រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បានថ្លែងឲ្យដឹងថា សង្គមបច្ចុប្បន្ននេះ មនុស្សមួយចំនួនច្រើនតែរពឹសដៃខុសរឿង ទើបនាំទុក្ខទោសដល់ខ្លួនរាប់តាំងពីអតីតមេដឹកនាំបក្សប្រឆាំង និងមន្ត្រីរបស់ខ្លួន ក៏ដូចជាមនុស្សមួយចំនួនទៀតដែលចូលចិត្តបង្ហោះព័ត៌មានក្លែងក្លាយបង្កឲ្យមានចលាចលសង្គមជាដើម។ ដូច្នេះការរពឹសដៃ និងមាត់បែបនេះ គឺមានតែជាប់ខ្នោះ។
លោក សុខ ឥសាន្ត បានរៀបរាប់ក្នុងបណ្តាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃអាទិត្យនេះថា៖ «ពាក្យចាស់ពោលថា រពឹសដៃ ផ្ទៃឆ្អែត តែបច្ចុប្បន្ននេះ រពឹសដៃនាំទុក្ខដល់ខ្លូន»។ លោកបានរំលឹកដល់លោក សម រង្ស៊ី ដែលមានទម្លាប់និយាយវាយប្រហារគេឯង ទីបំផុតត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក និងបង់ប្រាក់ពិន័យ ចំណែកឯលោក ហុង សុខហូរ និងអ៊ុំ សំអាន មិនមែនរពឹងដៃទេ តែរពឹសមាត់ដូចលោក សម រង្ស៊ី ត្រូវជាប់ទោស។ អ្នកលេងហ្វេសប៊ុកមួយចំនួនរពឹសដៃទៅគម្រាមសម្លាប់សម្តេចតេជោ ហ៊ុន សែន ហើយអ្នកវិភាគនយោបាយខ្លះអផ្សុកពេកទៅចោទ សម្តេចតេជោ ថាជាឃាតករសម្លាប់លោក កែម ឡី ជាដើមសុទ្ធតែរងទុក្ខទោសពីការរពឹសមាត់ និងដៃនេះឯង។
ថ្មីៗនេះផងដែរ អ្នកលេងហ្វេសប៊ុកម្នាក់អផ្សុកពេក ទៅបង្ហោះរូបយន្តហោះធ្លាក់នៅសៀមរាប «ធ្វើឲ្យចលាចលសង្គម ត្រូវសមត្ថកិច្ចចាប់ខ្លួន»។ លោកបានបន្តថាដូចស្ត្រីម្នាក់ទៀតនៅមុនសុខទៅចាប់ក្មេងស្រីម្នាក់ជំរិតទារប្រាក់ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
លោក សុខ ឥសាន្តបញ្ជាក់៖ «ទាំងអស់ខាងលើ ជាបាតុភាពអសកម្មដែលតែងកើតនៅក្នុងសង្គម ប្រព្រឹត្តដោយជនអផ្សុកនិយម មិនមែនរពឹសដៃផ្ទៃឆ្អែតទេ តែជាក់ស្តែងបច្ចុប្បន្នរពឹសដៃ និងមាត់ជាប់ខ្នោះ»៕
ចែករំលែកព័តមាននេះ