ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាងសង់​ឡ​ជីវ ឧស្ម័ន​រួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជា​កសិករ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹង​ថា ការ​សាងសង់​ឡ​ជីវឧស្ម័ន​ជូន​ប្រជា​កសិករ​នៅ​តាម​ជនបទ និង​សហគមន៍ បាន​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹង​ថា ការ​សាងសង់​ឡ​ជីវឧស្ម័ន​ជូន​ប្រជា​កសិករ​នៅ​តាម​ជនបទ និង​សហគមន៍ បាន​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​ប្រជា​កសិករ ដោយ​ការ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​ប្រកបដោយ​និរន្តរភាព និង​ចូលរួម​អនុវត្ត​គោលដៅ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។

លោក ឡោ រស្មី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​៨ សីហា ម្សិលមិញ​ថា ការ​អភិវឌ្ឍ​ឡ​ជីវឧស្ម័ន​នៅ​កម្ពុជា​កំពុង​តែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​គោលនយោបាយ​អភិវឌ្ឍន៍​ឡ​ជីវឧស្ម័ន​កម្ពុជា ឆ្នាំ​២០១៦-២០២៥​នេះ ស្រប​ទៅ​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ។

លោក​បន្ត​ថា កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៦ និង​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ប្រមាណ​៦ ដោយ​អនុវត្ត​នៅ​តាម​ខេត្ត​-​ក្រុង​ចំនួន​១៤ ហើយ​គិត​មក​ដល់​ពេល​នេះ ការ​សាងសង់​ឡ​ជីវឧស្ម័ន​ជូន​ដល់​ប្រជា​កសិករ​នៅ​តាម​គោលដៅ​បាន​ចំនួន​២៦.១២៣​ឡ ។

លោក​បញ្ជាក់​ថា ៖« តាម​សូចនាករ​លទ្ធផល​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​នៅ​ត្រឹម​ឆ្នាំ​២០២៥  សម្រាប់​ឡ​ជីវឧស្ម័ន​ជា​លក្ខណៈ​គ្រួសារ បាន​សាងសង់​នៅ​ឆ្នាំ​២០១៦ មាន​ប្រមាណ​​២៥​ពាន់​ឡ​, ឆ្នាំ​២០២០ មាន​៣៣​ពាន់​ឡ និង​ដល់​ឆ្នាំ​២០២៥ មាន​រហូត​ដល់​៤៣​ពាន់​ឡ ។ ឡ​ជីវឧស្ម័ន​ថ្នាក់​ខ្នាត​មធ្យម​សាងសង់​នៅ​ឆ្នាំ​២០១៦ មាន​១០០​ឡ​, ឆ្នាំ​២០២០ មាន​២០០​ឡ និង​ដល់​ឆ្នាំ​២០២៥ មាន​៥០០​ឡ និង​ឡ​ជីវឧស្ម័ន​ខ្នាត​ធំ នៅ​ឆ្នាំ​២០១៦ ចំនួន​១​ឡ​, ឆ្នាំ​២០២០ មាន​៣​ឡ និង​ឆ្នាំ​២០២៥ មាន​៥​ឡ » ។

លោក សិន ដា​រ៉ា​វុ​ធ មន្ត្រី​សម្របសម្រួល​គម្រោង​អភិវឌ្ឍន៍​ឡ​ជីវឧស្ម័ន​នៃ​អង្គការ CEDAC បានឱ្យ​ដឹង​ថា ៖« មក​ដល់​ពេល​នេះ មាន​ខេត្ត​ចំនួន​៣ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ CEDAC គឺ​ខេត្តកំពត ព្រៃវែង និង​កំពង់ធំ ហើយ​គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០១៧​កន្លង​ទៅ យើង​សាងសង់​ឡ​ជីវឧស្ម័ន​បាន​៧.៤១២​ឡ​ជូន​ប្រជា​កសិករ » ។

លោក​បន្ត​ថា ៖« សព្វ​ថ្ងៃនេះ ការ​សាងសង់ ឡ​ជីវឧស្ម័ន​យើង​នេះ មាន​មិន​ទាន់​ដល់​១%​នៃ​ចំនួន​ប្រជា​កសិករ​នៅឡើយ​ទេ ដោយសារ​កសិករ​ខ្លាច​ចំណាយ​លើ​ទុន​សាង​សង់​, ការ​យល់​ដឹង និង​ការ​ផ្សព្វផ្សាយ​មិន​ទាន់​ដល់​កម្រិត​, ការ​ហូរ​ចូល​នៃ​គ្រឿងយន្ត​កសិកម្ម និង​ការ​ហូរ​ចេញ​នៃ​កម្លាំង​ពលកម្ម ធ្វើ​ឱ្យ​កសិករ​លក់​គោ​-​ក្របី​អស់ ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​គ្មាន​ឱកាស​សាងសង់​ឡ » ។

លោក គល់ ធី កសិករ​នៅ​ខេត្តតាកែវ ដែក​ល​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​ដំបូង​គេ​ក្នុងភូមិ​ដែល​លោក​រស់នៅ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៨ សីហា ថា ការ​សង់​ឡ​ជីវឧស្ម័ន ពិតជា​ផ្ដល់​ផលប្រយោជន៍​ច្រើន​យ៉ាង ដែល​មិន​ត្រឹមតែ​ផ្ដល់​ប្រភព​ភ្លើង​សម្រាប់​ចម្អិន​អាហារ និង​បំភ្លឺ​លំនៅ​ឋាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ប្រភព​ជីធម្មជាតិ​ដ៏​ល្អ​ដាច់​គេ​សម្រាប់​ដាក់​ដំណាំ​ស្រូវ និង​ដំណាំ​រួម​ផ្សំ​នានា​ទៀត​ផង ។

លោក​និយាយ​ថា ៖« ខ្ញុំ​ចំណាយ​ធ្វើ​ឡ​ជីវឧស្ម័ន​នេះ​អស់​ជាង​៥០០​ដុល្លារ តែ​ខាង​អង្គការ​ជួយ​១៥០​ដុល្លារ​វិញ នៅ​សល់​ប៉ុន្មាន ខ្ញុំ​បង់​រំលស់​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ដែល​សហការ​ជាមួយ​អង្គការ​នេះ » ។ លោក​ថា ៖« មុន​ពេល​ក្រុមការងារ​ចុះ​មក​ធ្វើ គេ​បាន​ពិនិត្យ​ទីតាំង និង​សត្វពាហនៈ​ដែល​យើង​កំពុង​ចិញ្ចឹម​ជា​មុន​សិន ដើម្បី​ដឹង​ថា ត្រូវធ្វើ​ទំហំ​ប៉ុនណា » ។ លោក​ថា ៖« ដំបូង ខ្ញុំ​ចំណាយ​ធ្វើ​វា​អស់​ច្រើន​បន្ដិច​មែន ប៉ុន្ដែ​បើ​ធៀប​នឹង​យើង​ទិញ​អុស ទិញ​ធ្យូង​ប្រចាំខែ គឺ​យើង​ចំណេញ​ច្រើន ហើយ​វា​មិន​បង្ក​ហានិភ័យ​អ្វី​ដូច​ហ្គា​ស​ក្នុង​ធុង ដែល​យើង​បារម្ភ​ខ្លាច​ផ្ទុះ​នោះ​ទេ ថែម​ទាំង​ចម្អិនម្ហូប ដាំទឹក​ទាន់ចិត្ត​ទៀត » ។

លោក​បន្ដ​ថា ក្រៅពី​ផ្ដល់​ប្រភព​ថាមពល​សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​ក្នុង​ផ្ទះបាយ និង​ភ្លើង​បំភ្លឺ​ហើយ កម្អែល​លាមក​សត្វ​ដែល​ហៀរ​ចេញពី​ឡ គឺជា​ប្រភព​ជីធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​ដាក់​ស្រែ​ចម្ការ ។

លោក​និយាយ​ថា ៖« កម្អែល​លាមក​សត្វ​ដែល​ហៀរ​ចេញពី​ឡ​នេះ ខ្ញុំ​យក​ទៅ​ដាក់​ស្រែ​ធ្វើ​ឲ្យ​ដី​ផុស ស្រូវ​ល្អ​ណាស់ មិន​ចេះ​ខ្លោច​ស្រូវ ដោយ​យក​អាចម៍គោ​ទៅ​ដាក់​ទាំង​ដុល​នោះ​ទេ ហើយ​បើ​យក​មក​ដាក់​ដំណាំ​បន្លែ​វិញ គឺ​ដឹង​តែ​ល្អ​ទាំង​ដើម ទាំង​ស្លឹក និង​ផ្លែ​ធំ​ៗ​តែ​ម្ដង » ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន ក្នុងភូមិ​របស់​លោក មានគ្រួសារ​កំពុង​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​ច្រើន ដោយសារ​តែ​វា​ប្រើ​ទៅ​ស្រួល ព្រោះ​ឃើញ​លោក​ប្រើ​ស្រួល ។

តាម​របាយការណ៍​ក្រសួងកសិកម្ម​បង្ហាញ​ថា ដើម្បី​សម្រេច​នូវ​ទិស​ដៅ​នេះ វិធានការ​គោលនយោបាយ​ចំនួន​៥​នឹង​ត្រូវ​ដាក់​ចេញ​មាន ៖

១-​បង្កើន​ធនធាន​ហិរញ្ញវត្ថុ និង​ថវិកាជាតិ​ឱ្យ​កើន​ពី​ក្នុង​រង្វង់​៤%​នៅ​ឆ្នាំ​២០១៦ ដល់​១០%​យ៉ាងតិច​នៅ​ឆ្នាំ​២០២៥ នៃ​ថវិកាជាតិ​ហិរញ្ញប្បទាន​ទ្រទ្រង់​កម្មវិធី​ជំរុញ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ សម្រាប់​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ឡ​ជីវឧស្ម័ន ។

២-​ធានា​ការ​ចូលរួម​ឧបត្ថម្ភ​ធន​ដល់​កសិករ​ចិញ្ចឹមសត្វ ដែល​អនុវត្ត​ការ​សាងសង់ និង​ប្រើប្រាស់​ឡ​ជីវឧស្ម័ន ដោយ​ត្រូវ​ផ្តល់​ធនធាន​ថវិកា​ទាប​បំផុត​ប្រមាណ​៣០% នៃ​តម្លៃ​សាងសង់​ក្នុង​១​ឡ​ជីវឧស្ម័ន ដើម្បី​លើកទឹកចិត្ត​ការ​ចូលរួម​ពី​កសិករ ។

៣-​លើកទឹកចិត្ត​ដល់​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ឱ្យ​បាន​សស្រាក់សស្រាំ ក្នុង​ការ​អភិវឌ្ឍ​ឡ​ជីវឧស្ម័ន នៅ​កម្ពុជា ដោយ​ត្រូវការ​ថវិកា​ធនធាន​ហិរញ្ញវត្ថុ ក្នុង​កម្រិត​១០%​យ៉ាងតិច​នៃ​គម្រោង​អភិវឌ្ឍន៍​កម្មវិធី​ជំរុញ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ សម្រាប់​ចូលរួម​អភិវឌ្ឍន៍​ឡ​ជីវឧស្ម័ន ។

៤-​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​វិស័យ​ឯកជន ពិសេស កសិដ្ឋាន​ចិញ្ចឹមសត្វ និង​សត្តឃាតដ្ឋាន ទាំងអស់​ចូលរួម​សាងសង់ ប្រើប្រាស់​ឡ​ជីវឧស្ម័ន និង​ផ្តល់​នូវ​បទ​ពិសោធន៍​ដល់​កសិករ​ចិញ្ចឹមសត្វ​ខ្នាត​តូច និង​មធ្យម បាន​យល់​ដឹង​ពី​ការ​សាងសង់ និង​ប្រើប្រាស់​ឡ​ជីវឧស្ម័ន ។

៥-​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​កសិករ​ដើម្បី​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​ឡ​ជីវឧស្ម័ន ពិសេស ជំរុញ​ឱ្យ​មានការ​បញ្ចុះ​ការ​ប្រាក់​ក្នុង​កម្រិត​មួយ​សមរម្យ ៕