ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នាំ​គ្នា​ជួយ​សម្អាត​ បែរជា​នាំ​គ្នា​បំពុលបរិស្ថាន​ទៅ​វិញ

6 ឆ្នាំ មុន

ខេត្តកំពត ៖ បរិស្ថាន​ល្អ សោ​ភ​ណ័​ភាពល្អ ផ្តើម​ចេញពី​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ចេះ​ស្រលាញ់​បរិស្ថាន និង​ចេះ​ថែរក្សា​បរិស្ថាន ដើម្បី​ការពារ​បាន​នូវ​ហានិភ័យ

ខេត្តកំពត ៖ បរិស្ថាន​ល្អ សោ​ភ​ណ័​ភាពល្អ ផ្តើម​ចេញពី​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ចេះ​ស្រលាញ់​បរិស្ថាន និង​ចេះ​ថែរក្សា​បរិស្ថាន ដើម្បី​ការពារ​បាន​នូវ​ហានិភ័យ ដែល​បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​ដោយ​ការ​បំពុលបរិស្ថាន​។ ការ​ថែរក្សា​បរិស្ថាន និង​អនាម័យ​គឺជា​តួនាទី​របស់​ពលរដ្ឋ​យើង​គ្រប់​ៗ​រូប គឺ​មិន​សំដៅ​តែ​មន្ត្រី​ជំនាញ​បរិស្ថាន​នោះ​ទេ​។ ការ​ថែរក្សា​បរិស្ថាន គឺ​យើង​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​មិន​ថា​តែ​នៅ​លើ​ផ្លូវ​សាធារណៈ ទីប្រជុំជន ឬ​នៅ​ទី​ជនបទ​នោះ​ឡើយ ទោះ​នៅ​ទីណា​ក៏​យើង​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​ឲ្យ​បាន​ល្អ​ដែរ ពីព្រោះ​បរិស្ថាន​ជា​កត្តា​សំខាន់​ណាស់​សម្រាប់​ជួយ​ទ្រទ្រង់​សុខភាព និង​ការ​រស់នៅ​របស់​យើង​ទាំងអស់​គ្នា​ប្រកបដោយ​ផា​សុខភាព​ផង​ដែរ​។ ជាក់ស្តែង​ដូច​ជា​ការ​បោះ​សំរាម ឬ​កាក​សំណល់​គ្រប់​ប្រភេទ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ វា​ពិតជា​បញ្ហា​មួយ​ដ៏​ធំ បង្ក​ឲ្យ​ខូច​សោភ័ណ​ភាព​តាម​ដងផ្លូវ​សាធារណៈ​ផង ជួប​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផ្នែក​បរិស្ថាន​ផង ប៉ះពាល់​សុខភាព​ដល់​ពលរដ្ឋ​ដែល​រស់​ក្បែរ​កន្លែង​ចោល​សំរាម​នេះ​ផង​។ ជា​ពិសេស​នាំ​បង្ក​ការ​រំខាន​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ផង​ដែរ​។

តាម​រយៈ​រូបភាព​ដែល​កំពុង​បង្ហាញ​នេះ គឺជា​ចំណុច​មួយ​នៃ​ដងផ្លូវ​ឆ្ពោះទៅ​តំបន់​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​នៃ​អាណាចក្រ​ខេត្តកំពត ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ហើយ​ក៏​ចាត់ទុកជា​ផ្លូវ​ផ្សារ​ភ្ជាប់​ចរន្ត​សេដ្ឋកិច្ច និង​ជា​បេះដូង​របស់​ខេត្តកំពត​ផង​ដែរ​។ ចំពោះ​ការ​បោះចោល​កាក​សំណល់​រាយ​ប៉ាយ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ដូច​ក្នុង​រូបភាព​នេះ ពិតជា​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់ និង​បាត់បង់​សោភ័ណ​ភាព​តាម​ដងផ្លូវ​ដែល​បាន​ស្ថាបនា​ដ៏​ស្អាត​ឥត​ខ្ចោះ ជា​ពិសេស​ក៏​រង​ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ហូរហែរ ព្រមទាំង​បង្ក​ភាព​អាប់អួរ ដោយសារ​ការ​បញ្ចេញ​ចំហាយ​ក្លិន​អសោច​សាយភាយ ពាសពេញ​ទីតាំង​នេះ​ប៉ះពាល់​ដល់​សុខភាព​មហាជន​ទៀត​ផង​។ ពិសេស​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​តាម​ដងផ្លូវ​ខាងលើ បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ហាក់ដូចជា​ពុំ​មាន​វិធានការ​ទប់ស្កាត់ ឬ​ផ្តល់​មតិ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​បរិស្ថាន​និង​អនាម័យ ដោយ​ពួក​គាត់​មានការ​យល់​ដឹង​មាន​កម្រិត​ទាប​បំផុត​។

ម្យ៉ាងទៀត​បើ​ផ្តោត​លើ​ភាព​សំខាន់​គួរតែ​អប់រំ​ណែនាំ​ដល់​ពួក​គាត់ គួរ​បញ្ឈប់​ការ​បោះចោល​សំរាម ឬ​កាក​សំណល់​ផ្តេសផ្តាស​តាម​ទី​សាធារណៈ គួរតែ​រក​ធុង​ផ្ទុក​សំរាម ដាក់​តាម​មុខ​ផ្ទះ​របស់​ពួក​គាត់ ដើម្បី​ចៀសវាង​ការ​បង្ហៀរ​កាក​សំណល់​រាយ​ប៉ាយ​តាម​ផ្លូវ​បែប​នេះ​បន្ត​ទៅ​ទៀត​។ ជុំវិញ​ការ​រិះគន់​ពី​សំណាក់​មហាជន និង​ភ្ញៀវ​ទេសចរណ៍​បញ្ហា​ចោល​សំរាម និង​កាក​សំណល់​ផ្សេង​ៗ​នៅ​លើ​ដងផ្លូវ​សាធារណៈ​(​ផ្លូវ​ទៅ​ច្រក ទ្វា​អន្តរជាតិ​ព្រែក​ចាក​) ត្រូវ​បាន​លោក ស៊ុ​យ ធា ប្រ ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ថ្លែងប្រាប់ កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ ២០១៧​នេះ​ថា ជុំវិញ​ករណី​ការ​បោសសំអាត​អនាម័យ និង​ការ​ថែរក្សា​បរិស្ថាន​នៅ​តាម​ទីរួមស្រុក​គឺ ក្រសួង​បាន​ប្រគល់​ទួ​នាទី​នេះ​ដល់​អាជ្ញាធរ​ស្រុក​ក្រុង​ទាំងអស់​ជា​អ្នក​ទទួលខុសត្រូវ ទាំង​ការ​អប់រំ​ផ្សព្វផ្សាយ​បញ្ហា​សម្អាត​អនាម័យ​ការ​កែ​លម្អ​បរិស្ថាន និង​ការ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ផង​ដែរ​។ ដូច្នេះ​កិច្ចការ​នេះ​ជា​តួនាទី​របស់​អាជ្ញាធរ​ស្រុក ឬ​ក្រុង​ត្រូវ​តែ​រក​វិធី​ដោះស្រាយ​ឲ្យ​បាន​ល្អ​ក្នុង​ការ​សម្អាត​អនាម័យ​នៅ​តាម​ផ្លូវ​សាធារណ ក៏​ដូច​នៅ​តាម​ទីប្រជុំជន​ផង​ដែរ​។ ប៉ុន្តែ​ក៏​ត្រូវ​តួនាទី​ខាង​មន្ទីរ​បរិស្ថាន​ត្រួតពិនិត្យ តែ​ប៉ុន្មាន​ថ្ងៃនេះ​គ្មាន​ឃើញ​តាម​បណ្តា​ស្រុក​រាយការណ៍​ពី​បញ្ហា​អនាម័យ​បរិស្ថាន​នេះ​សោះ​។ បើ​មាន​បញ្ហា​នេះ​កើតឡើង​លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ត្រួតពិនិត្យ​បន្ត​ទៀត​។

ក្នុង​ករណី​នេះ​ដែរ លោក អ៊ំ ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច បាន​ប្រាប់ កោះសន្តិភាព នៅ​រសៀល​ថ្ងៃនេះ​ដែរ​ថា បញ្ហា​ការ​យក​សំរាម និង​កាក​សំណល់​មក​ចោល​លើ​ផ្លូវ​សាធារណៈ​នេះ លោក​ទទួលស្គាល់​ថា​ពិតជា​មិន​សម​ទាល់តែ​សោះ ប៉ុន្តែ​បញ្ហា​នេះ​កន្លង​មក​លោក​ក៏​បាន​ប្រជុំ​ណែនាំ និង​ដាក់​ផែនការ​នេះ​ឲ្យ​ទៅ​អាជ្ញាធរ ឃុំ ឲ្យ​ជួយ​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​យក​សំរាម និង​កាក​សំណល់​ផ្សេង​ៗ​មក​បោះចោល​លើ​ផ្លូវ​សាធារណៈ ដូច្នេះ​តទៅ​ទៀត ដោយ​កន្លង​មក​ធ្លាប់​មាន​ម្តង​រួច​មក​ហើយ​។

ប៉ុន្តែ​ថ្មី​ៗ​នេះ​ទៀត​លោក​បាន​ដាក់​ផែនការ​ឲ្យ មេឃុំ ឬ​ស្សី​ស្រុក​ខាងលិច ជួយ​ណែនាំ និង​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​លើ​ផ្លូវ​សាធារណៈ​ជាដើម​ត្រូវ​បញ្ឈប់​ជា​ដាច់ខាត ហើយ​ត្រូវ​មាន​ធុងសំរាម​ដាក់​តាម​មុខ​ផ្ទះ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​សំរាម​គេ​មក​ដឹក​ទៅ​ចាក់​នៅ​កន្លែង​ដែល​ស្តុក​សំរាម​។ ប៉ុន្តែ​បើ​មាន​ប្រជាពលរដ្ឋ​ចោល​សំរាម​លើ​ផ្លូវ​សាធារណៈ​ដូច្នេះ​លោក​នឹង​ចុះ​ទៅ​ដល់​ឃុំ​ផ្ទាល់​តែ​ម្តង ដើម្បី​ជួប​ជាមួយ​មេឃុំ និង​ប្រជាពលរដ្ឋ​ជួយ​ពន្យល់​ណែនាំ​ដល់​ពួក​គាត់​ម្តងទៀត​ឲ្យ​យល់​ពី​ផល​ប៉ះពាល់​អនាម យ​បរិស្ថាន​និង​សុខភាព​របស់​យើង​ទាំងអស់​គ្នា​ដោយសារ​ការ​បំពុលបរិស្ថាន​ដែល​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា​៕