ទីក្រុងប៉េកាំង ៖ ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមិនគួរលើកឡើងពីការធ្វើពាណិជ្ជកម្មក្នុងការចរចាកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទេ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចោទប្រកាន់ចិនថា មិនបានចេញសកម្មភាពដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង បើទោះជាចិនកំពុងតែទទួលបានអត្ថប្រយោជន៍ពីការធ្វើអាជីវកម្មជាមួយអាមេរិកក៏ដោយ ។
លោក Qian Keming អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានប្រាប់សន្និសីទកាសែតមួយថា ៖ « ពួកយើងជឿជាក់ថា បញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការធ្វើពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក គឺស្ថិតក្នុងផ្នែកពីរផ្សេងគ្នា » ។ លោកបន្ថែមថា បញ្ហាទាំងនេះមិនទាក់ទង ហើយក៏មិនគួរយកមកនិយាយជាមួយគ្នាទេ ។
លោកបន្តថា ៖ « ជាធម្មតា ការធ្វើពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក រួមមានការវិនិយោគទៅវិញទៅមក គឺបានផ្តល់អត្ថប្រយោជន៍ដល់គ្នាផងដែរ ហើយទាំងចិន និងសហរដ្ឋអាមេរិកបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី » ។
លោកមានប្រសាសន៍ដូច្នេះ ដើម្បីឆ្លើយតបនឹងសំណួរទាក់ទិននឹងការបង្ហោះនៅលើ Twitter របស់លោកត្រាំ កាលពីថ្ងៃសៅរ៍ ដែលបានគំរាមថា លោកអាចនឹងលែងអនុញ្ញាតឲ្យប្រទេសចិនមិនធ្វើអ្វីសោះលើកូរ៉េខាងជើង ។
លោកត្រាំ បានជំរុញចិនម្តងហើយម្តងទៀតឲ្យចូលរួមដាក់សម្ពាធដល់ប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែចិនបន្តជំទាស់ថា ការសន្ទនា គឺជាវិធីដ៏ល្អបំផុត ។
លោកត្រាំ បានសរសេរថា ៖ « ខ្ញុំពិតជាអស់សង្ឃឹមនឹងប្រទេសចិនណាស់ ។ អ្នកដឹកនាំដ៏ល្ងង់ខ្លៅរបស់ពួកយើងពីមុនបានអនុញ្ញាតឲ្យពួកគេរកប្រាក់បានរាប់ប៊ីលានដុល្លារក្នុង១ឆ្នាំព្រោះតែការធ្វើពាណិជ្ជកម្ម ប៉ុន្តែពួកគេមិនបានធ្វើអ្វីសម្រាប់ពួកយើងទាក់ទិននឹងកូរ៉េខាងជើងទេ មានតែនិយាយប៉ុណ្ណោះ » ។
លោកសរសេរទៀតថា ៖ « ពួកយើងនឹងមិនអនុញ្ញាតឲ្យវាបន្តទៀតទេ ។ ប្រទេសចិនអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយស្រួល » ៕
ចែករំលែកព័តមាននេះ