រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ចេញពីផឹកស៊ីស្រវឹងទោរទន់ បានបើករថយន្តម៉ាកកូរ៉ូឡា ទៅបុកគូទរថយន្តកាម៉ារីឆ្លាម បណ្តាលឲ្យរងកាខូចខាតតិចតួច មិនព្រមឈប់ដោះស្រាយទេ ព្យាយាមបើករត់គេច ជ្រុលទៅបុករថយន្ត២គ្រឿងទៀត នៅផ្លូវបំបែកជាបួន បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ចំណុចផ្លូវ១៤៣កែងនឹង២៧៨ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ស បើកបរដោយនារីម្នាក់ ក្នុងស្ថានភាពស្រវឹង បានបើកទៅបុកនឹងរថយន្តម៉ាកកាមរីឆ្លាម ពីក្រោយ បណ្ដាលឲ្យរងរបួសបន្តិចបន្តួច នៅស្តុបពេទ្យចិន ហើយភ្លាមៗនោះ នារីរូបនោះ មិនបានឈប់ដោះស្រាយនោះទេ គឺព្យាយាមបើករត់គេចតាមផ្លូវ២៧៨ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ផ្លូវបំបែកជាបួន កែងនិងផ្លូវ១៤៣ ក៏ជ្រុលទៅបុកនឹងរថយន្ត២គ្រឿងទៀត ម៉ាកកាមរីឆ្លាម ពណ៌ស និងមួយគ្រឿងម៉ាក SONATA ពណ៌ទឹកប្រាក់ចាស់ ដែលកំពុងបើកបញ្ច្រាស់ទិសគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តទាំងបីគ្រឿងរងការខូចខាតខ្ទេចផ្នែកខាងមុខ បីគ្រឿងជាប់គ្នា ទៅមុខលែង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់ជិះក្នុងរថយន្តនោះទេ ។ ភ្លាមៗនោះ នារីបើករថយន្តបង្ក បានហៅបងប្អូនមកបម្រុងរំដោះចេញពីកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលអូឡាំពិក ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តកាមរីឆ្លាម ដែលរងការខូចខាតបន្តិចបន្តួច មិនបានទាមទារសំណងនោះទេគឺសុំយករួចខ្លួន ចំណែករថយន្តពីរគ្រឿងទៀត ដែលរងការខូចខាតខ្លាំង ព្រមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ