ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​នៃ​ជំងឺលើសឈាម

6 ឆ្នាំ មុន

ជំងឺលើសឈាម​អាច​ឆក់​យកអាយុ​ជីវិត​លោក​អ្នក​បាន​គ្រប់ពេលវេលា​ទាំងអស់ បើសិនជា​លោក​អ្នក​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព ។ មាន​អ្នកជំងឺ​លើសឈាម​មួយ​ចំនួន​តែងតែ​យល់​ថា

ជំងឺលើសឈាម​អាច​ឆក់​យកអាយុ​ជីវិត​លោក​អ្នក​បាន​គ្រប់ពេលវេលា​ទាំងអស់ បើសិនជា​លោក​អ្នក​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព ។ មាន​អ្នកជំងឺ​លើសឈាម​មួយ​ចំនួន​តែងតែ​យល់​ថា ​ការ​លេបថ្នាំ​ព្យាបាល​ជំងឺលើសឈាម​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ខូច​តម្រងនោម ហើយ​ឈប់​លេបថ្នាំ​ដោយ​ចិត្ត​ឯង ។

បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត​ឈឺ ប្រកប ឯកទេស​ផ្នែក​ជំងឺលើសឈាម បេះដូង និង​ជា​ប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ប្រាប់​កោះសន្តិភាព​ថា មាន​អ្នកជំងឺ​លើសឈាម​មួយ​ចំនួន​តែងតែ​និយាយ​ត គ្នា​ៗ​ថា ការ​លេបថ្នាំ​ព្យាបាល​ជំងឺលើសឈាម​ផ្តល់​ផល​ប៉ះពាល់​ដល់​តម្រងនោម ទាំងនេះ​គឺជា​ការ​យល់​ខុស​ទាំង ស្រុង។

ការ​លេបថ្នាំ​ព្យាបាល​ជំងឺលើសឈាម​ឲ្យ​បាន​ទៀងទាត់​គឺ​ជួយ​ការពារ​កុំ​ឲ្យ​ខូច​តម្រងនោម ដែល​នាំ​ឲ្យ​មាន​ផលវិបាក​ទៅ​ថ្ងៃក្រោយ ពិសេស​គឺ​ការ​លាង​ឈាម​ដោយសារ​តែ​ការ​ខូច​តម្រងនោម​នេះ ។ ដូច្នេះ​សូម​បងប្អូន​ដែល​ជា​អ្នកជំងឺ​កុំ​យល់​ច្រឡំ ហើយ​ឈប់​លេបថ្នាំ​ព្យាបាល​ជំងឺលើសឈាម​នេះ​ដោយ​ចិត្ត​ឯង ដូច​ជា​ពាក្យ​គេ​និយាយ​ត​គ្នា ព្រោះ​វា​មិនមែន​ជា​ការណ៍​ពិត ។

លោក​វេជ្ជបណ្ឌិត​ប្រាប់​ឲ្យ​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺលើសឈាម​ថា ដូចដែល​លោក​អ្នក​បានដឹង​មក​ហើយ​ថា ជំងឺលើសឈាម​ជា​ឃាតករ​ស្ងៀមស្ងាត់ ដែល​អាច​ឆក់​យក​ជីវិត​អ្នកជំងឺ​បាន​គ្រប់ពេលវេលា ជាង​នេះ​ទៅ​ទៀត​ជំងឺលើសឈាម​ក៏​បាន​ផ្តល់​ផលវិបាក​ជា​ច្រើន បើសិនជា​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ ។

ផល​ប៉ះពាល់​ទាំងនេះ​មាន​ដូច​ជា​៖
១-​អាច​ប្រឈម​ទៅ​នឹង​ការ​កើត​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ។
២-​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ។
៣-​អាច​ប្រឈម​ទៅ​នឹង​ការ​ដាច់​សរសៃឈាម​ខួរក្បាល ។
៤-​អាច​ធ្វើ​ឲ្យ​ស្រវាំងភ្នែក បន្តិច​ម្តង​ៗ ហើយ​ឈាន​ដល់​ការ​ពិការ​ភ្នែក ។
៥-​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​បេះដូង ។
៦-​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺខ្សោយបេះដូង ។
៧-​អាច​ធ្វើ​ឲ្យ​កើត​មាន​វិបត្តិ​ចង្វាក់បេះដូង ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ញ័រ​ដើមទ្រូង ។
៨-​អាច​ធ្វើ​ឲ្យ​ខូច​តម្រងនោម ដែល​ត្រូវ​លាង​ឈាម​ជា​ប្រចាំ ។
៩-​អាច​បណ្តាល​ឲ្យ​ស្ទះ​សរសៃឈាម​ជើង ដែល​ពេល​ខ្លះ​ត្រូវ​កាត់​ជើង​ចោល ដោយសារ​តែ​សរសៃឈាម​ទៅ​ចិញ្ចឹម​ជើងខូច ។
១០-​អាច​កើត​មាន​ជំងឺ​ភ្លេចភ្លាំង ។
១១-​អាច​ប៉ះពាល់​ទៅ​ដល់​បញ្ហា​ផ្លូវភេទ​ជាដើម ។

លោក​អ្នក​ត្រូវ​ចាំ​ថា គ្រប់​មនុស្ស​ទាំងអស់​ឲ្យ​តែ​ឈាន​ដល់​អាយុ​៨០​ឡើង​ទៅ​អ្នក​ណា​ក៏​អាច​កើត​មាន​ជំងឺលើសឈាម​ដែរ សឹងតែ​១០០% ។ ប៉ុន្តែ​ជា​ទូទៅ​ជំងឺ​នេះ​ច្រើន​តែង​កើត​មាននៅ​លើ​បុរស​អាយុ​ចាប់ពី​៥០​ឡើង​ទៅ និង​ស្ត្រី​៦៥​ឡើង​ទៅ ។ ជំងឺលើសឈាម​គឺ​មានការ​ទាក់ទង​ទៅ​នឹង​អាយុកាល ដូច្នេះ​ឈាន​ចូល​ដល់​វ័យ​ចំណាស់ លោក​អ្នក​គួរតែ​ស្វែងរក​ជំងឺ​នេះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ទោះបីជា​គ្មាន​រោគ​សញ្ញា​ក៏​ដោយ ៕