ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ជំនាញ​បច្ចេកវិទ្យា​មាន​សារសំខាន់ ដែល​តម្រូវ​ឱ្យ​យុវជន​កម្ពុជា​ត្រូវ​តែ​យល់​ដឹង ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ « នៅ​ពេល​យើង​មិន​ចេះ​បច្ចេកវិទ្យា ឬ​ក៏​ព័ត៌មានវិទ្យា វា​ប្រៀប​ដូច​ជា​យើង​ជា​មនុស្ស​ងងឹតភ្នែក ដែល​មិន​បាន​ទទួល​ព័ត៌មាន​អ្វី​ទាំងអស់ ជា​ពិសេស គឺ​ធ្វើ​ឲ្យ​ការងារ​នៅ​ស្ថាប័ន​នានា និង

រាជធានី​ភ្នំពេញ ៖ « នៅ​ពេល​យើង​មិន​ចេះ​បច្ចេកវិទ្យា ឬ​ក៏​ព័ត៌មានវិទ្យា វា​ប្រៀប​ដូច​ជា​យើង​ជា​មនុស្ស​ងងឹតភ្នែក ដែល​មិន​បាន​ទទួល​ព័ត៌មាន​អ្វី​ទាំងអស់ ជា​ពិសេស គឺ​ធ្វើ​ឲ្យ​ការងារ​នៅ​ស្ថាប័ន​នានា និង​ការ​សិក្សា​តាម​មហាវិទ្យាល័យ​មិន​មាន​ភាព​រលូន​ផង​ដែរ »  ។ នេះ​គឺជា​ការ​លើក​ឡើង​របស់​កញ្ញា ហុង ដា​នេ អាយុ​២០​ឆ្នាំ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។

និ​សិ​ត្ស​ដែល​កំពុង​សិក្សា​ជំនាញ​ផ្នែក​នីតិសាស្ត្រ​រូប​នេះ​បាន​បន្ត​ថា ៖« សម័យនេះ គឺជា​សម័យ​បច្ចេកវិទ្យា ដែល​តម្រូវ​ឲ្យ​ចេះ​ប្រើប្រាស់​កុំព្យូទ័រ និង​ស្មា​ត​ហ្វូ​ន​សម្រាប់​បម្រើ​ការងារ និង​ការ​សិក្សា មិនមែន​គ្រាន់តែ​កាន់​ដើម្បី​ភាព​សង្ហា​ទេ ។ ខ្ញុំ​មើលឃើញ​ថា នៅ​ពេល​យើង​ចេះ​ប្រើ​ប​ចេ្ច​ក​វិទ្យា ទោះបីជា​មិន​សិក្សា​យក​ជំនាញ software បង្កើត​គេហទំព័រ ឬ​ក៏​កម្មវិធី​ធំ​ៗ​សម្រាប់​បម្រើ​វិស័យ​ឧស្សាហកម្ម​ក្តី តែ​យុវវ័យ​ចាំបាច់​ត្រូវ​ចេះ​ជំនាញ​បច្ចេកវិទ្យា យ៉ាង​ហោច​ណាស់ ក៏​អាច​មានចំណេះ​ចេះ​ប្រើប្រាស់​រាល់​កម្មវិធី​របស់​ស្មា​ត​ហ្វូ​ន នោះ​ពិភពលោក​គឺ​ស្ថិត​ក្នុង​ដៃ​អ្នក​សម្រាប់​ការ​ស្រាវជ្រាវ​នានា និង​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ផង​ដែរ » ។

កញ្ញា​បាន​បន្ត​ទៀត​ថា បើ​និយាយ​ពី​បច្ចេកវិទ្យា គឺ​មាន​ច្រើន​ផ្នែក​ច្រើន​ជំនាញ តែ​មិន​ថា​អ្នក​ពូកែ​ផ្នែក​ប​ចេ្ច​ក​វិទ្យា​ខាង​ឧស្សាហកម្ម ឬ​បណ្តាញ​ទំនាក់ទំនង ឬ​ក៏​ប​ចេ្ច​ក​វិទ្យា​ក្នុង​វិទ្យាសាស្ត្រ​សុខាភិបាល​នោះ​ទេ គឺ​សុទ្ធតែ​មានគុណ​តម្លៃ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ប្រទេស​ជាតិ ។

ថ្មី​ៗ​នេះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​៦ ដល់​៩ ខែសីហា ឆ្នាំ​២០១៧ ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​យុវជន​កម្ពុជា ត្រូវ​ពង្រឹងសមត្ថភាព​ផ្នែក​ជំនាញ​បច្ចេកវិទ្យា ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង​ដែរ ។

នៅ​ឯ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​ជាង​២៥០​នាក់ ក្នុង​នោះ​រួម​មាន​ក្រុម​គ្រួសារ និស្សិត​មក​ពី​ទីក្រុង​ផ្សេង​ៗ​នៃ​ប្រទេស​ជប៉ុន​ថា ៖«​សម្តេច​សូម​កោតសរសើរ និង​ផ្តាំផ្ញើ​ដល់​និស្សិត និង​កម្មសិក្សាការី​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្រេប​យកចំណេះ​ដឹង ចំណេះធ្វើ ជា​ពិសេស ជំនាញ​បច្ចេកវិជ្ជា​ដើម្បី​យក​ទៅ​បម្រើ​ប្រទេស​ជាតិ » ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ពេល​នោះ គឺ​ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត និង​ដើម្បី​ជំរុញ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ខ្លាំង​ឡើង ។ សម្តេច​តេ​ជោ ក៏​បាន​ជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​បច្ចេកវិទ្យា ដោយ​ផ្តោត​លើ​វិស័យ​ឧស្សាហ​កម្ម​កែ​ច្នៃ​ឲ្យ​បាន​ច្រើន​ដែល​បង្កើត​ការងារ​កាន់តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ និង​បង្កើន​ចំណូល​ថវិកាជាតិ​កាន់តែ​ខ្ពស់ ។

ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី​ៗ​នេះ ក៏​បាន​លើក​ឡើង​ពីសារ​សំខាន់​នៃ​បច្ចេកវិទ្យា​សម្រាប់​ការងារ​រដ្ឋបាល និង​ការ​ដឹកនាំ​ប្រទេស​ផង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ចុង​ឆ្នាំ​២០១៦ ក្នុង​ឱកាស​សម្ពោធ​អគារ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់​ត្រូវ​ចេះ​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​ឲ្យ​បាន​ទូលំទូលាយ ឬ​យ៉ាង​ហោច​ណាស់ ចេះ​ប្រើ​ស្មា​ត​ហ្វូ​ន និង​កម្មវិធី​ក្នុង​ស្មា​ត​ហ្វូ​ន​សម្រាប់​ទំនាក់ទំនង​ការងារ​រដ្ឋបាល​នានា ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ត​ជា​ច្រើន​ក្នុង​ទូរស័ព្ទ​ដៃ​របស់​សម្តេច គឺ​សម្តេច​បាន​ប្រើប្រាស់​សម្រាប់​ការ​បំពេញការងារ​រាល់ថ្ងៃ​ក្នុង​ការ​ទំនាក់ទំនង​មន្ត្រី​រាជរដ្ឋាភិបាល និង​ការ​ដាក់​ចេញ​នូវ​បទបញ្ជា​នានា​។​

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​នៅ​ពេល​នោះ​ថា បើ​ទោះបីជា​បច្ចេកវិទ្យា​ឈាន​ដល់​កម្រិត​ខ្ពស់​ក៏​ដោយ តែបើ​មនុស្ស​មិន​ចេះ​ប្រើប្រាស់​វា​ទេ វា​គ្មាន​អ្វី​ល្អ​ប្រសើរ​ទេ ។ ដូច្នេះ ប្រសិនបើ​មន្ត្រីរាជការ​ណា​ម្នាក់​មិន​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ទេ ពួក​គេ​នឹង​មិន​ត្រូវ​បាន​ដំឡើង​ឋានៈ​តួនាទី​ទេ ។

យ៉ាងណាមិញ តាម​ស្ថាប័ន​ក្រសួង​មួយ​ចំនួន​មានការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ប​ចេ្ច​ក​វិទ្យា ដូច​ជា ក្រសួងពាណិជ្ជកម្ម សម្រាប់​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម ក៏​ដូច​ជា​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានជំនិះ ត្រួតពិនិត្យ​លក្ខណៈ​ប​ចេ្ច​ក​ទេស​យានជំនិះ ផ្តល់​ប័ណ្ណ​បើក​យានយន្ត និង​កម្មវិធី​យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើក​លើ​ទូរស័ព្ទ​ជាដើម ។ ទន្ទឹម​នឹង​នេះ ក្រសួងពាណិជ្ជកម្ម​ក៏​បាន​និង​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តី​អំពី E-commerce ផង​ដែរ ។

កញ្ញា កែវ គូ​នី​ឡា វ័យ​២៩​ឆ្នាំ ជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត ផ្នែក​គោលនយោបាយ​សាធារណៈ​ពីសា​លា លី ក្វា​ន់ យូ (Lee Kuan Yew School) នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី បច្ចេកវិទ្យា ឲ្យ​ដឹង​ថា បច្ចេកវិទ្យា គឺជា​អ្វី​ដែល​យុវជន​គួរតែ​ក្រសោប​យក​ជា​ចាំបាច់ ។

កញ្ញា​បាន​បញ្ជាក់​ថា ៖« ជា​ការ​ពិត​ណាស់ សម័យនេះ គឺជា​សម័យ​បច្ចេកវិទ្យា ហើយ​បច្ចេកវិទ្យា​នេះ​ហើយ ជួយ​ឲ្យ​យើង​រៀនសូត្រ និង​ធ្វើការ​កាន់តែ​មាន​ភាព​រលូន និង​លទ្ធផល​ល្អ​។ ហេតុនេះ​ហើយ​យុវជន​នានា​គួរ​ចាប់​យក​បច្ចេកវិទ្យា​ណា​ដែល​មាន​ប្រយោជន៍​ចំពោះ​ការងារ និង​ការ​រៀនសូត្រ​របស់​ខ្លួន » ។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា បើសិនជា​យុវជន​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​ខ្ពស់​តាម​វិស័យ​នីមួយ​ៗ តើ​វា​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស ឬ​យ៉ាងណា​នោះ កញ្ញា កែវ គូ​នី​ឡា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ទំនាក់ទំនង REDHILL Communications បាន​ឲ្យ​ដឹង​ថា នៅ​អាស៊ាន​សព្វ​ថ្ងៃនេះ​⁣ គេ​ចាប់ផ្តើម​និយាយ​អំពី សេដ្ឋកិច្ច​ឌី​ជី​ថ​ល (digital economy) ដែល​ជួយ​លើក​ស្ទួយ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ​បន្ថែម​ទៀត ដោយសារ​វា​អាច​ជួយ​បង្កើន​កម្រិត​នៃ​ផលិតកម្ម (productivity level) របស់​វិស័យ​នីមួយ​ៗ ។ ម្យ៉ាងទៀត ជំនាញ​ខាង​ផ្នែក​បច្ចេកវិទ្យា​របស់​ប្រទេស​មួយ​នឹង​អាច​ទាក់ទាញ​វិនិយោគ​ផ្សេង​ៗ​ឲ្យ​ចូល​មក និង​ផ្តល់​ការងារ​ជា​ច្រើន​ដល់​យុវជន​ដែល​មាន​ជំនាញ​ខាង​ផ្នែក​នោះ ។

កញ្ញា កែវ គូ​នី​ឡា បាន​បន្ថែម​ថា ៖« ការ​យល់​ដឹង​ពី​បច្ចេកវិទ្យា ធ្វើ​ឲ្យ​ការងារ​របស់​ខ្លួន​កន្លង​មក និង​ថ្មី​ៗ​នេះ​⁣​មាន​ភាព​រលូន និង​មាន​លទ្ធផល​ល្អ​ៗ​ជា​ច្រើន ។ មានចំណេះ​បច្ចេកវិទ្យា​ជា​ច្រើន​ណាស់​លើ​លោក​យើង​នេះ​⁣ ប៉ុន្តែ​យើង​គួរ​ចេះ​ជ្រើសរើស​យក​បច្ចេកវិទ្យា​ណាមួយ​ដែល​យើង​ចូល​ចិត្ត ហើយ​យើង​អាចយ​កមក​ប្រើប្រាស់ ដើម្បី​អភិវឌ្ឍន៍​ខាង​ផ្នែក​ការ​សិក្សា និង​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង » ។

យុវជន ក សំណាង ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា និង​កំពុង​បម្រើ​ការ​នៅ​ស្ថាប័ន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហាក់​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​ថ្នាក់ដឹកនាំ​កំពូល​ថា ជំនាញ​បច្ចេកវិទ្យា គឺ​មាន​សារសំខាន់​ណាស់​ក្នុង​យុគសម័យ​ទំនើប​នេះ ។

យុវជន ក សំណាង និយាយ​ថា ក្នុង​ពេល​បច្ចុប្បន្ន បច្ចេកវិទ្យា​មានការ​ជឿនលឿន​យ៉ាង​ខ្លាំង ជា​ពិសេស​វា​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​លើ​គ្រប់​វិស័យ ។ អ្នកជំនាញ​ខាង​ផ្នែក​ព័ត៌មានវិទ្យា​រូប​នេះ​បន្ត​ថា ប​ចេ្ច​ក​វិទ្យា គឺ​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហា និង​សកម្មភាព​របស់​មនុស្ស​បានជា​ច្រើន ។

យុវជន​រូប​នេះ​បន្ត​ទៀត​ថា ៖«​គ្រប់​វិស័យ​ទាំងអស់ ប្រសិនបើ​គ្មាន​បច្ចេកវិទ្យា​នោះ ការ​គ្រប់គ្រង ក៏​ដូច​ជា​ដំណើរការ​ការងារ​នឹង​មាន​ភាព​លំបាក ។ ទស្សនៈ​របស់ខ្ញុំ​គឺថា គ្រប់​ប្រទេស និង​ប្រជាជន​ទាំងអស់ ប្រសិនបើ​មានការ​យល់​ដឹង​ពី​បច្ចេកវិទ្យា នោះ​វា​នឹង​អាច​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ក៏​ដូច​ជា​ចំណេះដឹង​ផ្ទាល់ខ្លួន និង​អាច​ជួយ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​ជាង​មុន » ។

យ៉ាងណាមិញ ខាង​វិស័យ​សារព័ត៌មាន​វិញ​ក៏​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ផង​ដែរ​ពាក់ព័ន្ធ​នឹង​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា ។ លោក ម៉េ​ង ឆៃ ដែល​ធ្វើការ​ខាង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​ជាង​១០​ឆ្នាំ​បាន​លើក​ឡើង​ថា ប​ចេ្ច​ក​វិទ្យា​ក៏​បាន​វាយលុក​ខ្លាំង​លើ​វិស័យ​សារព័ត៌មាន​ផង​ដែរ ដោយសារ​តែ​ការ​ទំនាក់ទំនង និង​ការ​ទទួល​ព័ត៌មាន​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​មួយ​ចំនួន ជា​ពិសេស សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ធ្វើ​ឡើង​តាម​កម្មវិធី​តេ​ឡេ​ក្រាម និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាដើម ។

លោក ម៉េ​ង ឆៃ បន្ថែម​ថា ៖«​យើង​មើលឃើញ​បច្ចេកវិទ្យា​បាន​ដើរ​ឈានមុខ​ក្នុង​វិស័យ​សារព័ត៌មាន​ផង​ដែរ ដូច​ជា កកើត​នូវ​សារព័ត៌មាន​អន​ឡាញ ការ​វាយលុក​នៃ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​កម្មវិធី Apps មួយ​ចំនួន​ដូច​ជា WhatsApp, Telegram ឬ line ជាដើម » ។

លោក ម៉េ​ង ឆៃ បន្ត​ទៀត​ថា ៖« ជា​ការ​ពិត ស្ថាប័នរដ្ឋ​មួយ​ចំនួន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា និង​កម្មវិធី Apps ក្នុង​ការ​ចែកចាយ​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន ដូច​ជា​ស្ថាប័ន​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ឈានមុខ​គេ​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​តេ​ឡេ​ក្រាម​ទំនាក់ទំនង​ជាមួយ​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​ក្រសួងយុត្តិធម៌​ផង​ដែរ » ៕