ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំបាត់​ជំងឺគ្រុនចាញ់ អាច​នឹង​បរាជ័យ​នៅ​ឆ្នាំ​២០២៥

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ជំងឺគ្រុនចាញ់​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​តែង​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ក៏​ជា​ជំងឺ​មួយ​ដែល​គេ​កំពុង​មានការ​ព្រួយបារម្ភ​ផង​ដែរ​។

ខេត្តស្ទឹងត្រែង ៖ ជំងឺគ្រុនចាញ់​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​តែង​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ក៏​ជា​ជំងឺ​មួយ​ដែល​គេ​កំពុង​មានការ​ព្រួយបារម្ភ​ផង​ដែរ​។ ទន្ទឹម​នេះ​អាជ្ញាធរ​ខ​ត្ត​ស្ទឹង​ត្រែង​បាន​ជំរុញ​ឲ្យ​មន្ត្រី​មន្ទីរ​សុខាភិបាល​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​សារ​អប់រំ​ស្តី​ពី​ការ​បង្ការ​ជំងឺគ្រុនចាញ់ ឲ្យ​បាន​ទូលំទូលាយ ស្រប​ពេល​ទិន្នន័យ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ មាន​ករណី​កើនឡើង​៦៥​ករណី ជា​សញ្ញា​មួយ​អាច​បញ្ជាក់​ថា​គម្រោង​លប់​បំបាត់​ជំងឺ​នេះ​នៅ​ឆ្នាំ​២០២៥​នឹង​អាច​បរាជ័យ​។ របាយការណ៍​សរុប​លទ្ធផល​កា​ងារ​សុខាភិបាល​ឆមាស​ទី​១  លោក យង់ សុ​វ​ឌ្ឍ​នា អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា ជំងឺគ្រុនចាញ់​នៅ​តែ​ជា​ការ​ព្រួយបារម្ភ​នៅឡើយ​ដោយសារ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៧​នេះ ករណី​ជំងឺគ្រុនចាញ់​កើត​មាន​ឡើង​ដល់​ទៅ​៦៧៦​ករណី ដូច្នេះ​មន្ត្រី​មន្ទីរ​សុខាភិបាល​ត្រូវ​បង្កើន​ការ​អប់រំ​ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​វិធានការ​លុប​បំបាត់​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២០២៥​ឲ្យ​ទទួល​បាន​ជោគជ័យ​។

លោក​អភិបាលរង​បន្ត​ថា ករណី​កើនឡើង​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​យុទ្ធនាការ​របស់​ខេត្ត​យើង​ឲ្យ​ស្រប​ទៅ​តាម​គម្រោង​ផែនការ​របស់​ថ្នាក់​ជាតិ ដោយសារ​ផែនការ​នេះ​យើង​ខំ​ធ្វើ​សកម្មភាព​បំបាត់​ជំងឺគ្រុនចាញ់​ឲ្យ​បាន​ទាំងស្រុង​ក្នុង​ដើមឆ្នាំ​២០១៧​នេះ មាន​តួលេខ​កើនឡើង​ផ្ទុយ​ទៅ​នឹង​សកម្មភាព​ដែល​យើង​ចង់បាន​ទៅ​វិញ​។ លោក​បន្ត​ថា ឆ្នាំ​២០១៦​ទិន្នន័យ​មាន​តែ​៦១១​ករណី​ប៉ុណ្ណោះ ប៉ុន្តែ​ឆ្នាំ​២០១៧​កើត​មាន​៦៧១​វា​កើនឡើង ដូច្នេះ​មាន​ន័យ​ថា​ករណី​កើនឡើង​កម្មវិធី​យើង​នឹង​បរាជ័យ​អ៊ីចឹង​ខាង​កម្មវិធី​គ្រុនចាញ់ ខាង​មណ្ឌល​សុខភាព​ត្រូវ​យកចិត្តទុកដាក់​អប់រំ​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​សម្រាក​នៅ​ក្នុង​មុង និង​ចេះ​បង្ការ​ខ្លួន​ពី​ជំងឺគ្រុនចាញ់​។ លោក អ៊ុ​ង​សូ​វៀត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ទទួលស្គាល់​ថា នេះ​ជា​តួលេខ​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​មែន ដោយសារ​តែ ខេត្តស្ទឹងត្រែង​ជា​ភូមិសាស្ត្រ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​សម្បូរ​ទៅ​ដោយ​ព្រៃ​ភ្នំ ជ្រលង​ដងអូរ ជា​ពិសេស​នៅ​ស្រុក​សៀម​ប៉ា​ង ស្រុក​សៀម​បូក និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាដើម​។

លោក​បន្ថែម​ថា បញ្ហា​ប្រឈម​មួយទៀត​ប្រជាពលរដ្ឋ​យើង​ភាគច្រើន​នៅ​ឆ្ងាយ​ពី​ភូមិ​រដ្ឋបាល​ធ្វើ​ឲ្យ​យុទ្ធនាការ​ថ្នាក់​ជាតិ​ដូច​ជា​កម្មវិធី​របស់​មន្ទីរ​សុខាភិបាល​លំបាក​ចុះ​ទៅ​អប់រំ និង​ចែក​មុង​ជ្រលក់​ថ្នាំ​មិន​បាន​គ្រប់​គ្នា​ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​មិន​បាន​ដេក​ដាក់​មុង ម្យ៉ាងទៀត​ពួក​គាត់​ទៅ​បង្កើត​ភូមិ​ជា​ឧ​ប​សម្ពន្ធ ឬ​ក៏​ទៅ​បង្កើត​ជា​សហគមន៍ កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច ទាំងនេះ​ហើយ​ដែល​មន្ត្រី​យើង​មិនដឹង​ចូល​តាម​ផ្លូវ​ណា​នេះ​ហើយ​ជា​បញ្ហា​ប្រឈម​ពេល​បច្ចុប្បន្ន​នេះ​។ លោក ជួន សំនៀង ប្រធាន​មណ្ឌល​សុភាព​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង​បាន​បញ្ជាក់​ថា ភូមិសាស្ត្រ​ស្មុគស្មាញ​នេះ នៅ​ស្រុក​សៀម​ប៉ា​ង​ពិតជា​ប្រឈម​មែន ហើយ​ប្រជាពលរដ្ឋ​ក៏​កើត​មាន​ជំងឺគ្រុនចាញ់​ច្រើន​ដោយសារ​ពួក​គាត់​ចូល​ព្រៃ​កាប់​ឈើ និង​មួយ​ចំនួន​ទៀត​គាត់​ធ្វើ​ការងារ​នៅ​ពេល​យប់​ជាដើម​។ លោក​បន្ត​ថា ទោះបី​យ៉ាងណា​ក៏​ដោយ​មន្ត្រី​សុខាភិបាល​នៅ​តាម​មណ្ឌល​សុខភាព​តែងតែបាន​ចុះ​អប់​រំជា​ប្រចាំ និង​ផ្សព្វផ្សាយ​ដល់​ពួក​គាត់​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ត្រូវ​មក​មណ្ឌល​សុខភាព​ជា​ចាំបាច់ ទើប​យើង​វិភាគ​រក​ឃើញ​ជំងឺគ្រុនចាញ់​នេះ​ពិតប្រាកដ​។

លោក រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ ប្រធាន​ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់​ថា ខាង​កម្មវិធី​កំចាត់​ជំងឺគ្រុនចាញ់​នៅ​តែ​បន្ត​ទៅ​ចែក​មុង​ជ្រលក់​ថ្នាំ​នេះ​សារ​ជា​ថ្មី​ទៀត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ទោះបី​គាត់​ទៅ​នៅ​ដល់​ទីណា​ក៏​ដោយ​។ លោក​ថា គម្រោង​នេះ​ក្រសួងសុខាភិបាល​បាន​សហការ​ជាមួយនឹង​អង្គការ​(​យូរ​ណុ​ក​)​ដោយ​អនុវត្ត​នៅ​ក្នុង​ខែកញ្ញា​ខាង​មុខ​នេះ​ហើយ​។ សូម​បញ្ជាក់​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ នៅ​ផ្នែក​សេវា​សុខាភិបាល​បាន​ព្យាបាល​ជំងឺ​ទូទៅ​បាន​៤.០៤១​លើក ក្នុង​នោះ​មាន​ជំងឺគ្រុនចាញ់​៦៧៦​លើក ពិគ្រោះ​ជំងឺ​ក្រៅ​បាន​២.៨៩៤​លើក និង​ផ្នែក​វះកាត់​អនុវត្ត​បាន​៩១៦​លើក​៕