ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែក​ត្រើយ​កោះ​កំពុង​ត្រូវ​បាន​គេ​ចាក់​ដី​លុប សមត្ថកិច្ច​ជំនាញ​ថា​មិន​បានដឹង

6 ឆ្នាំ មុន

ខេត្តកំពត ៖ ដៃ​ព្រែក​កំពង់បាយ​ដែល​បែកចេញ​ទៅ​កាន់​វត្ត​ត្រើយ​កោះ​ដែល​មានឈ្មោះ​ថា​(​ព្រែក​ត្រើយ កោះ​) ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ

ខេត្តកំពត ៖ ដៃ​ព្រែក​កំពង់បាយ​ដែល​បែកចេញ​ទៅ​កាន់​វត្ត​ត្រើយ​កោះ​ដែល​មានឈ្មោះ​ថា​(​ព្រែក​ត្រើយ កោះ​) ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ព្រែក​ត្រើយ​កោះ​នេះ​ក៏​មាន​ទំហំ​ធំ​ប៉ុន​នឹង ព្រែក​កំពង់បាយ​ដែរ ដែល​ភ្ជាប់​ទៅ​សមុទ្រ​ធំ​ខាងក្រៅ​ដូច​គ្នា​។ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ​ដៃ​ព្រែក​ត្រើយ​កោះ​នេះ​កំពុង​ត្រូវ​បាន​គេ​ចាក់​ដី​លុប​ព្រែក​ចូល​ទៅ​យ៉ាង​ជ្រៅ ហើយ​រៀប​ខឿន​ទប់​ដី​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ឃើញ​អាជ្ញាធរ​ភូមិ​សង្កាត់ ឬ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​របស់​ក្រុង និង​ខេត្ត​ទៅ​ពិនិត្យ ហើយ​មាន​វិធានការ​ចំពោះ​ការ​រំលោភ​ចាក់​ដី​ក្នុង​ព្រែក​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ និង​សង់​សំណង់​ជា​ផ្ទះថ្ម​នៅ​លើ​ដី​ដែល​ចាក់​ថ្មី​នេះ​សោះ​នោះ​ទេ​។

ការ​ចាក់​ដី​លុប​ព្រែក​ពី​សំណាក់​ជន​មិន​ខ្លាច​ច្បាប់​ខាងលើ​ត្រូវ​បាន​មហាជន​មួយ​ចំនួន​ធំ​ក្នុង​ក្រុង​កំពត​ធ្វើការ​រិះគន់​មក​លើ​មន្ត្រី​ជំនាញ​ភូមិបាល និង​សំណង់​ក្រុង​ព្រមទាំង​អាជ្ញាធរ​ក្រុង​ផង​ដែរ​ថា បើ​សមត្ថកិច្ច​ជា​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​មិន​បើកភ្លើង​ខៀវ​ម្លេះ​អ្នក​ដែល​ចាក់​ដី​លុប​ព្រែក​ដើម្បី​សង់​លំនៅ​ដ្ឋា​ន​មិន​ហ៊ាន​រំលោភ​ចាក់​ដី​នោះ​ទេ​។ ទាក់ទិន​នឹង​ការ​រិះគន់​ពី​សំណាក់​មហាជន​មក​លើ​សមត្ថកិច្ច​ជំនាញ​ខាងលើ កោះសន្តិភាព បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក ចែ​ម ផា អភិបាលរង​ក្រុង​ទទួល​បន្ទុក​ខាង​ក្រុមការងារ​សំណង់​ដើម្បី​សុំ​ឲ្យ​លោក​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​ចាក់​ដី​លុប​ព្រែក និង​ការ​សាងសង់​លំនៅ​ដ្ឋា​ន​លើ​ដី​ចំណី​ព្រែក​ដែល​ទើបនឹង​ចាក់​ថ្មី​ៗ​នេះ ត្រូវ​បាន​លោក​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​លោក​មិន​បាន​នៅ​ក្រុង​ទេ លោក​ត្រូវ​ឡើង​ទៅ​ប្រជុំ​នៅ​ភ្នំពេញ​។

ដូច្នេះ​លោក​ពុំ​បានដឹង​ថា មាន​គេ​លួច​ចាក់​ដី​រហូត​ឈាន​ទៅ​សាងសង់​សំណង់​រឹង​នោះ​ទេ ចាំ​មើល​លោក​ឲ្យ​ក្រុមការងារ​របស់​សាលាក្រុង​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​រសៀល​នេះ ពីព្រោះ​គ្មាន​ឃើញ​មាន​លិខិតស្នើ​សុំ​សាងសង់​នៅ​ចំណុច​នេះ​ទេ​។ ចំណែក​លោក បេង សំណាង ប្រធាន​ការិយាល័យ​ភូមិបាល និង​សំណង់​ក្រុង​កំពត​បាន​ប្រាប់ កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧​នេះ ជុំវិញ​ការ​រំលោភ​ចាក់​ដី​លុប​ដៃ​ព្រែក និង​សង់​សំណង់​រឹង​នេះ​ថា លោក​ពុំ​បានដឹង​មាន​គេ​លួច​ចាក់​ដី​ចូល​ជ្រៅ​ទៅ​ក្នុង​ព្រែក​នោះ​ទេ ហើយ​នៅ​ចំណុច​នេះ​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​ចាក់​ដី​ចូល​ទៅ​ក្នុង​ព្រែក​ដើម្បី​ធ្វើ​ជា​ដី​កម្មសិទ្ធិ​ដូច្នេះ​នោះ​ទេ​។ បើ​មាន​ករណី​ដូច្នេះ​មែន​ថ្ងៃស្អែក​លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​មើល​បើ​គ្មាន​លិខិត​ស្នាម​ច្បាស់លាស់​ទេ​លោក​នឹង​ឲ្យ​ផ្អាក​ការ​សាងសង់ និង​មាន​វិធានការ​ចំពោះ​ការ​ចាក់​ដី​លុប​ព្រែក​ខាងលើ លោក បេង សំណាង បាន​បញ្ជាក់​ថា​ពួក​នេះ ច្រើន​តែ​លួច​ចាក់​ដី​នៅ​ពេល​យប់​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក ស៊ុ​យ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា លោក​ក៏​ពុំ​បានដឹង​ថា​គេ​ចាក់​ដី​សង់​សំណង់​នៅ​ចំណុច​ខាងលើ​នោះ​ដែរ បើ​មាន​ករណី​នេះ​កើតឡើង​លោក​នឹង​ឲ្យ​ក្រុមការងារ​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល តើ​អ្នក​ណា​អនុញ្ញាត​ឲ្យ​ចាក់​ដី​លុប​ព្រែក​ដើម្បី​សាងសង់​សំណង់​រឹង​ដូច្នេះ​។ គួរ​រំលឹក​ថា ជុំវិញ​ការ​ស្រាយ​បំភ្លឺ​របស់​លោក​អភិបាលរង​ក្រុង និង​លោក​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង គឺជា​ដំណោះស្រាយ​មួយ​មិន​ទាន់​សម​ស្រប​សម្រាប់​ការ រិះគន់​របស់​មហាជន​នោះ​ទេ ដែល​លោក​ឆ្លើយ​ថា​ពុំ បានដឹង​គេ​ចាក់​ដី ពីព្រោះ​ការ​ចាក់​ដី​លុប​ព្រែក​នេះ មិនមែន​ចាក់​១០ ឬ​២០​រថយន្ត​បាន បែប​ឆក់កណ្តៀត​នោះ​ទេ គឺ​ចាក់​រាប់រយ​រថយន្ត​ទំ​រាំ​បាន​ដី​យ៉ាង​ធំ​ទៅ​ក្នុង​ទឹក​ព្រែក​ត្រើយ​កោះ​នេះ​៕