ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ធំ​ៗ​ស្រុក​ខ្មែរ​កំពុង​ចាប់អារម្មណ៍​វិនិយោគ​លើ​ផ្សារ​ទំនើប

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ចេញ​នូវ​កម្មវិធី​កំណែទម្រង់ និង​គោលនយោបាយ​ទីផ្សារសេរី របស់​រាជរដ្ឋាភិបាល សំដៅ​លើក​ស្ទួយ​ស្ថិរភាព​ពាណិជ្ជកម្ម និង​វិនិយោគ ព្រមទាំង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ចេញ​នូវ​កម្មវិធី​កំណែទម្រង់ និង​គោលនយោបាយ​ទីផ្សារសេរី របស់​រាជរដ្ឋាភិបាល សំដៅ​លើក​ស្ទួយ​ស្ថិរភាព​ពាណិជ្ជកម្ម និង​វិនិយោគ ព្រមទាំង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កម្មវិធី​កំណែទម្រង់​ទាំងនេះ ។ តាម​រយៈ​វឌ្ឍនភាព​សេដ្ឋកិច្ច​កម្រិត​នេះ​បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ទទួល​បាន​ផលិតផល និង​សេវាកម្ម​ស្ទើរ​គ្រប់​ប្រភេទ ។ ទន្ទឹម​ជាមួយ​គ្នា​នេះ វិនិយោគិន​ជាតិ និង​អន្ដរជាតិ ក៏​បាន​សម្លឹង​ឃើញ​ឱកាស​បោះទុន​វិនិយោគ​ជា​បន្តបន្ទាប់ ដោយ​បាន​បង្កើត​ការងារ និង​ផ្ដល់​ចំណូល​ដោយ​ផ្ទាល់ និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​រស់នៅ​យ៉ាង​សមស​ម្យ ហើយ​បរិបទ​នៃ​ការ​រស់នៅ ក៏​មានការ​ផ្លាស់​ប្តូរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​មាន​ទំនោរ​ទៅ​លើ​ផលិតផល​ម៉ាក​យីហោ​ល្បី​ៗ និង​លក់​នៅ​កន្លែង​ទំនើប​ៗ ក៏​បាន​ធ្វើ​ឲ្យ​ការ​វិនិយោគ​លើ​ហាង​លក់ទំនិញ និង​ផ្សារ​ទំនើប​រីក​ចម្រើន​ផង​ដែរ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ហាង និង​ផ្សារ​ទំនើប​ជា​ច្រើន​បាន​និង​កំពុង​លក់​ផលិតផល​ម៉ាក​យីហោ​ល្បី​ៗ​ពី​បរទេស​ស្ទើរ​គ្រប់​ប្រភេទ​។ និន្នាការ​ផ្លាស់​ប្ដូរ​បែបផែន​នៃ​ការ​រស់នៅ​នេះ បាន​ធ្វើ​ឲ្យ​សេដ្ឋី​ធំ​ៗ​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​ងាក​មក​វិនិយោគ​បង្កើត​ផ្សារ​ទំនើប និង​ហាង​លក់ទំនិញ​លក្ខណៈ​ស្តង់ដា ទាំង​ហាង​ដែល​បង្កើត​ក្នុងស្រុក ក៏​ដូច​ជា​ហាង និង​ផ្សារ​ទំនើប​នាំ​ឈ្មោះ​ពី​បរទេស ។

លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ជា​សេដ្ឋី​ដ៏​ល្បីឈ្មោះ​មួយ​រូប​ដែល​ក្តោប​ក្ដាប់​មុខ​ជំនួញ​ជា​ច្រើន​ក្នុង​ដៃ បាន​បណ្ដាក់ទុន​នាំ​យក​ផ្សារ​ទំនើប​ពី​ប្រទេស​ថៃ ឈ្មោះ Makro Supermarket មក​កម្ពុជា ដែល​ផ្សារ​ទំនើប​មួយ​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​លក់ទំនិញ​នៅ​ចុងឆ្នាំ​នេះ ។ ផ្សារ​ទំនើប​នេះ​ក៏​នឹង​កាត់​បន្ថយ​នូវ​ការ​ធ្វើ​ដំណើរ​របស់​អាជីវករ​ខ្មែរ ដែល​កន្លង​មក​តែងតែ​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​នាំ​ចូល​ទំនិញ​មក​ចែកចាយ​ក្នុងស្រុក​ផង​ដែរ ។

អ្នកឧកញ៉ា គិត ម៉េ​ង សេដ្ឋី​កាន់កាប់​មុខ​ជំនួញ​រាប់​សិប​ក្នុង​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចុះហត្ថលេខា​នាំ​យក​ផ្សារ​ទំនើប EMART ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Shinsegac Group របស់​ប្រទេស​កូរ៉េ មក​កម្ពុជា ។ ផ្សារ​ទំនើប​នេះ​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​រាជធានី​ភ្នំពេញ ហើយ​ក្រោយ​សាងសង់​រួចរាល់ ផ្សារ​ទំនើប​មួយ​នេះ​នឹង​លក់ទំនិញ​ល្បី​ៗ​ពី​បរទេស និង​ទំនិញ​ក្នុងស្រុក​ផង​ដែរ ។

លោក​ឧកញ៉ា ឧស្មាន​ហា​ស្សាន់ ដែល​ជា​សេដ្ឋី​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម ក៏​បាន​បោះទុន​វិនិយោគ​លើ​ផ្សារ​ទំនើប​ដ៏​ធំ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ នៅ​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ដែល​ផ្សារ​ទំនើប​នោះ​អាច​ក្លាយជា​ផ្សារ​ទំនើប​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ផ្សារ​ទំនើប​នេះ​ឈ្មោះ ផាក​សុ​ន ស្ថិត​នៅ​ទីតាំង​ចំណុចប្រសព្វ​រវាង​ខណ្ឌ​ចំនួន​៣ គឺ​ខណ្ឌទួលគោក ខណ្ឌ​៧​មក​រា និង​ខណ្ឌដូនពេញ និង​ជា​ចំណុចប្រសព្វ​រវាង​អ្នកមាន និង​អ្នក​មធ្យម​ផង​ដែរ ។

អ្នកឧកញ៉ា ពុង ឃាវ​សែ សេដ្ឋី​ដ៏​លេចធ្លោ​មួយ​រូប និង​ជា​វិនិយោគិន​សំខាន់​មួយ​នៅ​កម្ពុជា ក្នុង​ការ​ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ ក៏​មាន​ផ្សារ​ទំនើប​មួយ​ចំនួន ដែល​អ្នកឧកញ៉ា​បាន​វិនិយោគ​កន្លង​មក និង​កំពុង​ជួសជុល​កែ​លម្អ​ឡើង​វិញ​នូវ​ផ្សារ​ទំនើប​ទាំងនោះ ដើម្បី​ប្រកួតប្រជែង​យក​ប្រជាប្រិយភាព​វិញ បន្ទាប់​ពី​ផ្សារ​ទំនើប​បរទេស​ហូរ​ចូល​ក្នុងស្រុក​ជា​បន្តបន្ទាប់ ។ ផ្សារ​ទំនើប​ធំ​ៗ​ដែល​នៅ​ក្រោម​ការ​វិនិយោគ​របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ រួម​មាន ផ្សារ​ទំនើប​សុ​វ​ណ្ណា ផ្សារ​ទំនើប​សូ​រិ​យា និង​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ប៉ុន្តែ​បច្ចុប្បន្ន​នេះ ផ្សារ​ទំនើប​ទាំងនោះ​កំពុង​តែ​បាត់បង់​អតិថិជន​បន្តិច​ម្ដង​ៗ ក្រោយ​ពី​មាន​ផ្សារ​ទំនើប​ថ្មី​ៗ​ពី​បរទេស​ចូល​មក ។

លោក​ជំទាវ​ឧកញ៉ា លឹ​ម ឈី​វ​ហូ អ្នកជំនួញ​ស្ត្រី​ឆ្នើម​នៅ​កម្ពុជា ក៏​បាន​វិនិយោគ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម អ៊ែ​ត​វូ​ត ក៏​ជា​បណ្ដុំ​ហាង​ទំនើប​ៗ​ទាំង​ខ្មែរ និង​បរទេស​ផង​ដែរ ។

លោក​ឧកញ៉ា ស្រី ចាន់​ថន អ្នកជំនួញ​លើ​វិស័យ​អចលនទ្រព្យ ហាង​ទំនិញ និង​ភោជនីយដ្ឋាន​នៅ​ភ្នំពេញ បាន​វិនិយោគ​លើ​ផ្សារ​កុងតឺន័រ​ដំបូង​គេ​នៅ​កណ្ដាល​រាជធានី និង​បាន​ទាក់ទាញ​ភ្ញៀវ​ខ្មែរ និង​បរទេស​ជា​ច្រើន ហើយ​កុងតឺន័រ​នេះ​ដែរ មិន​ត្រឹមតែ​ជា​កន្លែង​លក់ទំនិញ និង​ផលិតផល​នោះ​ទេ តែ​វា​ក៏​ជា​កន្លែង​ដើរ​កម្សាន្ត​ពេល​រាត្រី​មួយ​សម្រាប់​អ្នក​រស់នៅ​ភ្នំពេញ និង​តាម​ខេត្ត​ផង​ដែរ ។

បើ​តាម​លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​បង្កើត​ផ្សារ​ទំនើប​ធំ​ៗ​ពី​បរទេស គឺជា​ឱកាស​មួយ​របស់​កម្ពុជា ដែល​អាច​ផ្ដល់​បទ​ពិសោធន៍ ពី​របៀប​គ្រប់គ្រង​ផ្សារ​ទំនើប​ឱ្យ​មាន​ស្ថិរភាព​យូរអង្វែង មិនមែន​តែ​មួយ​ភ្លែត​ៗ​ទេ ។

លោក​និយាយ​ថា ៖« ការ​បង្កើត​ផ្សារ​ទំនើប ក៏​ជា​ការ​ផ្ដល់​ឱកាស​ការងារ​ជា​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ។ ជាក់ស្ដែង គឺ​តាំងពី​ចាប់ផ្ដើម​សាងសង់​ផ្សារ​រហូត​ដល់​ផ្សារ​ដំណើរការ គឺ​សុទ្ធតែ​ត្រូវការ​កម្លាំង​ពលកម្ម » ៕