រាជធានីភ្នំពេញ ៖ តារាសិចស៊ីអាលីយ៉ាចង់ដើរស្រាត ព្រោះនាងស្ទើរតែអស់ជំនឿចំពោះការទាមទាររកយុត្តិធម៌រឿងបុរសម្នាក់វាយដុំនាង ។ រយៈពេលជិត២ឆ្នាំមកហើយ ដែលអាលីយ៉ាទន្ទឹងរង់ចាំយុត្តិធម៌ ប៉ុន្តែនាងថា ដោយសារតែគ្មានលុយ ទើបយុត្តិធម៌មិនកើតមានឡើងសម្រាប់នាង ។
អាលីយ៉ារំលឹកថា ប្រមាណពីរឆ្នាំមុននាងត្រូវបុរសដើមកំណើតខ្មែរសញ្ជាតិអាមេរិក ដែលនាងសុំមិនបញ្ចេញអត្តសញ្ញាណវាយធ្វើបាប ហើយនាងព្យាយាមស្វែងរកផ្លូវច្បាប់ដើម្បីជួយដោះស្រាយ ប៉ុន្តែមិនទទួលបានលទ្ធផលទេ ព្រោះតែនាងមិនមានលុយគ្រប់គ្រាន់ ។ អាលីយ៉ា និយាយទាំងទឹកភ្នែកថា«នាងខ្ញុំរស់នៅក្នុងទុក្ខវេទនានេះរយៈពេលពីរឆ្នាំហើយ ដែលមានទាំងការឈឺចាប់ រោគផ្លូវចិត្ត ការសង្ស័យ ទាំងការខ្វះខាតចំណីអាហារ ។ ក្រៅពីរងអំពើហិង្សា បានធ្វើឱ្យនាងខ្ញុំបាត់បង់មុខរបរ គ្រាដែលអ្នកបង្កមានសេរីភាព និងមានឱកាសឌឺដង ផ្លែផ្កាឱ្យនាងខ្ញុំផងដែរ ។ កន្លងមកមិនទម្លាយរឿងរ៉ាវឈឺចាប់នេះ ព្រោះតែនាងខ្ញុំមិនចង់ឱ្យក្រុមគ្រួសារលំបាកដោយសារនាងខ្ញុំ ព្រោះតែនាងខ្ញុំជ្រើសរើសមនុស្សប្រុសម្នាក់ ដោយខ្លួនឯង។ ប៉ុន្តែអ្វីដែលនាងខ្ញុំចង់បានគឺចង់ឱ្យបញ្ចប់ការមាក់ងាយច្បាប់នៅកម្ពុជាពីបុរសម្នាក់នោះ ។ អ្វីដែលនាងខ្ញុំកាន់តែពិបាកទទួលយកបានគ្រាដែលរងហិង្សា បាត់បង់ទ្រព្យសម្បត្តិពីខ្លួនអស់រលីង ហើយ បែរជាត្រូវរងការគាបសង្កត់ទាមទារលុយដើម្បីបន្តនីតិវិធីប្តឹង» ។
អាលីយ៉ាឱ្យដឹងថា នាងបានប្តឹងទៅកាន់មន្ត្រីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជារួចរាល់ហើយ ប៉ុន្តែអ្វីដែលនៅរង់ចាំអស់រយៈពេលជាយូរ គឺការមិនជំរុញឱ្យដំណើរនីតិវិធីរបស់មន្ត្រីក្នុងស្រុក ព្រោះតែនាងចោទថាមិនមានលុយគ្រប់គ្រាន់ ។
ដោយរង់ចាំជាយូរនៅតែមិនទទួលបានយុត្តិធម៌ ទើបអាលីយ៉ា អស់សង្ឃឹមក្នុងជីវិត ហើយបង្ហាញសារឈឺចាប់កាលពីពេល ថ្មីៗកន្លងមកនេះ ។ នាងនិយាយថា«បើអត់មានយុត្តិធម៌ឱ្យយើង គឺក្រឡើងអស់ខោអាវហើយ ឬមួយទៀត ស្រាតដើរទៅរកយុត្តិធម៌តែម្តងទៅក្រែងគេចាប់អារម្មណ៍ ព្រោះក្រអត់អីឲ្យគេ…។ ការរង់ចាំការដោះស្រាយនោះ គឺស្ទើរនឹងស្លាប់ខ្លួនឯងទៅហើយ រាងកាយត្រូវគេវាយដំ ហាងត្រូវគេរំលោភយក ការងារសិល្បៈត្រូវបាត់បង់ សុខភាពមិនស្ថិតស្ថិរ ។ ប្រសិនបើនាងខ្ញុំស្លាប់ នាងខ្ញុំនឹងទៅរកអ្នកដែលធ្វើបាបនាងខ្ញុំមុនគេ ។ ក្រគ្មានថ្ងៃបានយុត្តិធម៌មែន ?» ៕
ចែករំលែកព័តមាននេះ