ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​មាត់​ឃ្មង់​កន្លែង​ទេសចរណ៍​នា​រដូវវស្សា ទាក់ទាញ​មនុស្ស​គ្រប់​ទិស​ទី

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ភូមិ​នេសាទ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ស្ពាន​មាត់​ឃ្មង់ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ក្នុង​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​បាន​ទាក់ទាញ​ភ្ញៀវ ក្លាយទៅជា​កន្លែង​ទេសចរណ៍

ខេត្ត​ត្បូងឃ្មុំ ៖ ភូមិ​នេសាទ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ស្ពាន​មាត់​ឃ្មង់  ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ក្នុង​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​បាន​ទាក់ទាញ​ភ្ញៀវ ក្លាយទៅជា​កន្លែង​ទេសចរណ៍ ដោយ​មាន​ប្រជា​ពល​ដ្ឋ​មក​ពី​គ្រប់​ទិស​ទី​នាំ​គ្នា​មក​លេង​។ ក្នុង​នោះ​មាន​ជិះ​កង់​ទឹក​កម្សាន្ត​លេង ស្ទូចត្រី​ជាដើម  ហើយ​ខ្លះ​ទៀត​បាននាំ​គ្នា​ស្រស់ស្រូប​អាហារ​នៅ​តាម​កន្លែង​លក់ដូរ ដោយ​មើលទៅ​មាន​មនោ​រម្យ ហើយ​ថ្ងៃ​ដែល​គេ​មកលេង​ច្រើន​ជាងគេ​គឺ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​តែ​ប៉ុណ្ណោះ​។ អ្នក​លក់ដូរ​ម្នាក់​ឈ្មោះ វ៉ា​ត សំបូរ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ សីហា ២០១៧​ថា ប្តី​របស់​គាត់​ដែល​ពិការ​ជើង​ម្ខាង បាន​ចេញ​ទៅ​រាយ​មង​នៅ​តាម​បឹង​ផ្នែក​ខាងលើ​ត្រង់​ស្ពាន​មាត់​ឃ្មង់ ប្រសិនបើ​ថ្ងៃ​ណា​ត្រូវ​នោះ​បាន​រហូត​ដល់​ទៅ​ជិត​១០​គីឡូក្រាម ហើយ​បាន​យក​មក​ឲ្យ​គាត់​លក់ដូរ បាន​១​គីឡូ​តម្លៃ​ជាង​១​ម៉ឺន​រៀល ហើយ​តែងតែមាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​បាន​នាំ​ឈប់​ម៉ូតូ និង​រថយន្ត មក​ចូល​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ព្រោះ​ជា​ត្រី​ធម្មជាតិ។

អ្នក​លក់ដូរ​រូប​នេះ​ប្រាប់​បន្ត​ថា រាល់​ថ្ងៃនេះ​ក្រៅពី​លក់​ត្រី​គាត់​បាន​ជួយ​មើល​ការ​ខុស​ត្រូវ​ឲ្យ​ប្អូនស្រី​ដែល​បាន​ចៀន​កំពឹស ក្រួច លក់ ដោយ​ក្នុង​១​ស​ប្តា​ហ៍​គាត់​អាច​រក​ចំណូល​បាន ប្រមាណ​៥០​ម៉ឺន​រៀល ដែល​ក្នុង​រយៈពេល​២​ឆ្នាំ​មក​ហើយ ទឹកទន្លេ​មិន​បាន​ឡើង​មក​លិច ត្រង់​ទីតាំង​មាត់​ឃ្មង់​នោះ ហើយ​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ក៏​មិន​បាន​នាំ​គ្នា​មក​កម្សាន្ត​ដែរ​។ នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ដែល​ទើបតែ​មក​ដល់​ឆ្នាំ​២០១៧​នេះ​ទឹកទន្លេ​បាន​ឡើង​មក​លិច ធ្វើ​ឲ្យ​អ្នក​នៅ​ក្រុង​កំពង់ចាម និង​តាម​បណ្តា​ស្រុក​ផ្សេង​ៗ​ទៀត​នាំ​គ្នា​មក​លេង​ជា​ហូរហែរ  ដោយ​ជិះ​កង់​ទឹក​លេង និង​ពិសារ​អាហារ នៅ​តាម​តូប​លក់ដូរ​។ អ្នកស្រី មុត ចាន់​ថន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​ស្ពាន​បេតុង​មាត់​ឃ្មង់​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រួច​មក គាត់​បាន​ចាប់​យក​អាជីព​អ្នក​លក់ដូរ​នៅត្រង់​ក្បាល​ស្ពា​នេះ​ដោយ​មាន​លក់​ផ្អក​ម៉ាំ​១​កំប៉ុង​តូច បាន​តម្លៃ​៤.០០០​រៀល កំប៉ុង​កណ្តាល​តម្លៃ​១​ម៉ឺនរៀល និង​កំប៉ុង​ធំ​បាន​១៥.០០០​រៀល​។

ចាប់តាំងពី​ពេល​ដែល​លក់ម​កបាន​ជាង​១០​ឆ្នាំ​ហើយ ដូច្នេះ​គាត់​នូវ​តែ​បន្ត​របរ​នេះ​តទៅ​មុខ​ទៀត ព្រោះ​ក្នុង​១​ថ្ងៃ អាច​រក​ចំណេញ​បាន​៣​ម៉ឺន​រៀល​ផង​ដែរ​។ លោក អឿ​ន រិ​ទ្ធិ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៤​ទីតាំង​ស្ពាន​មាត់​ឃ្មង់​នេះ​ត្រូវ​បាន​បង្កើត​ជា​កន្លែង​ទេសចរណ៍​ថ្មី​សម្រាប់​រដូវវស្សា ដោយ​បាន​ដាក់​ឈ្មោះ​ថា ជា​ភូមិ​នេសាទ​។ ជាមួយ​នោះ​មន្ទីរ​បាន​ចុះ​ណែនាំ​ដល់​ក្រុម​អាជីវករ​លក់ដូរ ត្រូវ​តែ​ចេះ​សម្អាត​អនាម័យ មិន​ត្រូវ​បោះ​សំរាម​ចោល​នោះ​ទេ គឺ​ត្រូវ​ប្រមូល​ដាក់​ធុង ក្រុម​អាជីវករ​លក់ដូរ​មួយ​ចំនួន​ធំ​បាន​យល់ព្រម​អនុវត្តន៍​តាម​។ ហើយ​សព្វ​ថ្ងៃនេះ​ក៏​មាន​ពលរដ្ឋ​នៅ​ជិត​ស្ពាន​មាត់​ឃ្មង់ គេ​បាន​ចាក់​ដី​ពង្រីក និង​បាន​ត្រៀម​សង់កា​ឡូ​ស​កូ​ស​សម្រាប់​ឲ្យ​ភ្ញៀវ​ជាតិ​ថត​ទេសភាព​ព្រះអាទិត្យ​លិច​នៅ​ពេល​ល្ងាច​ផង​ដែរ​៕