ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបុក​សត្វ​ពពូលទឹក​ដ៏​កម្រ​រក​ឃើញ​នៅ​ព្រះ​វិហារ

6 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៧ ឱ្យ​ដឹង​ថា សំបុក​ពង​កូន​សត្វ​ពពូលទឹក ត្រូវ​ក្រុម​អភិរក្ស​របស់​ក្រសួង​បរិស្ថាន អង្គការ​

ខេត្តព្រះវិហារ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៧ ឱ្យ​ដឹង​ថា សំបុក​ពង​កូន​សត្វ​ពពូលទឹក ត្រូវ​ក្រុម​អភិរក្ស​របស់​ក្រសួង​បរិស្ថាន អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) និង​ប្រជា​សហគមន៍ រក​ឃើញ​ជា​លើក​ដំបូង​សម្រាប់​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ដងស្ទឹង​មេម៉ាយ​ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ ។ នេះ​គឺជា​ទីតាំង​ពង​កូន​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​គេ​រក​ឃើញ​សម្រាប់​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ ។

ពពូលទឹក​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក ខណៈ​ចំនួន​របស់​ពួក​វា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ។ ពួក​វា​មាន​រស់នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា បង់​ក្លា​ដេ​ស ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា សិង្ហ​បុរី ថៃ និង​វៀតណាម​ប៉ុណ្ណោះ ។ ចំនួន​របស់​សត្វ​ពពូលទឹក​នៅ​លើ​សាកលលោក មាន​តិច​ជាង​១.០០០​ក្បាល ក្នុង​នោះ​ដែរ​ចំនួន​សត្វ​ពពូលទឹក​តិចតួច​ណាស់ ត្រូវ​បាន​គេ​ដឹង​ថា​មាន​វត្តមាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​រស់ វ៉ា​ន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​នៃ​ក្រសួងបរិស្ថាន និង​អង្គការ WCS បាន​និយាយ​ថា​៖ «​បន្ទាប់​ពី​ធ្វើការ​អប់រំ និង​ផ្សព្វផ្សាយ​ដល់់​ប្រជា​សហគមន៍​អំពី​សត្វ​ពពូលទឹក ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​រួម​គ្នា​ជាមួយ​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ និង​សមាជិក​សហគមន៍ ដើម្បី​ស្វែងរក​ប្រភេទ​សត្វ​នេះ ។ យើង​បាន​រក​ឃើញ​ពពូលទឹក​១​ក្បាល​នៅ​លើ​សំបុក​ក្បែរ​ដងស្ទឹង​មេម៉ាយ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ ។

លោក​រស់ វ៉ា​ន់ បាន​បន្ត​ថា ៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​បាន​រក​ឃើញ​សំបុក​សត្វ​ពពូលទឹក​នេះ ពីព្រោះ​ពួក​វា​ជា​ប្រភេទ​សត្វ​កម្រ​ខ្លាំង​ណាស់​នៅ​កម្ពុជា ។ យើង​មិន​ដែល​ប្រទះ​ឃើញ​សំបុក​វា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ។ តាម​រយៈ​គម្រោង​ការពារ​សំបុក​សត្វ​ស្លាប យើង​បាន​ជួល​អ្នក​ភូមិ​ចំនួន​២​នាក់​ឱ្យ​យក និង​ការពារ​សំបុក​ពពូលទឹក​នេះ​ដើម្បី​ការពារ​កុំឱ្យ​មានការ​រំខាន និង​ហានិភ័យ​ដែល​អាច​កើត​មាន »​។

លោក​សុង ច្ទ័​សុ​ជាតិ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​និយាយ​ថា​៖ «​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព កំពុងធ្វើការ​ជាមួយ​សហគមន៍​ដែល​ជួល​ដោយ​អង្គការ WCS ដើម្បី​ការពារ និង​ត្រួតពិនិត្យ​នៅ​តាម​ប្រព័ន្ធ​ទន្លេ​ដែល​ជាទី​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​ពពូលទឹក​នេះ ។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​មន្ទីរ​បរិស្ថាន ក៏​ចុះ​ល្បាត និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​តាម​តំបន់​ទីជម្រក និង​ទីតាំង​ពង​កូន​របស់​ពពូលទឹក​ផង​ដែរ »​។

តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ដែល​រួម​បញ្ចូល​ទាំង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​ដែនជម្រកសត្វព្រៃ​ឆែប​ផង​ដែរ​នោះ គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វ​ស្លាប​ប្រភេទ​រង​គ្រោះជា​សាកល​ជា​ច្រើន​ប្រភេទ ។ សត្វ​ស្លាប​ទាំង​អស់នោះ​រួម​មាន ត្រយង​យក្ស ត្រយង​ចង្កំ​កស និង​សត្វ​ត្មាត​៣​ប្រភេទ​ដែល​សត្វ​ស្លាប​ទាំង​អស់នេះ​សុទ្ធតែ​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក សត្វ​ទាព្រៃ​ស្លាប​ស និង​ពពូលទឹក​ដែល​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ។ អង្គការ WCS កំពុងធ្វើការ​ងារ​រួម​គ្នា​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នេះ តាម​រយៈ​សកម្មភាព​អភិរក្ស​ជា​ច្រើន ។ កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប គឺជា​គម្រោង​អភិរក្ស​មួយ​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ប្រមូល​ពង​កូន​របស់​សត្វ​ស្លាប ។ តាម​រយៈ​គម្រោង​នេះ ប្រជា​សហគមន៍​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព និង​ឆែប ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ប្រសិនបើ​ពួក​គាត់​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ត្រួតពិនិត្យ ការពារ និង​យាម​សំបុក​ស្លាប សំខាន់​ៗ​រហូត​ដល់​ពេល​កូន​វា​ញាស់ ។

លោក Alistair Mould ទីប្រឹក្សាបច្ចេកទេស​ប្រចាំ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​របស់​អង្គការ WCS និយាយ​ថា «​ការ​រក​ឃើញ​នេះ​ជា​ភស្តុ​តាង​បន្ថែម​ទៀត​ដែល​បង្ហាញ​ថា​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង គឺជា​តំបន់​អភិរក្ស​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​អភិរក្ស​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក » ។

លោក​Mlistair Mould បន្ត​ទៀត​ថា​៖ «​ពពូលទឹក គឺជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក និង​ជា​ប្រភេទ​ដ៏​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ការពារ​ទីជម្រក​នៅ​តាម​មាត់ទន្លេ និង​ប្រភព​ទឹក ដូច​ជា​ស្ទឹង​មេម៉ាយ​ជាដើម ពិតជា​ចាំបាច់​ខ្លាំង​ណាស់​ដើម្បី​ធានា​ដល់​ការ​រស់រាន​នៃ​ចំនួន​នៅ​សេសសល់​របស់​វា​នៅ​កម្ពុជា​» ។

កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ទទួល​បានការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​សំ វាសនា សហភាព​អឺរ៉ុប និង  Margaret A. Cargill Philanthropies ៕