ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេច​ជាង​1​ពាន់​ហិ​កតា​កំពុង​កើត​ជំងឺ​លឿង

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កសិករ​មួយ​ចំនួន​ធំ​នៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ កំពុង​ព្រួយបារម្ភ​ដោយសារ​តែ​ដាំ​ម្រេច​របស់​ពួក​គាត់ ជាង​១​ពាន់​ហិ​កតា​កំពុង​កើត​ជំងឺ​លឿង​ស្លឹក រលួយ​ឫស និង

ខេត្តរតនគិរី ៖ កសិករ​មួយ​ចំនួន​ធំ​នៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ កំពុង​ព្រួយបារម្ភ​ដោយសារ​តែ​ដាំ​ម្រេច​របស់​ពួក​គាត់ ជាង​១​ពាន់​ហិ​កតា​កំពុង​កើត​ជំងឺ​លឿង​ស្លឹក រលួយ​ឫស និង​ងាប់​ដើម​ជា​បណ្ដើរ​ៗ ។ ទោះបី​យ៉ាងណា ក្រោយ​ពី​មានការ​អន្តរាគមន៍​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អ្នកជំនាញ​មក​ពី​ប្រទេស​វៀតណាម ចុះ​មក​សិក្សា និង​ពិនិត្យ​ជាក់ស្ដែង បាន​រក​ឃើញ​នូវ​មូលហេតុ​ដែល​នាំ​ឲ្យ​ម្រេច​របស់​ពួក​គាត់​មាន​ជំងឺ​បែប​នេះ ។

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សភាពការណ៍​ផ្ទុះ​ជំងឺ​លើ​ដំណាំ​ម្រេច​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ សីហា កន្លង​មក មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជី​ប៊ិ​ញ ឌៀ​ន សញ្ញា​ក្បាល​ក្របី និង​អ្នកជំនាញ​ដំណាំ​ម្រេច​មក​ពី​ប្រទេស​វៀតណាម ចុះ​ទៅ​ធ្វើការ​សិក្សា​និង​ពិនិត្យ​ជាក់ស្ដែង ដោយ​បាន​រក​ឃើញ​មូលហេតុ​នៃ​ការ​កើត​ជំងឺ​នេះ ។

លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ដ​ថា ៖« កសិករ​មួយ​ចំនួន​ធំ​មិន​បាន​យកចិត្តទុកដាក់​ធ្វើ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ចន្លោះ​រង​ម្រេច​ឲ្យ​បាន​ជ្រៅ ខណៈ​ដែល​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ធ្វើ​ឲ្យ​ដក់​នៅ​ចន្លោះ​រង​ម្រេច ហើយ​ម្រេច​ក៏​ចាប់ផ្តើម​លឿង​ស្លឹក និង​រលួយ​ងាប់​បណ្តើរ​ៗ​យ៉ាង​ដូច្នេះ » ។

លោក​បន្ដ​ថា ម្រេច​ជា​ដំណាំ​កសិកម្ម​មួយ​ប្រភេទ ដែល​ចាំបាច់​តម្រូវ​ឲ្យ​មានការ​យកចិត្ត ទុកដាក់​ថែទាំ​ទៅ​តាម​បច្ចេកទេស ហើយ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​នេះ អ្នកជំនាញ​បាន​យក​សំណាក​ដី​នៅ​ទីតាំង​ចម្ការ​ម្រេច​មួយ​ចំនួន​ទៅ​ពិនិត្យ​នៅ​ឡា​បូ​ជាក់ស្តែង និង​ឃើញ​ថា ដី​មាន​ជីជាតិ​ល្អ គ្មាន​បញ្ហា​ទេ ។

អ្នកជំនាញ​មក​ពី​ប្រទេស​វៀតណាម​បាន​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​កើត​ជំងឺ​នេះ ដោយសារ​តែ​ម្រេច​ពុល​ទឹកភ្លៀង​ជោកជាំ​ពេក ព្រោះ​រយៈពេល​ជាង​១​ខែ​នេះ ខេត្តរតនគិរី​មាន​ភ្លៀង​ធ្លាក់​ជា​រៀងរាល់ថ្ងៃ ។

អ្នកជំនាញ​រូប​នោះ​បន្ដ​ថា ៖« ក្រោយ​ពី​ការ​សាកល្បង​ព្យាបាល​ជំងឺ​លឿង​ស្លឹក​នេះ ហើយ​លទ្ធផល​ទទួល​បាន​ជោគជ័យ យើង​នឹង​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ដល់​ប្រជា​កសិករ​ដំណាំ​ម្រេច​ដទៃ​ទៀត ឲ្យ​ចេះ​ពី​វិធី​ព្យាបាល​ជំងឺ​នេះ » ។

កសិករ​ដាំ​ម្រេច​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧​នេះ ម្រេច​ស្ងួត​លក់​ចេញ​ឲ្យ​ឈ្មួញ ក្នុង​១​គីឡូក្រាម តម្លៃ​៤,២​ដុល្លារ ឬ​១៦.៨០០​រៀល​។ ពួក​គាត់​និយាយ​ថា ៖« តម្លៃ​ថោក​បែប​នេះ​ក្នុង​១​រដូវ​ៗ​សឹងតែ​មិន​គ្រប់​ថ្លៃ​ជី និង​ថ្លៃ​កម្មករ​បេះ​ផង​។ ពួក​យើង​សូម​សំណូមពរ​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម​ជួយ​រក​ទីផ្សារ​ឲ្យ​ទិន្នផល​នេះ​មាន​ភាព​ប្រសើរ​ឡើង​ផង ដើម្បី​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​ក្រុម​គ្រួសារ​របស់​ពួក​យើង » ៕