ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ភ្នំពេញ​អាច​មាន​ខ្សែ​រថភ្លើង​ឆ្ពោះទៅ​ព្រ​លាន​យន្ដហោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន​ជួយ​គម្រោង​វិនិយោគ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស (Sky train) ដែល​មាន​តម្លៃ​

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន​ជួយ​គម្រោង​វិនិយោគ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស (Sky train) ដែល​មាន​តម្លៃ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កន្លង​មក ក្រុមហ៊ុន Royal Railway បាន​លើក​គម្រោង​រថភ្លើង​ធុន​ស្រាល​មួយ ចេញពី​ស្ថានីយ​រា​ជាយ​ស្ម័យ​យាន​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​កាលពី​រាត្រី​ថ្ងៃ​ទី​៦ សីហា កន្លង​មក​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃនេះ សម្តេច​តេ​ជោ នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ហើយនឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​២ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង​២៤០​លាន​ដុល្លារ ។ ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​នឹង​ពិភាក្សា​អំពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន​កាលពី​ឆ្នាំ​មុន មាន​ទឹកប្រាក់​ប្រមាណ​១.៣៥៥​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ចំនួន​៨២៧​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំ​ចូល​ពី​ជប៉ុន​ចំនួន​៥២៨​លាន​ដុល្លារ ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៧ សីហា ថា កន្លង​មក ទីភ្នាក់ងារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ (JICA) បាន​សិក្សា​ពី​គម្រោង​វិនិយោគ និង​សាងសង់​ផ្លូវ​រទេះភ្លើង​លើ​អាកាស​នេះ​រួច​ហើយ ប៉ុន្តែ​ការ​សិក្សា​នោះ​មិន​ទាន់​បាន​បញ្ចប់ និង​មាន​ផែនការ​លម្អិត​ទេ​។ លោក​បន្ត​ថា គម្រោង​នេះ​ត្រូវ​មានការ​សិក្សា​លម្អិត និង​ផែនការ​ច្បាស់លាស់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ ។

លោក​បន្ត​ថា ៖« គម្រោង​ដែល​សម្តេច​បាន​ស្នើ​ឡើង​នេះ អាច​ជា​គម្រោង​ស្នើ​កម្ចី​ពី​ភាគី​ជប៉ុន មិនមែន​ជា​ការ​វិនិយោគ​ទេ ព្រោះ​កន្លង​មក យើង​បាន​ស្នើ​សុំ​ឲ្យ​ជប៉ុន​ជួយ​លើ​គម្រោង​នេះ​» ។ លោក​ថា ៖« ប្រសិនជា​គម្រោង​នេះ​កើតឡើង​មែន វា​ចំណេញ​ច្រើន​ណាស់ ពិសេស​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ហើយ​ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ប្រើប្រាស់​រថភ្លើង​អាកាស​ធ្វើ​ដំណើរ ដូច​ក្រុង​បាងកក​អីចឹង » ។

កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​លើក​ឡើង​ពី​គម្រោង​វិនិយោគ​រថភ្លើង​ធុន​ស្រាល​មួយ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Royal Railway ដើម្បី​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​២​ខ្សែ ដោយ​ខ្សែ​ទី​១​ចេញពី​ស្ថានីយ​រា​ជាយ​ស្ម័យ​យាន​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​គម្រោង​នេះ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨ ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា បាន​ថ្លែង​ថា គម្រោង​រថភ្លើង​លើ​អាកាស​ដែល​សម្តេច​គ្រោង​ស្នើការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន និង​គម្រោង​របស់​ក្រុមហ៊ុន Royal Railway មិន​ទាក់ទង​គ្នា ឬ​មាន​បញ្ហា​អ្វី​ទេ ព្រោះ​វា​ជា​គម្រោង​ដាច់​ដោយឡែក​ពី​គ្នា ។

អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត បាន​ថ្លែង​ថា ការ​សាងសង់​ផ្លូវ​រថភ្លើង​អាកាស ជា​ជម្រើស​ថ្មី​មួយ​សម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង ដែល​មាន​សភាព​អាក្រក់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប៉ុន្តែ​ការ​សាងសង់​ទាមទារ​ឲ្យ​មានការ​សិក្សា​ច្បាស់លាស់ និង​គោរព​បាន​តាម​ប្លង់​មេ​របស់​ក្រុង ដើម្បី​ផ្តល់​នូវ​សោភ័ណ​ភាព និង​ទេសភាព​ល្អ​ក្នុង​ទីក្រុង ។

លោក​បន្ត​ថា ៖« ការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស អាច​មាន​ផល​ប៉ះពាល់​ច្រើន​លើ​ផ្លូវ​រត់ ព្រោះ​បច្ចុប្បន្ន ការ​សាងសង់​សំណង់​នានា​នៅ​ទីតាំង​មួយ​ចំនួន​មិន​បាន​គោរព​តាម​ប្លង់​មេ​របស់​ក្រុង​នោះ​ឡើយ » ។ លោក​បន្ត​ថា ៖« ហេតុនេះ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ពី​បញ្ហា​បរិស្ថាន​ទាមទារ​ឲ្យ​មានការ​សិក្សា​ហ្មត់ចត់ » ។

នៅ​ពេល​លើក​ឡើង​នូវ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឬ​យ៉ាងណា លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត បាន​ពន្យល់​ថា ការ​ជិះ​ពី​ប្រជាពលរដ្ឋ​ឬ​អត់ វា​អាស្រ័យ​លើ​បណ្តាញ​រថភ្លើង​អាកាស​ផ្តល់​ភាព​ងាយស្រួល​កម្រិត​ណា និង​ទាមទារ​ឲ្យ​មានការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ពី​ផលប្រយោជន៍​នៃ​ការ​ប្រើប្រាស់​រថភ្លើង ដែល​ផ្តល់​ជម្រើស​ថ្មី​នេះ​។ លោក​បន្ត​ថា ខ្សែ​រថភ្លើង​អាកាស ក៏​ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ៕