ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តុបតែង​ភ្លើង​រថយន្ដ​ជា​សិល្បៈ​មួយ តែ​កុំឱ្យ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​តុបតែង​ភ្លើង​រថយន្ដ ថ្វី​ដ្បិតតែ​ស្អាត និង​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​អ្នកដំណើរ​ក្ដី ប៉ុន្ដែ​ប្រសិនបើ​ការ​ដំឡើង​ភ្លើង​ខុស​បច្ចេកទេស និង​មិន​ត្រឹមត្រូវ​តាម​មាត្រដ្ឋាន​ចរាចរណ៍ ក៏​អាច​

រាជធានី​ភ្នំពេញ ៖ ការ​តុបតែង​ភ្លើង​រថយន្ដ ថ្វី​ដ្បិតតែ​ស្អាត និង​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​អ្នកដំណើរ​ក្ដី ប៉ុន្ដែ​ប្រសិនបើ​ការ​ដំឡើង​ភ្លើង​ខុស​បច្ចេកទេស និង​មិន​ត្រឹមត្រូវ​តាម​មាត្រដ្ឋាន​ចរាចរណ៍ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នកដំណើរ​ផ្សេង​ទៀត​ដែរ ដូច​ជា ឆ្លង​ចរន្ដ​បណ្ដាល​ឲ្យ​ឆេះ ឬ​ធ្វើ​ឲ្យ​អ្នកដំណើរ​មានការ​ភាន់ច្រឡំ​ជាដើម ។

ជា​ជំនាញ​ប្រព័ន្ធ​ភ្លើង និង​វិភាគ​រថយន្ដ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ប្រចាំ​នៅ​ក្រុមហ៊ុន​លក់​រថយន្ដ​ពិភព​ថ្មី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២ សីហា ថា បើ​ការ​តុបតែង ឬ​ផ្លាស់​ប្ដូរ
អំ​ពូ​ល​ធម្មតា វា​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ប៉ុន្ដែ​បើ​តុបតែង​អំ​ពូ​ល​ច្រើន គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​កា​រត​ខ្សែភ្លើង​មិន​បាន​ល្អ វា​អាច​ឆ្លង​ចរន្ដ​នាំ​ឲ្យ​មាន​បញ្ហា ។
លោក អេ​ង បូ​រី អ្នកជំនាញ​រូប​នេះ​និយាយ​ថា ៖« ប្រ​សិន​យើង​គ្រាន់តែ​ប្ដូរ​អំ​ពូ​ល​ធម្មតា​មក​ដាក់​អំ​ពូ​ល LED វា​មិន​អី​ទេ តែបើ​យើង​តុបតែង​ភ្លើង​ដោយ​មាន​ត​ខ្សែ​ច្រើន​នោះ គួរ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​មុខតំណ ព្រោះ​វា​អាច​ឆ្លង​ចរន្ដ » ។

លោក​បន្ដ​ថា ៖« បើ​ជាង​ត​ប្រព័ន្ធ​ភ្លើង​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​យកចិត្តទុកដាក់ វា​មិនជា​បញ្ហា​ចោទ​ទេ ប៉ុន្ដែ​បើ​យក​ខ្សែភ្លើង​ធម្មតា ឬ​គុណភាព​អន់​មក​ត​វិញ វា​មាន​ហានិភ័យ​បន្ដិច ព្រោះ​ខ្សែ​អស់នោះ​វា​មិន​ធន់​នឹង​កម្ដៅ​រថយន្ដ​បាន​ទេ ពិសេស​ការ​បើកបរ​ផ្លូវ​ឆ្ងាយ » ។

ការ​តុបតែង​ភ្លើង​មួយ​ចំនួន​ដែល​ខុស​ពី​មាត្រដ្ឋាន​ចរាចរណ៍ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផ្សេង​ទៀត​ផង​ដែរ ដោយសារ​តែ​ការ​ភាន់ច្រឡំ​ភ្លើង ឬ​ការ​ប្រើ​អំ​ពូ​ល​ហ្វា​ឡាស៊ែរ​ញាក់​ចាំង​ភ្នែក​ជាដើម ។

អ្នក​រត់​តាក់ស៊ី​ភ្នំពេញ​-​តាកែវ តាម​ផ្លូវជាតិ​លេខ​២ លោក អឹ​ម គឹ​ម​ឆុ​ន បាន​ឲ្យ​ដឹង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ បើ​ធ្វើ​ដំណើរ​ពេល​យប់​គឺ​ពិបាក​បន្តិច បើ​ទោះបីជា​ស្ថានភាព​ផ្លូវ​បច្ចុប្បន្ន​ល្អ​ជាង​មុន​ក៏​ដោយ ដោយសារ​តែ​ពេល​ខ្លះ ប៉ះ​ចំ​រថយន្ដ​បើក​បញ្ច្រាសទិស​ដែល​ប្រើ​ភ្លើង​ហ្វា​ឡាស៊ែរ ឬ​អំ​ពូ​ល​LED ភ្លឺ​ចិញ្ចាច​បាញ់​ចំ​ភ្នែក ទោះបីជា​លោក​ព្យាយាម​ញាក់​ភ្លើង​សុំ​ឲ្យ​គេ​ទម្លាក់​មក​កូត​វិញ​ក៏​ដោយ ។

អ្នក​រត់​តាក់ស៊ី​រូប​នេះ​និយាយ​ថា ៖« បើ​រថយន្ដ​ប្រើ​អំ​ពូ​ល​ហ្វា​ធម្មតា ចាំង​ភ្នែក​តែ​មួយ​ភ្លែត​ទេ ប៉ុន្ដែ​បើ​ប៉ះ​រថយន្ដ​ប្រើ​អំ​ពូ​ល​ឡាស៊ែរ ឬ​អំ​ពូ​ល LED ដែល​ភ្លឺ​ចិញ្ចាច​ម្ដង​ៗ ខ្ញុំ​ចាំង​ភ្នែក​មើល​ស្ថានភាព​ខាង​មុខ​មិនឃើញ​ទេ គឺ​ងងឹត​មែនទែន » ។

លោក​បន្ដ​ថា ៖« អ្នកបើកបរ​ភាគច្រើន ពេល​ជួប​គ្នា​បែប​នេះ ខ្ញុំ​ញាក់​ភ្លើង​សុំ​ឲ្យ​គេ​ទម្លាក់​មក​កូត អ្នកខ្លះ​ទម្លាក់ តែ​មួយ​ចំនួន​តូច​វិញ មិន​ខ្វល់​នឹង​ទុក្ខ​លំបាក​អ្នកដំណើរ​ដែល​មក​បញ្ច្រាសទិស​ទេ ហើយ​ពេល​ជួប​ស្ថានភាព​បែប​នេះ​ម្ដង​ៗ​ខ្ញុំ​បារម្ភ​ពី​គ្រោះថ្នាក់​នៅ​ខាង​មុខ​ដែរ តែ​មិន​ហ៊ាន​ឈប់ ព្រោះ​ខ្លាច​អ្នក​បើក​ពីក្រោយ​បុក អីចឹង​មាន​តែ​បន្ថយ​ល្បឿន និង​យក​ជើង​ដាក់​លើ​ហ្វ្រាំង​ប៉ុណ្ណោះ ។ ចំណែក​រថយន្ដ​ដែល​ប្រើ​ភ្លើង​បែប​នេះ​ភាគច្រើន​ជា​រថយន្ដ​ទំនើប​ៗ និង​បើកបរ​ដោយ​យុវវ័យ » ។

យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជំពូក​ទី​៤ មាត្រា​២៧ បាន​ចែង​ថា នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ កាលណា​មើល​មិនឃើញ​ច្បាស់​គ្រប់គ្រាន់ ដូច​ជា ពេល​ភ្លៀង​ខ្លាំង ចុះ​អ័ព្ទ ឆ្លងកាត់​ផ្លូវ​រូង អ្នកបើកបរ​យានយន្ដ​នៅ​លើ​ទ្រូងផ្លូវ ត្រូវ​ប្រើប្រាស់​ភ្លើង​សញ្ញា​តាម​លក្ខខណ្ឌ​ដូច​ជា ប្រើ​ភ្លើង​ហ្វា​នៅ​ពេល​យប់ នៅ​លើ​ទ្រូងផ្លូវ​ដែល​គ្មាន​អគ្គិសនី​បំភ្លឺ ដើម្បី​មើលទៅ​មុខ​ឲ្យ​បាន​ឆ្ងាយ តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​រំខាន​ដល់​ចរាចរណ៍​ដែល​មក​ពី​ទិស​ផ្ទុយ ។ ហាម​បើកភ្លើង​ហ្វា​នៅ​ក្នុង​ទីក្រុង ឬ​ទីប្រជុំជន​ដែល​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់ លើកលែងតែ​ករណី​ធ្វើ​សញ្ញា​សុំ​ជែង ឬ​សុំ​បើកផ្លូវ​ដោយ​ប្រើ​ឆ្លាស់គ្នា​ជាមួយ​ភ្លើង​កូត​។ ប្រើ​ភ្លើង​កូត​នៅ​ពេល​យប់​ក្នុង​ទីប្រជុំជន និង​ក្រៅ​ទីប្រជុំជន ដែល​មាន​ភ្លើងអគ្គិសនី​បំភ្លឺ​តាម​ផ្លូវ និង​ក្រៅ​ទីប្រជុំជន​ដែល​គ្មាន​ភ្លើងអគ្គិសនី​បំភ្លឺ​តាម​ផ្លូវ ក្នុង​ករណី​រៀបនឹង​ជៀស​យាន​មួយ​ផ្សេង​ទៀត និង​នៅ​ពេល​បើកបរ​ពីក្រោយ​ជិត​យានជំនិះ​មួយទៀត ។

ចំណែក​ពេល​ថ្ងៃ អាច​ប្រើ​ភ្លើង​កូត​បាន កាលណា​មើល​មិនឃើញ​ច្បាស់​គ្រប់គ្រាន់​ដូច​ជា ភ្លៀង​ខ្លាំង ឬ​ចុះ​អ័ព្ទ ឬ​ឆ្លងកាត់​ផ្លូវ​រូង​ជាដើម ។ ភ្លើង​ហ្វា និង​កូត អាច​ប្រើ​ឆ្លាស់គ្នា​ធ្វើ​ឲ្យ​មាន​ពន្លឺ​ភ្លឹបភ្លែត​ៗ ជា​សញ្ញា​ជំនួស​ឲ្យ​ស៊ី​ផ្លេ​នៅ​ពេល​យប់​បាន ។ ចំណែក​មាត្រា​៣០ បាន​ចែង​ថា ការ​បំពាក់​សូរ​ស័ព្ទ ភ្លើង​បំភ្លឺ ឬ​ភ្លើង​លម្អ​ផ្សេង​ទៀត ក្រៅពី​កំណត់​លក្ខខណ្ឌ​បច្ចេកទេស​នៃ​យានជំនិះ ត្រូវ​បាន​ហាមឃាត់ ។

តាម​របាយការណ៍​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​១.៨៨៣​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៩១៩​នាក់ និង​របួស​២.៩៨២​នាក់ ក្នុង​នោះ​កត្ដា​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង រួម​មាន ការ​បើកបរ​លើស​ល្បឿន​កំណត់​៣៨%, មិន​គោរព​សិទ្ធិ​១៦%, មិន​ប្រកាន់​ស្ដាំ​១២%, ស្រវឹង​១១%, បើក​ជែង​១០%, បត់​១០%, កត្តា​យានយន្ដ​៣%, ងងុយ​១% និង​កត្តា​ផ្លូវ​១% ។ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ កើនឡើង​១៦​លើក អ្នក​ស្លាប់​កើន​១១​នាក់ តែ​អ្នក​រង​របួស​ថយ​ចុះ​២៨២​នាក់ ៕