ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​បើក​ការ​ស៊ើបអង្កេត​លើ​ប្រទេស​ចិន

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​នឹង​ចាប់ផ្តើម​បង្ហាញ​ភាព​ផ្តាច់​ការ​ទាក់ទិន​នឹង​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ។
ឧត្តមមន្ត្រី​រដ្ឋាភិបាល​

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​នឹង​ចាប់ផ្តើម​បង្ហាញ​ភាព​ផ្តាច់​ការ​ទាក់ទិន​នឹង​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ។

ឧត្តមមន្ត្រី​រដ្ឋាភិបាល​អា​មេ​រិ​កម្នា​ក់បាន​និយាយ​ថា រដ្ឋាភិបាល​លោក​ត្រាំ ជិត​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​បញ្ជាក់​ថា តើ​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​មាន​ភាព​យុត្តិធម៌​ឬទេ ។ ការ​សម្រេចចិត្ត​នេះ​អាច​នឹង​បន្ថែម​ភាព​តានតឹង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​ពិភពលោក ។

មន្ត្រី​ខាងលើ​និយាយ​ថា ការ​ស៊ើបអង្កេត​នេះ​ក៏​អាច​នឹង​បង្ក​ឲ្យ​មានការ​ដាក់​ពន្ធ និង​វិធានការ​ផ្សេង​ៗ​ទៀត​ផង​ដែរ ហើយនឹង​ផ្តោត​សំខាន់​លើ​បញ្ហា​កម្មសិទ្ធិបញ្ញា​ជាដើម ។

បន្ទាប់​ពី​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង (Xi Jinping) កាលពីដើម​ខែមេសា លោក​ត្រាំ និយាយ​ថា លោក​នឹង​មិន​តឹងរ៉ឹង​ពេក​ទេ​លើ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ចិន ដើម្បី​ឲ្យ​ប្រទេស​នេះ​ជួយ​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាងជើង ។

ប៉ុន្តែ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បន្ត​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​អន្តរទ្វីប​របស់​ខ្លួន​មក លោក​ត្រាំ​ប្រៀប​ដូច​ជា​បាត់បង់​ភាព​អត់ធ្មត់ ។

លោក​បាន​សរសេរ​នៅ​លើ Twitter របស់​លោក​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា លោក​ពិតជា​អស់សង្ឃឹម​នឹង​ចិន​ណាស់ និង​ចោទ​ប្រទេស​នេះ​ថា ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​មិន​ធ្វើ​អ្វី​សោះ​ទាក់ទិន​នឹង​បញ្ហា​កូរ៉េ​ខាងជើង ។ លោក​ព្រមាន​ថា ៖ « ពួក​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​វា​បន្ត​ទៀត​ទេ » ។

មន្ត្រី​ខាងលើ​បន្ត​ថា ការ​បើក​ការ​ស៊ើបអង្កេត​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន ឲ្យ​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​ប៉ុណ្ណោះ ។

ប៉ុន្តែ​ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​កម្មសិទ្ធិបញ្ញា ការ​សម្រេចចិត្ត​នេះ​អាច​នឹង​ដោះស្រាយ​ការ​រិះគន់​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​ជា​ច្រើន​ដែល​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ចិន ។

សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​ចិន បាន​និយាយ​ក្នុង​របាយការណ៍​កាលពី​ខែមេសា​កន្លង​មក​ថា សមាជិក​របស់​ពួក​គេ​កំពុង​តែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​ក្នុង​ផ្នែក​មួយ​ចំនួន​ដូច​ជា រឿង​សម្ងាត់​ផ្នែក​ពាណិជ្ជកម្ម និង​ប៉ាតង់​ជាដើម ។

របាយការណ៍​នេះ​ក៏​បាន​អះអាង​ថា ប្រសិនបើ​កម្មសិទ្ធិបញ្ញា​ត្រូវ​បាន​ការពារ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ប្រទេស​ចិន​នោះ វា​នឹង​ជួយ​ដល់​ការ​នាំ​ចេញ និង​ការងារ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ ៕