ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​បង្ក​គ្រោះថ្នាក់ស្លា.ប់​អ្នក​ដទៃ​ពិន័យ​ជាប្រាក់ និង​ជាប់​ពន្ធនាគារ​ដល់​3​ឆ្នាំ​ឬ​លើស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កំណើន​នៃ​ការ​ប្រើប្រាស់​យានយន្ដ​កើនឡើង ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក៏​កើនឡើង​ផង​ដែរ ដែល​ភាគច្រើន​បណ្ដាល​មក​ពី​កត្តា​មនុស្ស គឺ​ការ​បើកបរ​មិន​ប្រុង​ប្រយ័ត្ន មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្តាំ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កំណើន​នៃ​ការ​ប្រើប្រាស់​យានយន្ដ​កើនឡើង ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក៏​កើនឡើង​ផង​ដែរ ដែល​ភាគច្រើន​បណ្ដាល​មក​ពី​កត្តា​មនុស្ស គឺ​ការ​បើកបរ​មិន​ប្រុង​ប្រយ័ត្ន មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្តាំ បើក​ជែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ បើ​ក្នុង​ស្ថានភាព​ស្រវឹង ជាដើម ។

បើ​តាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​បង្ហាញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​២៨១​លើក កើនឡើង​១៥% បើ​ធៀប​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៦ ។

កត្តា​ធ្វើ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នេះ បើ​តាម​របាយការណ៍​បង្ហាញ​ថា ការ​បើកបរ​លឿន​មិន​ប្រយ័ត្ន មាន​៣៨% បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​២២% បើកបរ​មិន​ប្រកាន់​ស្តាំ​១៩% បើកបរ​ជែង​មិន​ពិនិត្យ​ឧបសគ្គ​៧% បើកបរ​ខ្ជីខ្ជា​ធ្វេសប្រហែស​៦% បើកបរ​ក្នុង​ករណី​ស្រវឹង ៦% និង​កត្តា​ផ្សេង​ៗ២% ។

ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរចា​រណ៍​នេះ បើ​តាម​មាត្រា​៨៥​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ចែង​ថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ បណ្តាល​ឱ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​ទៅ​១៥​លាន​រៀល និង​អាច​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែ​មួយ​ឬ​ច្រើន​ដូច​ចែង​ក្នុង​មាត្រា​៥៣​នៃ​ក្រមព្រហ្មទណ្ឌ ។

អំពើ​ល្មើស​ខាងលើ​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​ទៅ​២៥​លាន​រៀល កាលបើ​អំពើ​នេះ​បាន​ប្រព្រឹត្ត​ក្នុង​ករណី​ខាងក្រោម ៖

-​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ មាន​ប័ណ្ណបើកបរ តែ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ត ។
-​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,៤០​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០​ក្រាម​ក្នុង​១​លី​ត្រ​ឈាម​ឡើង​ទៅ ។
-​បណ្តាល​ឱ្យ​មាន​ស្លាប់​មនុស្ស​ច្រើន​នាក់ ។
-​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ក្នុង​គោលបំណង​គេចវេស​ពី​ការ​ទទួលខុសត្រូវ ។

ចំពោះ​បទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា​នេះ ទោស​បន្ថែម​ដូច​តទៅ​នេះ​អាច​ត្រូវ​បាន​ប្រកាស ៖
១- ការ​ហាមឃាត់​ចំពោះ​ការ​ប្រកប​វិជ្ជាជីវៈ កាលបើ​បទល្មើស​នេះ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​នេះ​ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល​៥​ឆ្នាំ​យ៉ាងច្រើន ។
២-​ការ​ហាមឃាត់​ចំពោះ​ការ​បើកបរ​យានយន្ត ទោះបីជា​ប្រភេទ​ណា​ក៏​ដោយ​សម្រាប់​រយៈពេល​៥​ឆ្នាំ​យ៉ាងច្រើន ។
៣-​ការ​ព្យួរ​លិខិត​បើកបរ សម្រាប់​រយៈពេល​៥​ឆ្នាំ​យ៉ាងច្រើន ។
៤-​ការ​បិទ​ផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស​សម្រាប់​រយៈពេល​២​ខែ​យ៉ាងច្រើន ។
៥-​ការ​ផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស​នៅ​ក្នុង​សារព័ត៌មាន ។
៦-​ការ​ផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍ សោត​ទស្សន៍​សម្រាប់​រយៈពេល​៨​ថ្ងៃ​យ៉ាងច្រើន ៕