ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​កើនឡើង​ជិត​100​ភាគរយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​ថ្លែង​ថា បច្ចុប្បន្ន ការ​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​បាន​កើនឡើង​ជិត​១០០% ខណៈ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​សល់​ជាង

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​ថ្លែង​ថា បច្ចុប្បន្ន ការ​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​បាន​កើនឡើង​ជិត​១០០% ខណៈ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​សល់​ជាង​៤០%​ប៉ុណ្ណោះ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ សីហា ថា ការ​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​នា​ពេល​បច្ចុប្បន្ន​បាន​កើន​ដល់​ប្រមាណ​៩៦% ដែល​ធ្វើ​ឲ្យ​វិស័យ​នេះ​ទទួល​បាន​តម្លៃបន្ថែម​កាន់តែ​ច្រើន តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ដែល​ធ្វើ​ឲ្យ​មានការ​ចំណាយ​ខ្ពស់ ។ លោក​បន្ត​ថា ជាមួយ​គ្នា​នេះ ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ បាន​ធ្លាក់​ចុះ​ពី​ជាង​៨០%​នៅ​ដើម​ទសវត្សរ៍​៩០ មក​នៅ​ត្រឹម​ប្រមាណ​៤១%​ផង​ដែរ​នា​ពេល​បច្ចុប្បន្ន។

លោក​បន្ត​ថា ៖« នេះ​ជា​និន្នាការ​ធម្មតា មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ ព្រោះ​នៅ​ពេល​ប្រទេស​រីក​ចម្រើន កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​តែងតែ​ធ្លាក់​ចុះ ហើយ​ជំនួស​វិញ​ដោយ​វិស័យ​បច្ចេកវិទ្យា » ។ លោក​បន្ត​ថា ៖«​បច្ចុប្បន្ន នៅ​ប្រទេស​ជឿនលឿន មិន​ត្រឹមតែ​ប្រើប្រាស់​គ្រឿងយន្ត​សម្រាប់​ស្ទូង​នោះ​ទេ តែ​ពួក​គេ​បាន​វិវត្តន៍​ពី​ការ​ស្ទូង​ពេល​មានទឹក មក​ជា​ការ​ស្ទូង​ស្ងួត​ឬ​បុក​ដាំ ដែល​ជៀង​វាង​បាន​នូវ​ការ​ប្រឡាក់ប្រឡូស » ។

លោក វេ​ង សា​ខុន បន្ថែម​ថា ជាមួយ​កំណើន​នៃ​ផលិតផល​កសិកម្ម លោក​រំពឹង​ថា ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទិន្នផល​ស្រូវ​លើស​ជាង​១០​លាន​តោន​ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ និង​ការ​នាំ​ចេញ​អង្ករ ដែល​ការ​បញ្ជា​ទិញ​កើនឡើង​ផង​ដែរ ។ ជាក់ស្តែង ក្នុង​ស​ប្តា​ហ៍​នេះ ប្រទេស​បង់​ក្លា​ដែ​ស​គ្រោង​ទិញ​អង្ករ​ពី​កម្ពុជា ចំនួន​១​លាន​តោន​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​នេះ ដល់​ឆ្នាំ​២០២១​ខាង​មុខ ។

ជាមួយ​កំណើន​ព្យាករ​នេះ លោក វេ​ង សា​ខុន ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្រសួង​បាន​និង​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​ពូជស្រូវ​ថ្មី​មួយទៀត​ឈ្មោះ ខា​១៤ ខា​១៥ និង​ខា​១៦ ជា​ប្រភេទ​ស្រូវ​មាន​សភាព​ធន់​នឹង​ជំងឺ និង​អាកាសធាតុ សម្រាប់​ឲ្យ​កសិករ​ប្រើប្រាស់​ផង​ដែរ ។ ទោះជា​យ៉ាងណា ពូជស្រូវ​ថ្មី​នេះ​មិន​ទាន់​បាន​ចែកចាយ​ទូលំទូលាយ​នៅឡើយ​ទេ ប៉ុន្តែ​ក្រសួង​កំពុង​ខិតខំ​ពង្រីក​ពូជស្រូវ​ប្រភេទ​ថ្មី​នេះ និង​ពូជ​ដទៃ​ទៀត តាម​រយៈ​ការ​ធ្វើ​កិច្ចសន្យា​ជាមួយ​សហគមន៍​មួយ​ចំនួន ដើម្បី​ផលិត​ពូជស្រូវ​សុទ្ធ​ឲ្យ​បាន​ល្អ​សម្រាប់​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន Amru Rice បាន​ថ្លែង​ថា លោក​ពិតជា​មើលឃើញ​ភាព​រីក​ចម្រើន​ក្នុង​វិស័យ​កសិកម្ម ដោយ​កសិករ​បាន​ងាក​ចេញពី​ការ​ប្រើប្រាស់​សត្វពាហនៈ មក​ប្រើប្រាស់​គ្រឿងយន្ត​កាន់តែ​ច្រើន ។ និន្នាការ​នេះ​បាន​ធ្វើ​ឲ្យ​បរិមាណ​នៃ​ការ​ដាំ​ដុះ​កើនឡើង ចំណេញ​ពេលវេលា ស្រូវ​ផលិត​បាន​របស់​កសិករ​មានគុណ​ភាពល្អ​ជាង​មុន តាម​រយៈ​ការ​កាត់​បន្ថយ​ពេលវេលា​ច្រូត ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ធ្លាក់​គ្រាប់ស្រូវ​ពេល​ប្រមូល​ផល​ច្រើន ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​ថ្លៃ ដោយសារ​កម្លាំង​ពលកម្ម​វ័យក្មេង​បាន​ងាក​មក​ធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម ។ ហេតុនេះ ការ​ងាក​ទៅ​ប្រើប្រាស់​គ្រឿងចក្រ​របស់​កសិករ​ពិតជា​ល្អ​ប្រសើរ » ។ លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា មិន​ទាន់​មានការ​សិក្សា​ណាមួយ​រក​ឃើញ​ថា ការ​ប្រើប្រាស់​គ្រឿងចក្រ និង​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម មួយ​ណា​ចំណេញ​ជាង​នោះ​ទេ » ។

តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ  ការ​ប្រើប្រាស់​គ្រឿងយន្ត​សម្រាប់​ផលិតកម្ម​កសិកម្ម គឺ​មាន​និន្នាការ​កើនឡើង​ដល់​៩១,១៧% បើ​ធៀប​នឹង​ការ​ប្រើប្រាស់​គោ​-​ក្របី មាន​ត្រឹមតែ​៨,៨៣%​ប៉ុណ្ណោះ ។

របាយការណ៍​បញ្ជាក់​ថា ផ្ទៃដី​ភ្ជួរ​រាស់​សម្រេច​បាន​ចំនួន​១.៦៨៩.៨៤៩​ហិ​កតា ក្នុង​នោះ​ភ្ជួរ​រាស់​ដោយ​គោ​-​ក្របី​ចំនួន​៥៤.២៧៦​ហិ​កតា និង​គ្រឿងយន្ត​កសិកម្ម​ចំនួន​១.៦៣៥.៥៧៣​ហិ​កតា កើនឡើង​លើស​ឆ្នាំ​មុន ២០៧.៤១៣​ហិ​កតា ៕