខសុខាភិបាលតំបន់របស់រដ្ឋាភិបាលអូស្ត្រាលី ហើយពួកគេនឹងបំពេញការងារនៅអង្គការសុខភាពពិភពលោក និងអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)។
តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលអូស្ត្រាលីកំពុងចូលរួមសហការណ៍ជាមួយរដ្ឋាភិបាលដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិច ដើម្បីពង្រឹងនូវប្រព័ន្ធសុខាភិបាលជាតិ និងត្រៀមរៀបចំតំបន់ទាំងមូល ដើម្បីឆ្លើយតបនឹងការគម្រាមកំហែងផ្នែកសុខភាពបន្ទាន់នានា ។
ព័ត៌មានបញ្ជាក់ថា ៖ ខណៈដែលអ្នកស្ម័គ្រចិត្តពីររូបទៀត នឹងបម្រើការនៅអង្គការជីវិតនៅកម្ពុជា និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ។ ”យើងសូមជូនពរអ្នកស្ម័គ្រចិត្តអូស្ត្រាលីទាំងប្រាំរូបទទួលបានជោគជ័យក្នុងការងារ” ៕
ចែករំលែកព័តមាននេះ