ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ណា អ្នក​ត្រូវ​ប្ដូរ​សម្បក​កង់​រថយន្ដ?

6 ឆ្នាំ មុន

សម្បក​កង់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ឲ្យ​រថយន្ត​អាច​ធ្វើ​ចលនា​ប្រកបដោយ​សុវត្ថិភាព​។ ដោយសារ​តែ​ហេតុនេះ ទើប​យើង​គួរតែ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​មើល​វា​ឲ្យ​បាន​ត្រឹម​ត្រូវជា​ប្រចាំ និង​មិន​គួរ​មើល​រំលង

សម្បក​កង់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ឲ្យ​រថយន្ត​អាច​ធ្វើ​ចលនា​ប្រកបដោយ​សុវត្ថិភាព​។ ដោយសារ​តែ​ហេតុនេះ ទើប​យើង​គួរតែ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​មើល​វា​ឲ្យ​បាន​ត្រឹម​ត្រូវជា​ប្រចាំ និង​មិន​គួរ​មើល​រំលង ពិសេស​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ។ ការ​ប្តូរ​សម្បក​កង់​ថ្មី ក៏​ជា​រឿង​មួយ​ដ៏​ស្មុគស្មាញ​របស់​ម្ចាស់​រថយន្ត​មួយ​ចំនួន​ផង​ដែរ ។ វា​អាច​នឹង​ពិបាក​មើល​ដឹង​ថា ពេល​ណា​ជា​ពេល​ដែល​ត្រូវ​ផ្លាស់​ប្តូរ​សម្បក​ថ្មី ព្រោះថា យើង​មិនមែន​ប្រើប្រាស់​វារ​ហូត​ទាល់តែ​បែក​ហើយ​បាន​ប្តូរ​ថ្មី​នោះ​ទេ ។

ដើម្បី​ដោះ​កង្វល់​មួយ​នេះ សារព័ត៌មាន​កោះសន្ដិភាព ទំព័រ​« រថយន្ដ និង​បច្ចេកវិទ្យា » សូម​នាំ​លោក​អ្នក​មក​ចាប់អារម្មណ៍​សញ្ញា​មួយ​ចំនួន​ដែល​ស្តែង​ចេញ​ឲ្យ​ដឹង​ថា ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្តូរ​សម្បក​កង់​រថយន្ត​ថ្មី​ហើយ !

១. សម្បក​ប៉ោង​វៀច​ខុសធម្មតា មាន​ស្នាម​ឆែប ឬ ប្រេះ ៖
នៅ​ពេល​មានការ​ប៉ោង​វៀច​ទៅ​ម្ខាង​ខុសធម្មតា វា​អាច​បណ្តាល​មក​ពី​ផ្នែក​ណាមួយ​នៃ​សម្បក​កង់​រថយន្ត មិន​អាច​មាន​លទ្ធភាព​ទប់​កម្លាំង​សម្ពាធ​ខ្យល់​បាន ។ ប្រសិនបើ​មាន​ស្នាម​ប្រេះ​ឬ​ឆែប នៅ​កន្លែង​ណាមួយ​នៃ​សម្បក​កង់​នោះ សូម​ប្រញាប់​យក​ទៅ​អ្នកជំនាញ​ឲ្យ​ត្រួតពិនិត្យ​បន្ថែម​ភ្លាម ។ បើ​មិន​ស្រួល​ទេ គឺ​ត្រូវ​ប្តូរ​សម្បក​ចេញ​ភ្លាម​តែ​ម្ដង ។ 

២. សម្បក​សឹក​ក្រឡា ៖
រឿង​សាមញ្ញ និង​ស្រួល​ជាទី​បំផុត​នោះ គឺ​គ្រាន់តែ​អង្កេត​ទៅ​លើ​ក្រឡា​សម្បក​កង់​រថយន្ត​របស់​អ្នកជា​ការ​ស្រេច ថា​តើ​វា​មានការ​សភាព​សឹក​រេច​រិល​ឬ​ក៏​អត់ ? បើ​អស់​ក្រឡា​ហើយ គួរ​ប្ដូរ​ចេញ​ភ្លាម កុំ​ស្ដាយ​ប្រាក់​បន្ដិចបន្ដួច​នាំ​ខូចប្រយោជន៍​ធំ ។

៣. សម្ពាធ​ខ្យល់​ក្នុង​កង់​រថយន្ត ៖
កម្រិត​សម្ពាធ​កង់​រថយន្ត ក៏​ជា​ចំណុច​មួយ​ដែល​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។ ប្រសិនបើ​ខ្យល់​ក្នុង​សម្បក​កង់​ធូរ​លើស​ពី​១​ផោន​ក្នុង​មួយ​អុ​ី​ញ​កា​រ៉េ​(PSI) នោះ​វា​មាន​ន័យ​ថា អ្នក​ដល់​ពេល​ត្រូវ​ប្តូរ​វា​ចេញ​ហើយ ។

៤. មាន​អារម្មណ៍​ថា ញ័រ​ៗ​ពេល​បើកបរ ៖
អ្នក​គួរតែ​ចាប់អារម្មណ៍​នៅ​ពេល​បើកបរ ថា​តើ​រថយន្ត​របស់​អ្នកមាន​ញ័រ​ៗ​ប្លែក ពេល​កំពុង​បើក​ទៅ​មុខ​ដែរ​ឬទេ ។ វា​ហាក់បីដូចជា​ជិះ​ទៅ​ទាំង​កង់​មិន​ស្មើគ្នា ដែល​ធ្វើ​ឲ្យ​រថយន្ត​រត់​មិនល្អ​។ តែ​អ្នក​គួរ​បែងចែក​ឲ្យ​ដាច់​ពី​ការ​ញ័រ ដោយសារ​តែ​បញ្ហា​បូម ដែល​វា​មានការ​ញ័រ​ចេញ​មក​ពី​ចង្កូត ។ ប្រសិនបើ​រថយន្ត​រត់​មិន​ស្រួល​ហើយ អ្នក​គួរតែ​ទៅ​រក​ជាង​ជំនាញ​ទៅ​ប្រសើរ​ជាង ។

ក្រោយ​ពី​បានដឹង​ពី​ចំណុច​សំខាន់​ៗ​ទាំង​៤​ខាងលើ អ្នក​គួរតែ​ព្យាយាម​ចាប់អារម្មណ៍​ទៅ​លើ​កង់​រថយន្ត ព្រោះថា កង់​ទាំង​៤​ដែល​នៅ​លើ​ថ្នល់​នោះ គឺ​ពិតជា​សំខាន់​ណាស់ ។ ប្រសិនបើ​ធ្វេសប្រហែស​តែ​បន្តិច​នោះ គឺ​គ្រោះថ្នាក់​អាច​កើត​មាន​ឡើង​គ្រប់ពេលវេលា ៕