ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ពន្យល់​ពី​មូលហេតុ​ដែល​ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ពង្រីក​ទីតាំង​សម្រាប់​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ពង្រីក​ទីតាំង​សម្រាប់​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ពន្យល់​ពីសារ​សំខាន់​នៃ​ការ​ត្រួតពិនិត្យ​នេះ ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឆ្លើយ​តប​ពី​បញ្ហា​នេះ​ដូច​ខាងក្រោម ៖

តើ​ហេតុ​អ្វី​ចាំបាច់​មានការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ?
តាម​លក្ខណៈ​បច្ចេកទេស​រថយន្ត​អាច​ត្រូវ​ត្រួតពិនិត្យ​ប្រចាំ​ថ្ងៃ ប្រចាំ​ស​ប្តា​ហ៍ ប្រចាំខែ ឬ​ប្រចាំឆ្នាំ ដើម្បី​ឲ្យ​ការ​បើកបរ​មាន​សុវត្ថិភាព ប៉ុន្តែ​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ ។

ការ​ឆៀករថយន្ត ជា​ការ​ធ្វើ​ឡើង​ដើម្បី​ដឹង​ថា រថយន្ត​មាន​បញ្ហា​អ្វី ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​បានដឹង​ជា​មុន និង​ធ្វើការ​ជួសជុល​តាម​ការ​ចង្អុលបង្ហាញ​របស់​មន្ត្រី​បច្ចេកទេស​បាន​បង្ហាញ ប៉ុន្តែ​ប្រសិនជា​ត្រូវ​ជួសជុល តែ​ម្ចាស់​មិន​ជួសជុល​ហើយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដាច់​កង់ ឬ​មាន​បញ្ហា​កណ្តាលផ្លូវ នោះ​ជា​រឿង​របស់​បុគ្គល មិនមែន​ជា​រឿង​របស់​ក្រសួង​នោះ​ទេ ។

តើ​ការ​ឆៀករថយន្ត​ធ្វើ​ឡើង​អនុលោម​តាម​ច្បាប់​អ្វី ?
ការ​ឆៀករថយន្ត​ធ្វើ​ឡើង​តាម​ការ​តម្រូវ​របស់​ច្បាប់ ដែល​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​បាន​ចែង​ពី​បញ្ហា​នេះ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​ជា​ចាំបាច់ ។

ក្រៅពី​សារ​ប្រយោជន៍​នៃ​ការ​ដឹង​ពី​ស្ថានភាព​យានយន្ត​របស់​ខ្លួន ការ​ឆៀក​មាន​ប្រយោជន៍​អ្វី​ដទៃ​ទៀត ?
ការ​ឆៀក​មាន​សារ​ប្រយោជន៍​ណាស់ ទី​១ ដើម្បី​ដឹង​ពី​ស្ថានភាព​រថយន្ត​របស់​ខ្លួន និង​ធ្វើការ​ជួសជុល​តាម​ស្ថានភាព​នៃ​ការ​ខូចខាត តាម​ឧបករណ៍​បច្ចេកទេស​ដែល​បាន​បង្ហាញ ។ ទី​២ សម្រាប់​ការ​បង់ពន្ធ​រថយន្ត ព្រោះ​ដើម្បី​បង់ពន្ធ​បាន ម្ចាស់​យានយន្ត​ត្រូវ​បង្ហាញ​ឯកសារ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ។ ទី​៣ វា​ជា​កាតព្វកិច្ច​ផ្លូវច្បាប់ ដើម្បី​កុំ​ឲ្យ​មានការ​ផាកពិន័យ​ពី​មន្ត្រី​មាន​សមត្ថកិច្ច ។

តើ​រថយន្ត​នីមួយ​ៗ​ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស​ប៉ុន្មាន​ដង ?
ការ​ត្រួតពិនិត្យ​យានយន្ត​ត្រូវធ្វើ​ឡើង​ពីរ​ឆ្នាំ​ម្តង សម្រាប់​យានយន្ត​ជជុះ ជា​លក្ខណៈ​គ្រួសារ និង​រថយន្ត​ធុន​ធ្ងន់ ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស​ជា​រៀង​រាល់​ឆ្នាំ ។

តើ​រថយន្ត​ថ្មី​ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស​ឬទេ ?
តាម​ច្បាប់​កំណត់ រថយន្ត​ថ្មី​មិន​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​បច្ចេកទេស​នោះ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ប្រើ​រយៈពេល​២​ឆ្នាំ​ឡើង រថយន្ត​ទាំងនោះ​ទាមទារ​ត្រួតពិនិត្យ​បច្ចេកទេស​ដូច​រថយន្ត​នានា​ផង​ដែរ ។

តើ​ការ​ចុះ​ឈ្មោះ​ត្រួតពិនិត្យ​យានយន្ត ធ្វើ​ឡើង​តាម​រូបភាព​អ្វីខ្លះ ?
ការ​ចុះ​ឈ្មោះ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ត្រូវធ្វើ​ឡើង​តាម​រយៈ​ការ​ចុះ​ឈ្មោះ​តាម​អន​ឡាញ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ហើយ​បើសិនជា​មិន​ចេះ​ចុះ​ឈ្មោះ​តាម​អន​ឡាញ​ទេ ម្ចាស់​យានយន្ត​ត្រូវ​ទៅ​កាន់​កន្លែង​ត្រួតពិនិត្យ​យានយន្ត និង​តម្រង់​ជួរ​ចាប់លេខ​រៀង​ជា​ធម្មតា ៕