ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​សុំ​កូរ៉េ​បញ្ជូន​អ្នកជំនាញ​អាកាស​ចរ​ស៊ី​វិល​មក​បណ្ដុះបណ្ដាល​ធនធាន​បន្ថែម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹងសមត្ថភាព ធនធានមនុស្ស​ក្នុង​វិស័យ​អាកាស​ចរ​ស៊ី​វិល​នៅ​កម្ពុជា រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​ស្នើ​ឱ្យ​ភាគី​កូរ៉េ​បញ្ជូន​អ្នកជំនាញ​លើ​វិស័យ​នេះ​មក​កម្ពុជា​បន្ថែម​ពីរ​ឆ្នាំ​ទៀត

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹងសមត្ថភាព ធនធានមនុស្ស​ក្នុង​វិស័យ​អាកាស​ចរ​ស៊ី​វិល​នៅ​កម្ពុជា រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​ស្នើ​ឱ្យ​ភាគី​កូរ៉េ​បញ្ជូន​អ្នកជំនាញ​លើ​វិស័យ​នេះ​មក​កម្ពុជា​បន្ថែម​ពីរ​ឆ្នាំ​ទៀត សម្រាប់​បណ្ដុះបណ្ដាល ស្រប​ពេល​ដែល​កូរ៉េ​បាន​ផ្ដល់​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​មួយ​ដល់​កម្ពុជា​រួច​ហើយ ។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​មាន​ប្រសាសន៍​ថា គម្រោង​ស្នើ​សុំ​អ្នកជំនាញ​អាកាសចរណ៍​ពី​កូរ៉េ បាន​ស្នើ​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​កាន់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​អន្តរជាតិ​កូរ៉េ ប្រចាំ​ប្រទេស​កម្ពុជា ។

លោក​និយាយ​ថា ៖« ការ​ស្នើ​សុំ​បន្ថែម អ្នកជំនាញ​លើ​វិស័យ​នេះ ក្នុង​គោលបំណង​បង្កើន​គុណភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​សមត្ថភាព​ស្ថាប័ន​សម្រាប់​គ្រប់គ្រង​លើ​វិស័យ​អាកាស​ចរ​ស៊ី​វិល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា » ។

គួរ​រំលឹក​ថា កូរ៉េ​បាន​ផ្ដល់​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​មួយ​ដល់​កម្ពុជា​ផង​ដែរ ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​១០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ពង្រឹង​សមត្ថ​ភាព​​លើ​វិស័យ​អាកាស​ចរ​ស៊ី​វិល ហើយ​ក្នុង​នោះ​កូរ៉េ​បាន​ផ្ដល់​អ្នកជំនាញ​មក​បណ្ដុះបណ្ដាល​ដល់​ធនធានមនុស្ស​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ការ​ផ្ដល់​អ្នកជំនាញ​នេះ មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​កម្ពុជា ដែល​អាច​បង្កើន​សមត្ថភាព​ខ្លួន ទើប​កម្ពុជា​ស្នើ​សុំ​អ្នកជំនាញ និង​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ពង្រឹងគុណភាព​របស់​ខ្លួន ។

លោក ម៉ៅ ហាវ​ណ្ណា​ល់ បាន​និយាយ​ថា ៖« ការ​បង្កើត​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា កែ​លម្អ​សមត្ថភាព​និង​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​អាកាស​ចរ​ស៊ី​វិល និង​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​ដែល​មានគុណ​ភាព​ខ្ពស់ » ។

អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ​បាន​រួមចំណែក​ជា​ច្រើន​ដូច​ជា ការ​អភិវឌ្ឍ និង​ផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និង​បទ​ពិសោធន៍​អាកាស​ចរ​ស៊ី​វិល​, លើកកម្ពស់​និង​ផ្លាស់​ប្តូរ​ធនធាន​បច្ចេកទេស និង​ជំនាញ​, ការ​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​កម្រិត​តំបន់ អន្តរ​តំបន់ និង​ពិភពលោក​, ការ​សម្រួល​លើកកម្ពស់ ដល់​ការ​បណ្ដុះ​បណ្ដាល​មូលដ្ឋាន​ជាន់ខ្ពស់ និង​អនុវត្ត​ការងារ​ផ្ទាល់​លើ​វិស័យ​អាកាស​ចរ​ស៊ី​វិល ។

គួរ​បញ្ជាក់​ថា ដំបូង​ឡើយ កម្ពុជា​បាន​ស្នើ​សុំ​តែ​អគារ​សម្រាប់​បណ្ដុះបណ្ដាល​វិស័យ​អាកាស​ចរ​ស៊ី​វិល​ប៉ុណ្ណោះ​ពី​កូរ៉េ តែ​ក្រោយ​ពី​អគារ​បាន​សាងសង់​យ៉ាង​ស្អាត​រួច​មក កម្ពុជា​ក៏​បាន​ស្នើ​សុំ​អ្នកជំនាញ​ដើម្បី​ជួយ​បណ្ដុះបណ្ដាល​សមត្ថភាព ដល់​បុគ្គលិក​អាកាសចរណ៍ ហើយ​នៅ​ពេល​នេះ​ដែរ ក៏​បាន​សុំ​បន្ថែម​អ្នកជំនាញ និង​ពេលវេលា បណ្ដុះ​បណ្ដាល​​បន្ថែម ក្នុង​គោលបំណង​ពង្រឹង និង​បង្កើន​សមត្ថភាព​លើ​វិស័យ​ដ៏​សំខាន់​មួយ​នេះ ៕